ក្រុមហ៊ុន​​លោក លី យ៉ុង​ផាត់ ឈូស​ឆាយ​ដី និង​ផ្ទះ​របស់​អ្នក​ភូមិ​អមលាំង​អស់​១​ខ្នង

បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ វាង​អ្នក​ភូមិ​អមលាំង និង​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Sugar) ដែល​ជា​ក្រុម​ហ៊ុន​របស់​លោក លី យ៉ុង​ផាត់ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គេ​មាន​ជា​ច្រើន​គ្រួសារ ប្រឈម​នឹង​ការ​បាត់​បង់​ដី​ស្រែ​របស់​ខ្លួន។

0:00 / 0:00

អ្នក​ភូមិ​អូរពន្លៅ ឃុំ​អមលាំង ស្រុង​ថ្ពង ខែត្រ​កំពង់ស្ពឺ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៩ ឧសភា ថា គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ជា​ច្រើន​គ្រឿង បាន​ឈូស​ឆាយ​ដី​ភូមិ និង​ឈូស​អស់​ផ្ទះ​អ្នក​ភូមិ ១​ខ្នង ក្រោយ​ពី​បាន​ឈូស​ដី​ស្រែ​របស់​ពួក​គាត់​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​ភូមិ​មួយ​រួប ឈ្មោះ យឹម សៀង​ហយ បាន​និយាយ​ថា គ្រឿង​ចក្រ​ក្រុម​ហ៊ុន បាន​ចាប់​ផ្ដើម​ឈូស​ដី​ភូមិ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ប៉ះ​ពាល់​លើ​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ជាង ១០​គ្រួសារ ក្នុង​នោះ​បាន​ឈូស​ជាប់​ផ្ទះ​អ្នក​ភូមិ ១​ខ្នង បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​ទៅ​ទប់​ស្កាត់​មិន​ឲ្យ​ឈូស​ឆាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​មិន​ព្រម​ឈប់​ដែរ ព្រោះ​មាន​កង​កម្លាំង​ការ​ពារ​គ្រឿង​ចក្រ ប្រមាណ ១០០​នាក់។

គាត់​មាន​ប្រសាសន៍​បន្ត​ថា ៖ «ឥឡូវ​មក​ដល់​ផ្ទះ​មីង​ខ្ញុំ​ទៀត​ហើយ តែ​គេ​មិន​ទាន់​ឈូស​ដល់ នេះ នៅ​សល់ ២០​ម៉ែត្រ ពី​ផ្ទះ​ទៅ​ឈូស​ជិត​ដល់​ហើយ គេ​ឈូស​ម្សិល​មិញ តែ​គេ​មិន​ដាក់​ទាហាន​ច្រើន តែ​ថ្ងៃ​ហ្នឹង គេ​ដាក់​ទាហាន​ច្រើន»

ស្ត្រី​ឈ្មោះ ខៀវ សុភី បាន​បញ្ជាក់​ថា កាល​ពី​ខែ​មេសា​កន្លង​ទៅ ប្រជា​ពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន បាន​ទៅ​ធ្វើ​កិច្ច​សន្យា​និង​គ្នា នៅ​សាលា​ឃុំ​អមលាំង ដោយ​ក្រុម​ហ៊ុន​បាន​កំណត់​ទុក​ដី​ភូមិ ឲ្យ​ប្រជា​ពលរដ្ឋ បណ្ដោយ ២០០​ម៉ែត្រ ពី​ខាង​ក្រោយ​ផ្ទះ មិន​ធ្វើ​ការ​ឈូស​ឆាយ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​នេះ គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន បាន​ធ្វើ​ការ​ឈូស​ឆាយ​ដី​ភូមិ​របស់​ពួក​គាត់​ទៅ​វិញ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «កាល​ពី​កាត់​កន្ទុយ​ក្រោយ​ថា ទុក​ឲ្យ​គ្នា ២០០​ហ្នឹង ឥឡូវ​ហ្នឹង មក​ឈូស​អា​២០០​ហ្នឹង​ទៀត»

តំណាង​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ លោក​ស្រី សៀង គឹម​ស៊ុន បាន​បដិសេធ​ថា គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន មិន​បាន​ឈូស​ឆាយ​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ទេ គឺ​ឈូស​ឆាយ​ដី​ព្រៃ ដែល​ជា​ដី​របស់​ក្រុម​ហ៊ុន។ លោក​ស្រី សៀង គឹម​ស៊ុន បាន​អះអាង​ថា បញ្ហា​ជម្លោះ​ដីធ្លី​កន្លង​មក រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​នោះ ក្រុម​ហ៊ុន​បាន​ដោះ​ស្រាយ​រួច​អស់​ហើយ ដោយ​មាន​ការ​ដោះ​ដូរ​ដី និង​ផ្ដល់​សំណង​ជួន​ប្រជា​ពលរដ្ឋ ក្នុង​មួយ​ហិកតារ ២៥០​ដុល្លារ។

លោក​ស្រី​មាន​ប្រសាសន៍​ថា ៖ «ចំណែក​គាត់​ឥត​មាន​នៅ​ហ្នឹង​ទេ ត្រង់​ហ្នឹង​សុទ្ធ​តែ​ដី​ព្រៃ​ទាំង​អស់​ទេ​អូន ម្ចាស់​កម្មសិទ្ធិ​គេ​បាន​ផ្ទេរ​ឲ្យ​ខ្ញុំ»

លោក​ស្រី សៀង គឹម​ស៊ុន បាន​បន្ត​ថា ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ទៅ​វិនិយោគ​នៅ​ក្នុង​ឃុំ​អមលាំង បាន​ផ្ដល់​ការ​ងារ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ទៅ​វិញ​ទេ ដែល​បច្ចុប្បន្ន​ក្រុម​ហ៊ុន​បាន​យក​អ្នក​ភូមិ​ឲ្យ​ធ្វើ​ការ​បាន​ជាង ១០០​នាក់ ហើយ​ក្រុម​ហ៊ុន​ត្រូវ​ការ​កម្មករ​ប្រមាណ ២​ម៉ឺន​នាក់​ទៀត ដើម្បី​ឲ្យ​ចូល​ធ្វើ​ការ​ផង​ដែរ។

ទោះ​បី​ជា​មាន​ការ​អះអាង​ពី​លោក​ស្រី សៀង គឹម​ស៊ុន យ៉ាង​នេះ​ក្ដី លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ កំពុង​រំលោភ​យក​ដី​ស្រែ និង​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ ពី​ព្រោះ​ក្រុម​ហ៊ុន​មិន​បាន​ចុះ​វាស់​វែង​ដី​ឲ្យ​បាន​ច្បាស់​លាស់​ទេ។

លោក​បន្ត​ថា ៖ «ប៉ុន្តែ​គាត់​គ្មាន​លទ្ធភាព​ទៅ​ជួល​ត្រាក់ទ័រ ទៅ​ឈូស​ដូច​ក្រុម​ហ៊ុន​អ៊ីចឹង អ៊ីចឹង​គាត់​ធ្វើ​ម្ដង​បន្តិចៗ ទៅ​ជួន​កាល​កន្លែង​ខ្លះ​គាត់​មិន​បាន​ធ្វើ ព្រៃ​វា​ដុះ​វិញ​អ៊ីចឹង​ទៅ ហើយ​ក្រុម​ហ៊ុន​ថា កន្លែង​ហ្នឹង​ជា​ដី​របស់​រដ្ឋ»

ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៩៩​ឆ្នាំ ពី​រដ្ឋាភិបាល កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ ដើម្បី​វិនិយោគ​ដាំ​ដើម​អំពៅ ធ្វើ​ស្ករស​លើ​ផ្ទៃ​ដី​ទំហំ ៩០៥២​ហិកតារ​។ ប៉ុន្តែ​ការ​ផ្ដល់​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​នោះ រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​ក្រុម​ហ៊ុន​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​កសិកម្ម ចុះ​សិក្សា​លំអិត​អំពី​ផល​ប៉ះ​ពាល់ និង​កាត់​ចេញ​នូវ​ដី​ទាំង​ឡាយ ដែល​ប៉ះ​ពាល់​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ។

លោក អំ សំអាត បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​មិន​បាន​ចុះ​សិក្សា និង​បង្ហាញ​ឯកសារ​ណា​មួយ​ច្បាស់​លាស់ អំពី​ផល​ប៉ះ​ពាល់​នោះ​ទេ ផ្ទុយ​ទៅ​វិញ ក្រុម​ហ៊ុន​បាន​ចុះ​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី ហើយ​ប៉ះ​ពាល់​លើ​ដី​ស្រែ​ដី​ចម្ការ និង​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ក្នុង​ឃុំ​អមលាំង ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក តែ​ពុំទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​សមរម្យ ជួន​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ៕