សាលាដំបូង​ខេត្ត​កោះកុង​កោះហៅ​តំណាង​អ្នកភូមិ​ចូល​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី

អ្នក​ភូមិ​ប្រមាណ​ជា ២០​នាក់ បាន​នាំ​គ្នា​ទៅ​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ទៅ​បំភ្លឺ​ពី​ករណី​ដីធ្លី ក្នុង​បទ​ព្រហ្មទណ្ឌ ដែល​កោះ​ហៅ​ដោយ​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ឧសភា ដោយ​គ្រាន់​តែ​តំណាង​រូប​នេះ ជួស​ជុល​ផ្ទះ​លើ​ដី ដែល​ពុំទាន់​មាន​ការ​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​នោះ។

ស្ត្រី​ម្នាក់​ជា​តំណាង​ពលរដ្ឋ ៣១​គ្រួសារ ក្នុង​ឃុំ​ជីខក្រោម ខេត្ត​កោះកុង ដែល​ពាក់​ព័ន្ធ​បញ្ហា​ដីធ្លី បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​បទ​ព្រហ្មទណ្ឌ តាម​ដីកា​កោះ​ដោយ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កោះកុង តាម​ពាក្យ​ប្ដឹង​របស់​បុរស​ជា​ឈ្មួញ​ម្នាក់ ដែល​ជា​ដើម​ចោទ។

អ្នក​ស្រី ផាវ ញ៉ើង រស់​នៅ​ភូមិ​ព្រែក​ជីក ឃុំ​ជីខក្រោម ជា​តំណាង​ប្រជា​ពលរដ្ឋ ៣១​គ្រួសារ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ឧសភា ថា អ្នក​ស្រី​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ របស់​តុលាការ​ខេត្ត​ជា​លើក​ទី​២ ក្នុង​សំណុំ​រឿង​លេខ​៦៥ ចុះ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១០ ពី​បទ​ព្រហ្មទណ្ឌ ដែល​ធ្វើ​ការ​សាក​សួរ​ដោយ​ព្រះ​រាជ​អាជ្ញា តុប ឈុនហេង ដែល​មាន​ឈ្មោះ ហេង ហុយ ជា​ដើម​បណ្ដឹង។

អ្នក​ស្រី​បន្ត​ថា អស់​រយៈ​ពេល​ជិត ២​ម៉ោង នៃ​ការ​សាកសួរ អ្នក​ស្រី​បាន​បង្ហាញ​ឯកសារ និង​លិខិត​បញ្ជាក់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ពី​អាជ្ញាធរ​ឃុំ និង​សាល​ក្រម​ស្ថាពរ ដែល​ចេញ​ដោយ​តុលាការ​កំពូល សម្រេច​ប្រគល់​ដី នៅ​ឯ​ភូមិ​ឈូក ឃុំ​ជីខលើ ប្រគល់​ឲ្យ​លោក ហេង ហុយ ពុំ​មាន​ពាក់​ព័ន្ធ​ដី​ពួក​គាត់​កំពុង​រស់​នៅ​នេះ​ឡើយ។ ក៏​ប៉ុន្តែ​បែរ​ជា​លោក ហេង ហុយ ប្ដឹង​ពួក​គាត់​នៅ​ឃុំ​ជីខក្រោម​ទៅ​វិញ។

អ្នក​ស្រី ផាវ ញ៉ើង មាន​ប្រសាសន៍ ៖ «ដី​ពួក​ខ្ញុំ​មាន​លិខិត​បញ្ជាក់ តែ​ដី​មេ​ឃុំ​ជីខក្រោម​ទេ អត់​ដែល​មាន​មេ​ឃុំ​ជីខលើ​បញ្ជាក់​ឲ្យ​ពួក​ខ្ញុំ​រស់​នៅ​ហ្នឹង​ទេ ហើយ​គាត់​ចោទ​ថា ខ្ញុំ​រស់​នៅ​ឃុំ​ជីខលើ ខ្ញុំ​អត់​សុខ​ចិត្ត​ទេ។ខ្ញុំ​បាន​បង្ហាញ​ពី​សាលក្រម​ស្ថាពរ​សម្រេច​ឲ្យ​ដី​ភូមិ​ឈូក ឲ្យ​ទៅ​ជីខលើ ឲ្យ​ទៅ​គាត់​ទាំង​អស់ ហើយ​និង​ការ​សួរ​ឆ្លើយ​របស់​ខ្ញុំ គឺ​មាន​ឯកសារ​ទាក់​ទង​តែ​ឃុំ​ជីខក្រោម​ទេ»

ព្រះ​រាជ​អាជ្ញា​អម​តុលាការ​ខេត្ត​កោះកុង លោក តុប ឈុនហេង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ជុំវិញ​ការ​កោះ​ហៅ​តំណាង​ប្រជា​ពលរដ្ឋ ពី​បទ​ព្រហ្មទណ្ឌ​នោះ។

ស្ត្រី​អ្នក​ភូមិ​ជីខក្រោម​ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ប្រមាណ​ជា ២០​នាក់ ដែល​បាន​ទៅ​តាម​មើល គាំទ្រ​តំណាង​របស់​ខ្លួន ឈ្មោះ ឈឹម ឈាវ ដែល​ទៅ​រង់ចាំ​នៅ​មុខ​តុលាការ​បាន​អះ​អាង​ថា ប្រជា​ពលរដ្ឋ​មក​មុខ​តុលាការ ដើម្បី​គាំទ្រ និង​ធ្វើ​ជា​សាក្សី ជា​មួយ​គ្នា​នោះ ពួក​គាត់​ក៏​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​មាន​ការ​ឃាត់​ខ្លួន​តំណាង​របស់​គាត់​ដែរ។

ទាក់​ទង​បញ្ហា​នេះ អ្នក​ស្រី នី សោ​ភណ្ឌ​នារី មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ មាន​ប្រសាសន៍​ថា កូន​ក្ដី​របស់​អ្នក​ស្រី បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​បទ​ចោទ ពី​បទ​ព្រហ្មទណ្ឌ ដែល​ដើម​ចោទ គឺ​លោក ហេង ហ៊ុយ បាន​ប្ដឹង​កូន​ក្ដី​របស់​គាត់​ថា បាន​សាង​សង់​ផ្ទះ​លើ​ដី​កម្មសិទ្ធិ​របស់​គេ។ ក៏​ប៉ុន្តែ​កូន​ក្ដី​របស់​អ្នក​ស្រី បាន​ជួស​ជុល​ផ្ទះ​នៅ​លើ​សសរ​ចាស់ ស្ថិត​នៅ​ក្នុង​ឃុំ​ជីខក្រោម ពុំ​មែន​ជា​ទី​តាំង ដែល​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​សម្រេច​ប្រគល់​ឲ្យ​លោក ហេង ហុយ នៅ​ឯ​ឃុំ​ជីខលើ​នោះ​ទេ។

អ្នក​ភូមិ​ចំនួន ៣១​គ្រួសារ នៅ​ភូមិ​ព្រែក​ជីក ឃុំ​ជីខក្រោម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​បុរស ជា​ឈ្មួញ​ពីរ​នាក់ គឺ​លោក ហេង ហ៊ុយ និង​លោក សុខ ហុង ទៅ​តុលាការ​ខេត្ត ដោយ​ស្នើ​សុំ​កាន់​កាប់ និង​គ្រប់​គ្រង​ដី​ជាង ១០០​ហិកតារ​នោះ​វិញ ដោយសារ​តែ​លោក ហេង ហ៊ុយ និង​លោក សុខ ហុង ប្ដឹង​គ្នា​ដណ្ដើម​ដី​របស់​អ្នក​ភូមិ​ទៅ​វិញ​ទៅ​មក ដល់​តុលាការ​កំពូល។ ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០០៩ ព្រះ​រាជ​អាជ្ញា​ខេត្ត​កោះកុង បាន​មក​ប្រកាស​សាលក្រម​ស្ថាពរ ដែល​ចេញ​ដោយ​តុលាការ​កំពូល ប្រគល់​ដី​របស់​អ្នក​ភូមិ ឲ្យ​អ្នក​ទាំង​ពីរ​នោះ។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​បាន​បដិសេធ មិន​ឲ្យ​មាន​ការ​វាស់​វែង ដោយសារ​តែ​សាលក្រម​ស្ថាពរ​នោះ​ជាន់​ដី​ពួក​គេ។ តុលាការ​កំពូល​ក៏​បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង ទៅ​តុលាការ​ខេត្ត ដើម្បី​ឲ្យ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ឡើង​វិញ ក៏​ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ការ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ៕