បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​អម​លាំង​ខែត្រ​កំពង់​ស្ពឺ មិន​ទាន់​មាន​ដំណោះ​ស្រាយ

ក្រុមប្រជា​ពលរដ្ឋ​នៅ​ភូមិ​អូរ​ពន្លៅ ឃុំ​អម​លាំង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មេសា​ថា ត្រាក់ទ័រ​របស់​ក្រុម​ហ៊ុន​ចំនួន ៣​គ្រឿង បាន​បន្ត​ការ​ឈូស​ឆាយ​ដី​ស្រែ និង​ដី​ភូមិ​របស់​ពួក​គាត់​នៅ​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ពី​ផ្ទះ។

0:00 / 0:00

អ្នក​ភូមិ​មួយ​រួប​បាន​និយាយ​ថា បន្ទាប់​ពី​តុលាការ​ដោះ​លែង​អ្នក​ភូមិ​ពីរ​រួប​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​កាល​ពី​ពេល​ថ្មី​ៗ នេះ​មក អាជ្ញាធរ​ខែត្រ-ស្រុក មិន​បាន​រក​ដំណោះ​ស្រាយ​ជួន​អ្នក​ភូមិ​ឡើយ រីឯ​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន នៅ​តែ​បន្ត​ការ​ឈូស​ឆាយ​ដី ដោយ​ដាក់​កង​កម្លាំង​ទាហាន​ប្រមាណ ៣០​នាក់ យាម​ត្រាក់ទ័រ ៖ «ព្រឹម​មិញ​នេះ គេ​ឈូស​ដល់​របង​ផ្ទះ​ទៀត។ ដល់​ប្រជា​ពលរដ្ឋ​ទៅ​ឃាត់​ទៅ គេ​ថា​ឈូស​តម្រង់​ព្រំ។ ទម្រង់​ព្រំ​មក​បុក​របង​ប្រជា​ពលរដ្ឋ»

ស្ត្រី​មួយ​រួប​ទៀត ដែល​ត្រាក់ទ័រ​បាន​ឈូស​ដី​មក​ដល់​ក្រោយ​ផ្ទះ​របស់​គាត់​នោះ បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ មេសា​នេះ ត្រាក់ទ័រ​ចំនួន​បី​គ្រឿង បាន​ឈូស​ដី​ប៉ះ​លើ​របង​ដី​របស់​គាត់ ប៉ុន្តែ​អ្នក​ភូមិ​បាន​លើក​គ្នា​ទៅ​ហាម​ឃាត់​ទាន់។ ស្ត្រី​រួប​នេះ​សុំ​អំពាវ​ទៅ​អាជ្ញាធរ ក៏​ដូច​ជា​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​នេះ​ឲ្យ​បាន​ឆាប់ បើ​មិន​ដូច្នោះ​ទេ អ្នក​ភូមិ​នឹង​បាត់​បង់​ដី​ស្រែ​ជា​មិន​ខាន។

តំណាង​ក្រុមហ៊ុន ភ្នំពេញ Sugar លោក​ស្រី ឈាង គឹមស៊ុន បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​បើក​ចំហ​រាល់​ថ្ងៃ​ក្នុង​ការ​ទទួល​ការ​ដោះ​ស្រាយ​ជា​មួយ​ប្រជា​ពលរដ្ឋ ប៉ុន្តែ​លោក​ស្រី​បាន​អះ​អាង​ថា រឿង​ដោះ​ស្រាយ​ថា​យ៉ាង​ណា​នោះ ភាគី​ក្រុមហ៊ុន​មិន​ដឹង​ទេ គឺ​អាជ្ញាធរ​ខែត្រ មាន​តួ​នាទី​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ដី​ជម្លោះ​នេះ ៖ «សម្រប​សម្រួល​រៀង​រាល់​ថ្ងៃ​ហ្នឹង នេះ​ជា​កាតព្វកិច្ច​របស់​ស្រុក​ខេត្ត​ឃុំ ក្រុមហ៊ុន​គ្រាន់​តែ​ចូល​រួម​តិច​តួច​ទេ»

អភិបាល​ស្រុក​ថ្ពង លោក ទួន សុង ក៏​ដូច​ជា​អភិបាល​រង​ខែត្រ​កំពង់ស្ពឺ លោក ប៉ែន សំបូរ មិន​បាន​ធ្វើ​ការ​អធិប្បាយ​អំពី​ករណី​នេះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក សំអាត បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន កំពង់​ស្ពឺ Sugar គឺ​បាន​រំលោភ​យក​ដី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ហើយ​ក្រុមហ៊ុន​ក៏​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​វិនិយោគ​នោះ​ដែរ ៖ «ក្រុមហ៊ុន​សារ​ជា​ស្រប​ច្បាប់​បាន លុះត្រា​តែ​មាន​កិច្ចសន្យា​ចុង​ក្រោយ ប៉ុន្តែ​ឥឡូវ​យើង​ឥត​ទាន់​ឃើញ​ទេ ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ ហើយ​នឹង​បំពេញ​បែប​បទ​ឯកសារ​ផ្សេងៗ​ទៀត។ ផ្ទុយ​ទៅ​វិញ យើង​ឃើញ​ក្រុមហ៊ុន​ចាប់​ផ្ដើម​វិនិយោគ ធ្វើ​ដូច​ជា​ខ្លួន​ហ្នឹង​ទទួល​ភាព​ពេញលេញ ស្រប់​ច្បាប់​រួច​ទៅ​ហើយ។ នេះ​ហើយ​ជា​ទង្វើ​ខុស​ផ្លូវ​ច្បាប់»

កាល​ថ្ងៃ​ទី​២៤ មិនា​កន្លង​ទៅ អ្នក​ភូមិ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​តុលាការ​ខែត្រ​កំពង់ស្ពឺ​ចាប់​ខ្លួន នៅ​ខណៈ​ដែល​តុលាការ​កោះ​ហៅ​សាក​សួរ​គឺ​ឈ្មោះ យូ ថូ និង​ឈ្មោះ ឃឹម វុទ្ធី។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ចោទ​ថា ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា សម​គំនិត បង្ក​អគ្គិភ័យ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

កាល​ពី​ថ្ងៃ​ទី​២៩ លោក យូ ថូ និង លោក ឃឹម វុទ្ធី ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​វិញ បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ​ ៦០០​នាក់ បាន​ទាមទារ​ឲ្យ​ដោះ​លែង ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៤។

ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា បើ​សិន​ជា​អាជ្ញាធរ ឬ​ក្រុមហ៊ុន​មិន​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​សម​ស្រប​ទេ​នោះ ពួក​គេ​នៅ​តែ​រារាំង​ត្រាក់ទ័រ​ក្រុមហ៊ុន​មិន​ឲ្យ​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​នោះ​ទេ។

ទាក់ទង​ជា​មួយ​បញ្ហា​ត្រាក់ទ័រ​បន្ត​ឈូស​ឆាយ​នេះ លោក អ៊ំ សំអាត ពី​អង្គការ​លីកាដូ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ខ្លាច​អ្នក​ភូមិ​ទ្រាំ​នឹង​ការ​ឈឺចាប់​មិន​បាន​នោះ ហើយ​ប្រើ​អំពើ​ហិង្សា​ម្ដង​ទៀត៕