កម្ពុជា​-ថៃ​អាច​នឹង​ជួប​គ្នា​ពី​បញ្ហា​ព្រំដែន​ក្នុង​ខែ​មករា ២០០៩

មន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-ថៃ គ្រោង​នឹង​អាច​ជួប​គ្នា​ពី​រឿង​ព្រំដែន​នា​ដើម​ឆ្នាំ​ក្រោយ​នេះ។

មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹង​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-ថៃ​មាន​គម្រោង​នឹង​ជួប​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​ជា​បន្ត​ទៅ​ទៀត នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០០៩ បន្ទាប់​ពី​ការ​ជួប​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ត្រូវ​បាន​ជាប់​គាំង​មួយ​រយៈ​ដោយសារ​វិបត្តិ​នយោបាយ​នៅ​ថៃ​និង​មាន​ការ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​មក។

ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​ធ្នូ​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​ថៃ​តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ ថា ឯកសារ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​ធ្លាប់​បាន​ជជែក​គ្នា​ស្ដីពី​ព្រំដែន​សំខាន់ៗ​កន្លង​មក រដ្ឋាភិបាល​ថៃ​ថ្មី​គ្រោង​នឹង​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ឲ្យ​ទទួល​យក​និង​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​រដ្ឋ​សភា ដែល​គ្រោង​នឹង​ជួប​ប្រជុំ​នៅ​ចុង​ខែ​មករា ឆ្នាំ​២០០៩​ខាង​មុខ​នេះ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ទៀត​ថា កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​រវាង​កម្ពុជា​-ថៃ នៅ​លើក​ក្រោយ គ្រោង​នឹង​ធ្វើ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ ដោយ​នៅ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​ថៃ​ដាក់​ឯកសារ​មួយ​ចំនួន​ឆ្លង​សភា​សិន។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប្រជុំ​គណៈកម្មការ​ព្រំដែន​គោក​លើក​ក្រោយ គឺ​ធ្វើ​នៅ​ប្រទេស​ថៃ ចំណែក​ឯ​ការ​ធ្វើ​លើ​ដី​ជាក់​ស្ដែង​គឺ​ធ្វើ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​តែ​ម្ដង ប៉ុន្តែ​ថ្ងៃ​ខែ​យើង​មិន​ទាន់​អាច​ថា នៅ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ»

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា លោក​មិន​ទាន់​ហ៊ាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​គ្រោង​ជួប​ប្រជុំ​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ថា យ៉ាង​ណា​នោះ​ទេ ព្រោះ​តាម​ទស្សនៈ​របស់​លោក លោក​ពុំ​ទាន់​ដឹង​ច្បាស់​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ថៃ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ថៃ​មាន​រដ្ឋាភិបាល​មួយ​តាម​ច្បាប់​ត្រឹមត្រូវ​ដែល​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នេះ​មាន​លទ្ធភាព​ធ្វើការ​បន្ត​ជាមួយ​កម្ពុជា។

កាល​ពី​ពេល​ថ្មី​ៗ រដ្ឋមន្ត្រី​ការបរទេស​ថៃ​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក កាស៊ីត ភិរុម បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថៃ បន្ទាប់​ពី​ពិធី​ទទួល​តំណែង ថា លោក​នឹង​ខិតខំ​រក​វិធានការ​ជា​គោលការណ៍​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា លោក ហោ ណាំហុង ធ្លាប់​បាន​ទាមទារ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី​៣ នៅ​ឯ​ខេត្ត​សៀមរាប ស្ដីពី​ការ​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ដោយ​ទាមទារ​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ​ពី​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កម្ពុជា​យើង​បាន​ស្នើ​ឲ្យ​[ថៃ]​ដក​ទ័ព​ចេញ​ពី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ដក​ពី​តំបន់​ជុំវិញ​វត្ត ដក​ពី​តំបន់​ជិត​វត្ត មាន​ន័យ​ថា វា​ទៅ​ឆ្ងាយ​ជាង​ជុំវិញ​ហ្នឹង​ទៀត។ ការ​ដក​ទ័ព​នេះ យើង​ថា ពេល​ណា​សភា​ថៃ​បាន​អនុម័ត​លើ​ការ​ព្រមព្រៀង​ហ្នឹង​ហើយ យើង​នឹង​ចាប់​ដក»

ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​នា​បច្ចុប្បន្ន​នេះ ត្រូវ​បាន​កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​តា​ទុំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ កង​រក្សា​ព្រំដែន​ខ្មែរ​កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយសារ​តែ​ថៃ​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្បែរ​ៗ​នោះ៕