សហគមន៍​ព្រៃ​ឈើ​បារម្ភ​ខ្លាច​បាត់​ព្រៃ​ឈើ​សម្រាប់​លក់​កាបូន​ទៅ​ឲ្យ​អន្តរជាតិ

សហគមន៍​ការពារ​ព្រៃ​ឈើ​ចំនួន​២ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​ព្រួយ​បារម្ភ​ថា ព្រៃ​ឈើ​សម្រាប់​លក់​កាបូន​ទៅ​ឱ្យ​អន្តរជាតិ អាច​នឹង​បាត់បង់​ផ្នែក​ខ្លះ ដោយ​សារ​តែ​ទាហាន​ព្យាយាម​យក​ដី​ជា​ច្រើន​ហិកតារ ធ្វើ​ជា​មូលដ្ឋាន​កងទ័ព ដើម្បី​ការពារ​ព្រំដែន។

0:00 / 0:00

កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា តំណាង​សហគមន៍​ព្រៃ​ឈើ​ទីនោះ បាន​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​រដ្ឋសភា និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ឱ្យ​ជួយ​រក​ដំណោះស្រាយ និង​ឱ្យ​កង​ទាហាន​បាន​ប្ដូរ​មូលដ្ឋាន​យោធា ចេញ​ពី​តំបន់​ព្រៃ​សហគមន៍​នោះ។

តើ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ព្រៃ​ឈើ យល់​ឃើញ​យ៉ាង​ណា ចំពោះ​ការ​ទាម​ទារ​របស់​សហគមន៍​នោះ?

សហគមន៍​ការពារ​ព្រៃ​ឈើ​ដុងបេង នៅ​ក្នុង​ភូមិ​ពោធិ៍​ចាស់ និង​សហគមន៍​អណ្ដូង​បរ នៅ​ក្នុង​ភូមិ​កន្ទុយ​ជូន នៃ​ទឹក​ដី​ឃុំ​បេង ស្រុក​បន្ទាយអំពិល កំពុង​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូល និង​រដ្ឋាភិបាល ដើម្បី​ការពារ​ព្រៃ​ឈើ នៅ​ក្នុង​តំបន់​ពួក​គេ ចំនួន​ប្រមាណ​ជាង​៧.៩៥០​ហិកតារ ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង។

ព្រៃ​ឈើ​ទាំង​នោះ គឺ​មាន​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​និរន្តរភាព នៃ​បរិស្ថាន​ជាតិ ព្រម​ទាំង​បាន​លក់​ឥណទាន​កាបូន ទៅ​ឱ្យ​អន្តរជាតិ​ទៀត​ផង។ ក៏ប៉ុន្តែ កង​ទាហាន​ដែល​បញ្ជូន​ឱ្យ​ទៅ​ការពារ​ព្រំដែន បាន​ព្យាយាម​យក​ដី​ផ្នែក​ខ្លះ នៃ​ព្រៃ​សហគមន៍ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​យោធា ក្នុង​រយៈពេល​ជាង​៧ខែ​មក​នេះ។

លោក ទួក វឿម គឺ​ជា​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​អណ្ដូង​បរ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​ទៅ សហគមន៍​របស់​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​រដ្ឋសភា និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ សហគមន៍​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ឈើ នៅ​ពេល​ដែល​ឃើញ​កង​យោធា​បាន​សង់​សំណង់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផ្ទៃដី​ខ្លះ​របស់​តំបន់​ការពារ​ព្រៃ​ឈើ​នោះ៖ «ដាក់​ហ្នឹង ខ្ញុំ​ចង់​ទាម​ទារ​សុំ​ឱ្យ​ដក​កងទ័ព​ពី​ព្រៃ​សហគមន៍។ ឃើញ​ថា បើ​សិន​ណា​ជា​ឱ្យ​កងទ័ព​នៅ​លើ​ដី​ព្រៃ​សហគមន៍ ពិបាក​ក្នុង​ការ​គ្រប់គ្រង ចេញ​ចូល​យប់​ថ្ងៃ​មិន​ងាយ»

អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ទាក់​ទង​នឹង​ឥណទាន​កាបូន ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នោះ​ដែរ។

លោក យាង ដូណាល់ ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​ឥណទាន​កាបូន របស់​អង្គការ​ផាក កម្ពុជា (Pact Cambodia) ដែល​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃ​សហគមន៍​ទីនោះ បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​បាន​ពិនិត្យ​ឃើញ​ផ្នែក​ខ្លះ នៃ​ព្រៃ​សហគមន៍ គឺ​មាន​កង​ទាហាន​ចូល​ទៅ​បោះ​ទីតាំង​មែន។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ ខ្លាច​បាត់បង់​ព្រៃ​ឈើ​នៅ​ទីនោះ​ដែរ៖ «កាល​ណា​យើង​ធ្វើ​គម្រោង​ឥណទាន​កាបូន យើង​ត្រូវ​ការ​ឱ្យ​ព្រៃ​ឈើ​ហ្នឹង​កើន​ឡើង ហើយ​វា​ទាក់​ទង​នឹង​បញ្ហា​ការពារ​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស ដើម្បី​យើង​យក​ឥណទាន​កាបូន សម្រាប់​លក់​ទៅ​ឱ្យ​អន្តរជាតិ។ ប្រសិន​បើ​យើង​បាត់បង់​ព្រៃ​ឈើ​មួយ​ចំនួន​ហ្នឹង អាច​ចំនួន​កាបូន​ដែល​យើង​ទទួល​បាន​លក់​រាល់​ថ្ងៃ​ហ្នឹង វា​អាច​ថយ​ចុះ»

អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​យល់​ឃើញ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ វា​មាន​ពីរ​​ជម្រើស គឺ​ទី១ រដ្ឋាភិបាល​អាច​រក​កន្លែង​ថ្មី​ដែល​នៅ​ជិតៗ​នោះ ឱ្យ​កង​ទាហាន​បោះ​ទីតាំង​ផ្សេង​ពី​តំបន់​ព្រៃ​សហគមន៍។ ទី២ ប្រសិន​បើ​រដ្ឋាភិបាល​យល់​ថា កន្លែង​ព្រៃ​សហគមន៍​នោះ គឺ​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់ មិន​អាច​ដក​ចេញ​បាន​ទេ គឺ​ត្រូវ​ផ្លាស់​ប្ដូរ​តំបន់​សហគមន៍​ព្រៃ​ឈើ ទៅ​កាន់​កន្លែង​មួយ​ដែល​មាន​សក្ដានុពល ដោយ​បាន​ចុះ​សិក្សា​ត្រឹមត្រូវ​ណា​មួយ។

ទោះ​យ៉ាង​ណា លោក ឃុន សុភា ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផល​ប៉ះពាល់​ព្រៃ​សហគមន៍​នោះ​ជាច្រើន​លើក ហើយ​កំពុង​ប្រឹងប្រែង​ដោះស្រាយ​រឿង​នោះ។

កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០០៩ សហគមន៍​ដុងបេង និង​អណ្ដូង​បរ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល ដោយ​ទទួល​ការពារ​ព្រៃ​ឈើ​២​កន្លែង ទំហំ​ជាង​៧.៩៥០​ហិកតារ ដើម្បី​ឱ្យ​ប្រជា​សហគមន៍​ទីនោះ បាន​ទទួល​ប្រយោជន៍​ពី​អនុផល​ព្រៃ​ឈើ និង​រួម​គ្នា​ថែ​រក្សា​ឱ្យ​មាន​និរន្តរភាព​ផង។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ​ដុងបេង និង​អណ្ដូង​បរ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ទៅ​លើ​ផល​ប៉ះពាល់​ព្រៃ​ឈើ ដោយ​សារ​យោធា​ព្យាយាម​ចូល​ទៅ​បោះ​ទីតាំង​កងទ័ព​នោះ។ កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ សហគមន៍​ការពារ​ព្រៃ​ឈើ​ទាំង​ពីរ ធ្លាប់​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្ដូរ​មូលដ្ឋាន​យោធា​ចេញ​ពី​តំបន់​ព្រៃ​សហគមន៍​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។