រដ្ឋលេខាធិការក្រសួងការបរទេស គឺលោក ឡុង វិសាឡូ បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារ ទី៣ មីនានេះ ថា លោកមិនជឿថានៅស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបងនោះមានការបង្ខិតព្រំដែនពីភាគីថៃចូលកម្ពុជានោះទេ។
លោក ឡុង វិសាឡូ បានឲ្យដឹងថា ៖ «៧៣បង្គោលដែលបារាំងបោះមក យើងធ្វើបន្ត ពាក់កណ្ដាលឆ្នាំ២០០៣ យើងធ្វើនៅកន្លែងហ្នឹង ឯកភាពជាមួយភាគីថៃទទួលស្គាល់បង្គោលណា រឿងបង្គោលចប់អស់ហើយ។ ខ្ញុំមិនជឿថាមានការបង្ខិតបង្គោលអីទេ ពីព្រោះអ្នកបច្ចេកទេសគណៈកម្មការព្រំដែនបានចុះទៅទាំងអស់គ្នា ទៅពិនិត្យមើល ធ្វើចប់អស់ហើយកន្លែងម្ដុំហ្នឹង។ បញ្ហាទី២ ពាក់ព័ន្ធនឹងបញ្ហាផែនទីដែលយើងចុះទៅហ្នឹង យើងប្រើផែនទីខ្នាតមួយ២០០ពាន់របស់គណៈកម្មការបារាំង-សៀម ១៩០៧-១៩០៨ ផែនទីនេះមួយទេដែលយើងទទួលស្គាល់ជាផ្លូវការនូវខ្សែព្រំដែនរវាងកម្ពុជានិងសៀម។ ហើយតាមរយៈ MOU ឆ្នាំ២០០០ ក៏យើងបញ្ជាក់អំពីផែនទីដែលធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀមដែរ ដូច្នេះដល់គេទៅយកផែនទី១៩៦១ ខ្ញុំមិនអាចទទួលខុសត្រូវបានទេ»។
សូមជម្រាបថា កាលពីថ្ងៃទី១ មីនា គឺមេបញ្ជាការវរសេនាតូចការពារព្រំដែន៨១៧ លោក ស្រី សុខន បានឲ្យវិទ្យុអាស៊ីសេរីដឹងថា កងកម្លាំងរដ្ឋាភិបាលខ្មែរបានប្រើប្រាស់ផែនទីកម្ពុជាឆ្នាំ១៩៦១ ពិនិត្យមើលរកឃើញថា ភាគីថៃបានបង្ខិតបង្គោលព្រំដែនចូលលើទឹកដីខ្មែរមានកន្លែងខ្លះចូល៤០ម៉ែត្រ កន្លែងខ្លះចូល៧០ម៉ែត្រ និងកន្លែងខ្លះទៀតចូល១៥០ម៉ែត្រនៅភូមិសាស្រ្តព្រំដែនស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានសួរថា តើបញ្ហាដែលថា មេបញ្ជាការវរសេនាតូចការពារព្រំដែនដែលបានលើកឡើងថាថៃបានបង្ខិតព្រំដែនចូលទឹកដីកម្ពុជានោះ ថារឿងនោះមិនពិតឬយ៉ាងណា?។
លោក ឡុង វិសាឡូ បានមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំមិននិយាយ ខ្ញុំអត់ដឹងរឿង ព្រោះបើសិនណាជាប៉ូលិសឬទាហាននៅព្រំដែនឃើញការបង្ខិតចូល គេគួរណាស់តែរាយការណ៍ឡើងមកក្រសួងមហាផ្ទៃ ឬចូលមកគណៈកម្មការព្រំដែនដើម្បីយើងដឹង ចុះបើគេអត់រាយការណ៍ គ្រាន់តែនិយាយខ្ញុំម៉េចនឹងដឹង?»។
យោងតាមរបាយការណ៍វរសេនាតូចការពារព្រំដែន៨១៧បានបញ្ជាក់ឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដឹងថា ថៃបានបង្ខិតបង្គោលព្រំដែនតាមបន្ទាត់ផ្តេកចាប់ពីខាងកើតមានកន្លែងខ្លះរំលោភចូល៤០ម៉ែត្រ កន្លែងខ្លះ៧០ម៉ែត្រ និងកន្លែងខ្លះទៀត១៥០ម៉ែត្រ គិតបន្ទាត់បញ្ឈរពីខាងជើងទៅត្បូងមានប្រវែង៣២៥០ម៉ែត្រចូលមកលើទឹកដីខ្មែរ ហើយថៃបានធ្វើផ្លូវកៅស៊ូកាត់លើទឹកដីខ្មែរនៅចំណុចភ្នំតាលួសនិងភ្នំបើកត្បាល់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ស្រុកខ្លងហាត ខេត្តស្រះកែវនៃប្រទេសថៃ៕