ជួនកាលទំនាស់ដីបានក្លាយទៅជារឿងនយោបាយ ដែលឈានទៅដល់ការចោទប្រកាន់ថា បង្កើតតំបន់អបគមន៍ក៏មាន។ ឧទាហរណ៍ ដូចជាករណីទំនាស់នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត និងថ្មីៗនេះនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ជាដើម។ ប្រជាពលរដ្ឋជាច្រើនមិនយល់ពាក្យថា អបគមន៍នេះទេ។
តើអត្ថន័យពិតនៃតំបន់អបគមន៍ មានលក្ខណៈ និងរូបភាពយ៉ាងណាខ្លះ?
ក្នុងវចនានុក្រមខ្មែរសម្ដេច ជួន ណាត ពាក្យថា "អបគមន៍" មានអត្ថន័យថា ជាសេចក្តីព្រាត់ប្រាសគ្នា ឬជាការបែកចេញពីគ្នា។
លោក សុខ ទូច អ្នកវិភាគនយោបាយ ក៏បានពន្យល់អត្ថន័យនៃពាក្យអបគមន៍នេះដែរ។ លោកបកស្រាយថា តំបន់អបគមន៍ គឺមានន័យថា ជាតំបន់មួយស្វយ័ត មានទាំងកងទ័ព ទាំងសេដ្ឋកិច្ច ដើម្បីផ្តាច់រដ្ឋ ឬហៅឲ្យស្រួលស្តាប់ គឺផ្តាច់រដ្ឋក្នុងរដ្ឋ។ ការបង្កើតតំបន់អបគមន៍ គឺជាការបង្កើតរដ្ឋមួយ មានរដ្ឋាភិបាល ទោះជារដ្ឋាភិបាលមិនស្របច្បាប់ ឬជារដ្ឋាភិបាលស្រមោលក៏ដោយ។ ការបង្កើតតំបន់អបគមន៍នោះសោត ជាការចង់បង្កើតបដិវត្តកន្លែងរដ្ឋប្រហារ ទៅលើរបបមួយដែលកើតឡើង ដោយខ្លួនមិនពេញចិត្ត។
ចំពោះរឿងតំបន់អបគមន៍ នៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ វិញ រដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់អ្នកភូមិនៅតំបន់នោះថា បានបង្កើតតំបន់អបគមន៍ ក្រោយពីអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកាស៊ូទីម។ ក្រោមបទចោទប្រកាន់បង្កើតតំបន់អបគមន៍ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។

កាលពីចុងឆ្នាំ២០០៥ រដ្ឋាភិបាលក៏ធ្លាប់ចោទប្រកាន់ស្រដៀងគ្នា ចំពោះអ្នកភូមិជាង ២ពាន់គ្រួសារ រស់នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត ថាបានបង្កើតតំបន់អបគមន៍ដូចគ្នាទៅនឹងអ្នកភូមិនៅភូមិប្រម៉ា ដែរ។
ដោយឡែកនៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត អ្នកភូមិមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន សែន សុវណ្ណដេត ដ៏រ៉ាំរ៉ៃរហូតអ្នកភូមិធ្វើប៉ារ៉ាសការពារច្រកចេញចូល មានសេនាជនយាម ការឆែកលិខិតស្នាម និងរារាំងមិនឲ្យមនុស្សចំណូលថ្មីចូលទៅក្នុងតំបន់នោះ ក្រៅតែពីមន្ត្រីអង្គការ សង្គមស៊ីវិល។
ដូចលោក ប៊ុន រដ្ឋា មេខ្លោងនៅភូមិប្រម៉ា ដែរ អ្នកស្រី ស សុគន្ធា ត្រូវបានជាប់ពន្ធនាគារនៅខេត្តកំពត រហូតដល់សព្វថ្ងៃ ក្រោមបទចោទប្រហាក់ប្រហែលគ្នាថា បានបង្កើតតំបន់អបគមន៍។
ក្នុងរយៈពេលជិត ៧ឆ្នាំ មានបរិបទថ្មី២ ដែលរដ្ឋាភិបាលចោទអ្នកភូមិថា បានបង្កើតតំបន់អបគមន៍។ តែតំបន់អបគមន៍ដែលកកើតឡើងដោយអ្នកភូមិនោះ មានភាពខុសគ្នាស្រឡះទៅនឹងការបង្កើតតំបន់អបគមន៍ក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង្កឡើងដោយអ្នកនយោបាយ។
លោក ឈឹម សាវុធ មន្ត្រីសម្របសម្រួលវេទិកាសាធារណៈនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ១៩៩៣ កាលណោះ គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិ បានបង្កើតតំបន់អបគមន៍មួយនៅភូមិភាគបូព៌ា គ្រប់គ្រងនៅត្រើយខាងកើតទន្លេមេគង្គ រួមមានខេត្តព្រៃវែង ស្វាយរៀង ខេត្តកំពង់ចាម ជាដើម។ មេខ្លោងនៃការបង្កើតអបគមន៍នោះ មានលោក ស៊ុន សេន លោក ស៊ុន សុង និងនរោត្តម ចក្រពង្ស។ លោកបន្តថា ការបង្កើតតំបន់អបគមន៍នាសម័យនោះ មានទាហានរាប់ម៉ឺននាក់ ដែលនៅសេសសល់ពីសម័យរដ្ឋកម្ពុជា មានទាំងរថក្រោះ និងសព្វាវុធគ្រប់ធុន។ ខុសប្លែកពីការចោទអ្នកភូមិដែលបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា និងតាកែនកោះស្លា ដែលអ្នកភូមិខ្លះគ្មានទាំងបាយសម្រាប់ច្រកឆ្នាំផង កុំថាឡើយសព្វាវុធ សម្រាប់ធ្វើអបគមន៍នោះ។
លោក ឈឹម សាវុធ៖ «យើងថ្លឹងថ្លែងទាំងអស់គ្នា យើងគិតទាំងអស់គ្នា ប្រជាពលរដ្ឋនៅប្រម៉ា ក្តី នៅតាកែនកោះស្លា ក្តី មិនមែនប្រជាពលរដ្ឋចង់អបគមន៍ គាត់ចង់បំបែករដ្ឋ គឺក៏ចង់បំបែកចលនាអីទេ។ រូបភាពទាំងអស់ហ្នឹង បើសិនមានការដោះស្រាយដីធ្លីឲ្យគាត់រស់នៅបាន គឺចប់ហើយ។ គាត់មិនទាមទារអីផង គាត់គ្មានបង្កើតចលនាអីផង។ គាត់ធ្វើសំខាន់បំផុត គឺចង់បានដីធ្លីសម្រាប់បង្កបង្កើនផលប៉ុណ្ណឹងទេ។ តំបន់អបគមន៍មួយត្រូវតែមានគាំទ្រសព្វាវុធ ទាំងហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីបង្កើត ហើយបើគាត់នេះមានតែបាតដៃទទេ ខ្លះអត់មានទាំងអង្ករស៊ីផង ចូលទៅរស់នៅសុំដីគេកាប់ដើម្បីបង្កបង្កើនផល ធ្វើកសិកម្ម អ៊ីចឹងរូបភាពទាំងពីរហ្នឹង វាដាច់ឆ្ងាយពីគ្នា ដូចមេឃ និងដីអ៊ីចឹង»។
ដោយមានការសម្របសម្រួលផ្នែកនយោបាយ តំបន់អបគមន៍នៅឆ្នាំ១៩៩៣ ដែលបង្កឡើងដោយគណបក្សប្រជាជនកម្ពុជា ត្រូវរលាយបន្ទាប់ពីអតីតព្រះមហាក្សត្រ សម្ដេច នរោត្តម សីហនុ សម្រេចបង្កើតរដ្ឋាភិបាលមួយ ដោយឲ្យមាននាយករដ្ឋមន្ត្រីចំនួន២ គ្រប់គ្រងប្រទេសក្រោយពីការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ ព្រោះតែមិនចង់ឲ្យកម្ពុជា ហែកចេញជាពីរ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច ពន្យល់ថា ការធ្វើអបគមន៍ទៅរួច វាលែងតែមានរចនាសម្ព័ន្ធរដ្ឋបាល កងកម្លាំងទ័ព ស្បៀងអាហារ ទំនាក់ទំនងបរទេស និងមានសព្វាវុធគ្រប់គ្រាន់។ លោកមើលមិនឃើញទាល់តែសោះថា ការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា តើវាអាចទៅរួចយ៉ាងម៉េចនឹងកើត បើគ្មានអ្វីទាំងអស់ ក្រៅតែពីធ្នូស្នាតែប៉ុន្មានគ្រឿងនោះ?
លោកបណ្ឌិត សុខ ទូច៖ «យើងត្រូវសិក្សា បើកងកម្លាំងមានរថក្រោះ ដូចស្អីកាលពី១៩៩៣ អត់ អត់មានទេ មានកាំភ្លើងទេ អត់មានទេ ធ្នូស្នាវាមិនមែននៅក្នុងទសវត្សរ៍នៃឆ្នាំ១៩៧០ ទេ ដែលយើងមានធ្នូស្នា ឬក៏នៅក្នុងសម័យអាណានិគមបារាំង ទេ នេះជាសតវត្សរ៍ទី២១ គឺបង្វឹកដោយអាវុធទំនើបអ៊ីចឹងទេ ការអបគមន៍ហ្នឹង វាទាមទារមានអាវុធមានអី យុទ្ធភណ្ឌមានស្បៀងអាហារ មានរចនាសម្ព័ន្ធ មានត្រង់សេ មានរដ្ឋាភិបាលស្រមោល។ សម្រាប់យើង យើងថារដ្ឋាភិបាលស្រមោល តែសម្រាប់គេ គេថារដ្ឋាភិបាលស្របច្បាប់។ ហ្នឹងគេហៅថារចនាសម្ព័ន្ធត្រឹមត្រូវនោះឯង»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានទស្សនៈថា គេអាចចាត់ទុកការបង្កើតតំបន់អបគមន៍ក្នុងឆ្នាំ១៩៩៣ ជាការបង្កើតអបគមន៍ចង់បំបែករដ្ឋពិតមែន ព្រោះគេឃើញមានរថក្រោះ យុទ្ធភណ្ឌគ្រប់ប្រភេទ មានទាំងរចនាសម្ព័ន្ធកងទ័ពត្រឹមត្រូវ ដើម្បីចង់បំបែកទឹកដី បំបែករដ្ឋ។ តែបើក្រឡេកទៅមើលការបង្កើតអបគមន៍នៅខេត្តក្រចេះ វិញ វាមិនមែនជាការចង់បំបែករដ្ឋ បំបែកទឹកដី ដូចការចោទប្រកាន់របស់រដ្ឋាភិបាលនោះទេ។ លោក អំ សំអាត បញ្ជាក់ថា អ្នកភូមិចង់បានដីសម្រាប់ធ្វើកសិកម្ម ប្រសិនបើរដ្ឋាភិបាលចែកដីឲ្យពួកគាត់ វាគ្មានទំនាស់កើតឡើងទេ។ ម្យ៉ាងវិញទៀត ភស្តុតាងដែលតុលាការចោទថា ជាអាវុធសម្រាប់ធ្វើអបគមន៍របស់អ្នកភូមិប្រម៉ា រួមមានស្នា កំផ្លៀវ កាំភ្លើងខ្យល់ កាំបិត និងពូថៅ គ្រាន់ជាអាវុធសម្រាប់អ្នកព្រៃទុកសម្រាប់បរបាញ់សត្វប៉ុណ្ណោះ។
លោក អំ សំអាត៖ «យើងមើលកាលពីឆ្នាំ១៩៩៣-១៩៩៤ អបគមន៍ហ្នឹង ហើយអបគមន៍នៅខេត្តក្រចេះ អ៊ីចឹងយើងឃើញខុសគ្នាឆ្ងាយ ពេលដែលរដ្ឋាភិបាលបង្ក្រាប ហាក់បីដូចជាមិនមានការតដៃណាមួយដែលសមត្ថកិច្ចមានគ្រោះថ្នាក់ផងទេ។ ផ្ទុយទៅវិញ យើងឃើញមានក្មេងស្រីម្នាក់ បានស្លាប់ដោយសារព្រឹត្តិការណ៍ហ្នឹងតែម្តង»។
ទោះជាយ៉ាងណា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានបកស្រាយនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែតុលា ថា ទាក់ទងនឹងការធ្វើអបគមន៍ ឬធ្វើបដិវត្តមួយ មិនចាំបាច់មានអាវុធទេ គឺប្រើតែសង្គ្រាមស្លាបប៉ាកកា ពាក្យសម្ដីឃោសនាជាការគ្រប់គ្រាន់។
លោក កែវ រ៉េមី៖ «អបគមន៍ គឺរដ្ឋនៅក្នុងរដ្ឋ។ រដ្ឋនៅក្នុងរដ្ឋ គឺគាត់ចង់បំបែករដ្ឋ ចង់និយាយថា រដ្ឋាភិបាលមួយចង់បង្កើតរដ្ឋមួយទៀតក្នុងរដ្ឋាភិបាលកម្ពុជា។ ហើយយោងតាមមាត្រា៣ ដែលខ្ញុំជម្រាបជូនក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជាមិនអាចបំបែកបានទេ។ ជាគោលការណ៍អបគមន៍ ឬការធ្វើបដិវត្ត មិនចាំបាច់មានអាវុធទេ យើងប្រើតែស្លាបប៉ាកកា ពាក្យសម្ដីឃោសនា គឺគ្រប់គ្រាន់។ អាវុធ គឺមកក្រោយ បងមិនទាក់ទងរឿងលោក ម៉ម សូណង់ដូ គឺជាគោលការណ៍ក្នុងការធ្វើអាហ្នឹង មិនចាំបាច់ប្រើអាវុធ»។
សម្រាប់គណបក្សប្រឆាំងវិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពន្យល់ថា អបគមន៍ជាការបំបែករដ្ឋដើម្បីកាន់កាប់មួយផ្នែកនៃរដ្ឋនោះ។ ប៉ុន្តែ អបគមន៍ធ្វើទៅបានលុះត្រាតែប្រើកម្លាំងបាយ ប្រដាប់អាវុធ។ ឯសង្គ្រាមស្លាបប៉ាកកា ឬមនោគមន៍វិជ្ជា វាមិនអាចយកឈ្នះរដ្ឋដែលកំពុងមានកម្លាំងប្រដាប់អាវុធយ៉ាងសន្ធឹកសន្ធាប់បានទេ៖ «រដ្ឋនីមួយៗ គេមានកងកម្លាំងប្រដាប់អាវុធរបស់គេ ហើយយើងចង់បំបែកដោយស្លាបប៉ាកកា ម៉េចកើត។ មនោគមន៍វិជ្ជា អាហ្នឹង ក៏ចាត់ចែងឲ្យមានកម្លាំងប្រដាប់អាវុធ ដើម្បីទប់ទល់គ្នាដែរ បានទៅរួច។ អត់មានកម្លាំង ធ្វើម៉េចនឹងកើត»។
សរុបសេចក្ដីមក មតិភាគច្រើនយល់ថា អត្ថន័យបង្កើតតំបន់អបគមន៍ លុះត្រាតែមានមូលដ្ឋានគ្រឹះមួយចំនួន ដែលរួមមានទាំងផ្នែកហិរញ្ញវត្ថុ រចនាសម្ព័ន្ធរដ្ឋបាល កម្លាំងកងទ័ព សព្វាវុធ យុទ្ធភណ្ឌនានា ស្បៀងអាហារ និងការរៀបចំត្រង់សេត្រៀមប្រយុទ្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។