រក​ឃើញ​គ្រាប់​មីន​បង្កៃ​ជិត​កន្លែង​លោក ហ៊ុន សែន ចុះ​សម្ពោធ​ការដ្ឋាន

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់​ខ្លួន ពី​បទ​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ការ​ដាក់​បង្កៃ​គ្រាប់​មីន​មួយ​គ្រាប់ នៅ​ក្បែរ​ទីតាំង​វេទិកា​សម្ពោធ​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៩។

នគរបាល​បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់ ពី​បទ​សង្ស័យ​ថា បាន​យក​គ្រាប់​មីន​ទៅ​ដាក់​បង្កប់​ក្រោម​ដី ជិត​ទី​កន្លែង​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គ្រោង​នឹង​ចុះ​ទៅ​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​៥៩ ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ទៅ​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ចាន់ កុសល់ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កុម្ភៈ ថា​កាល​ពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​អាទិត្យ ទី​១៣ ខែ​កុម្ភៈ ជន​សង្ស័យ​បាន​យក​មីន ១​គ្រាប់ ទៅ​ដាក់​បង្កប់​ក្រោម​ដី ដែល​មាន​ចម្ងាយ​ជិត ១​ពាន់​ម៉ែត្រ ពី​ទី​កន្លែង​រោង​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​៥៩ នៅ​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ៖ «ឥឡូវ​រឿង​ហ្នឹង រឿង​ពិត​ហើយ ប៉ុន្តែ​កិច្ច​ការ​ទាំង​អស់​ហ្នឹង យើង​បាន​សហការ​គ្នា​ជា​មួយ​ស៊ីម៉ាក សហការ​ជា​មួយ​ព្រះ​រាជ​អាជ្ញា ត្រង់​គាត់​សួរ​ទៅ​វា​មាន​បញ្ហា​អី វា​មាន​បញ្ហា​អី​ពាក់ព័ន្ធ​និង​បទ​ល្មើស ស្រេច​តែ​ខាង​តុលាការ​គេ​ចាត់​ការ​បន្ត»

មន្ត្រី​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​៥៩ ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ទៅ​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ ដែល​រោង​ពិធី​សម្ពោធ​នោះ ត្រូវ​គេ​រៀបចំ​ឡើង​នៅ​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

ការ​ដាក់​បង្កប់​គ្រាប់​មីន​ក្រោម​ដី គឺ​បាន​ធ្វើ​ឡើង​មុន​ពេល​ពីរ​ថ្ងៃ នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ទោះ​យ៉ាង​ណា ក្រុម​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​ឈ្មោះ​ជន​សង្ស័យ មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​ឡើយ គ្រាន់​តែ​បញ្ជាក់​ថា នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គ្រាប់​មីន​ដែល​ជន​សង្ស័យ​បាន​ប្រើប្រាស់​ក្នុង​ការ​លួច​យក​ទៅ​ដាក់​បង្កប់​នោះ គឺ​ជា​ប្រភេទ​គ្រាប់​មីន​ឆ្នៃ ហើយ​ជន​សង្ស័យ​ទំនង​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ការ​ស៊ី​ឈ្នួល​គេ​ឲ្យ​ដាក់​មីន​នេះ។ ប៉ុន្តែ​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ឱ បូរិន បាន​មាន​ប្រសាសន៍​ថា ករណី​ខាង​នេះ មិន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​អំពើ​ភេរវកម្ម​ទេ ៖ «បើ​យើង​មើល​តាម​ភូមិ​សាស្ត្រ វា​ដាក់​វា​មិន​មែន​ទៅ​ដាក់​អ៊ីចឹង​ទេ យើង​មិន​អាច​និយាយ​អ៊ីចឹង​បាន​ទេ អា​នេះ​ខ្ញុំ​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ គឺ​អត់​មាន​ទេ អត់​មាន​ហេតុ​ផល​ហ្នឹង​កើត​ឡើង​ទេ»

ព្រះ​រាជ​អាជ្ញា​រង​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក តន់ សីហ:​តេជ: បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​នៅ​មិន​ទាន់​បាន​បញ្ជូន​មក​ឲ្យ​តុលាការ​ទេ។ លោក​បន្ត​ថា តុលាការ​បាន​ចាត់​ឲ្យ​ព្រះ​រាជ​អាជ្ញា​រង​ម្នាក់​ទៀត ចុះ​ពិនិត្យ​ករណី​នេះ ៖ «អត់​ទាន់​បាន​បញ្ជូន​មក​ទេ ហើយ​រឿង​នេះ ខ្ញុំ​បាន​ចាត់​ព្រះ​រាជ​អាជ្ញា​រង​ម្នាក់ ហើយ​តាម​មើល​ទៅ គ្រាប់​មីន​ហ្នឹង​វា​នៅ​ក្នុង​ទឹក​ស្រះ ហើយ​គ្នា​លើក​យក​មក​ដាក់​លើ​គោក អត់​បាន​រាយ​ការណ៍​ទៅ​ខាង​រដ្ឋ​អំណាច»

ទោះ​យ៉ាង​ណា លោក តន់ សីហ:​តេជ: នៅ​មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​ឡើយ ជុំវិញ​ករណី​ជន​សង្ស័យ​ខាង​លើ​នេះ ប៉ុន្តែ​លោក​អះអាង​ថា តុលាការ​នឹង​ធ្វើ​ការ​សាក​សួរ​តាម​នីតិ​វិធី​ជា​មុន​សិន ទើប​ធ្វើ​ការ​សន្និដ្ឋាន​បាន៕