បវរកញ្ញា​លេខ​១​នៃ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត

បវរកញ្ញា​ជាប់​លេខ​១ ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ មួយ​រូប ឈ្មោះ ហង្ស ស្រីលក្ខណ៍ ត្រូវ​គេ​វាយ​ប្រហារ​ដោយ​ការ​ជះ​ទឹក​អាស៊ីត កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០០៩។

0:00 / 0:00

បវរកញ្ញា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៩ ឆ្នាំ​២០០៩ ឈ្មោះ ហង្ស ស្រីលក្ខណ៍ អាយុ ១៩​ឆ្នាំ បាន​រង​របួស ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីត ដោយ​អ្នក​វាយ​ប្រហារ​ពីរ​រូប នៅ​ពេល​នាង​កំពុង​អង្គុយ​ធ្វើ​សក់​នៅ​ក្នុង​ហាង​មួយ​ឈ្មោះ វ៉ាន់ណុប សីលា ក្នុង​សង្កាត់​ស្រះចក ក្រុង​ភ្នំពេញ ក្នុង​រង្វង់​ម៉ោង ១០​ព្រឹក​មិញ​នេះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តម​សេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់​លើ​ការ​វាយ​ប្រហារ​នេះ ហើយ​ប្រាប់​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ ទី​១៥ ធ្នូ នគរបាល​បាន​កំណត់​មុខសញ្ញា​អ្នក​វាយ​ប្រហារ​បាន​ហើយ។

លោក​ឧត្តម​សេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់​ថា ៖ «យើង​ក្តាប់​បាន​មុខ​សញ្ញា​ហើយ។ យើង​កំពុង​តាម​ចាប់។ ក្តាប់​បាន​មុខសញ្ញា​អស់​ហើយ»

ឡេង ម៉ាលី ៖ មូលហេតុ​អាច​មក​ពី​បញ្ហា​ស្អី​ដែរ? ទូច ណារ៉ុថ ៖ វា​មាន​បញ្ហា​ច្រណែន​គ្នា។

ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត កញ្ញា ហង្ស ស្រីលក្ខណ៍ កំពុង​ទទួល​ការ​ព្យាបាល​របួស​លើ​មុខ​និង​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

កញ្ញា ហង្ស ស្រីលក្ខណ៍ ជា​ពិធីការិនី​មួយ​រូប​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ក្នុង​ក្រុម​សិល្បៈ ណៃស្តារ។ ប៉ុន្តែ​ពិធីករ​ទូរទស្សន៍​នេះ​មួយ​រូប ឈ្មោះ ឡាច ឡងឌី បញ្ជាក់​ថា កញ្ញា ហង្ស ស្រីលក្ខណ៍ មិន​មែន​ជា​បុគ្គលិក​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​ទេ។

លោក ឡាច ឡងឌី បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​ជា​ពិធីការិនី​មិន​មែន​ប្រចាំ​ប៉ុស្តិ៍​ទេ ពីព្រោះ​គាត់​មិន​មែន​ជា​បុគ្គលិក​របស់​ប៉ុស្តិ៍​ទេ។ គាត់​ជា​ក្រុម​ការងារ​របស់​លោក ចេវ វីរៈ ព្រោះ​លោក ចេវ វីរៈ សហការ​ជាមួយ​ប៉ុស្តិ៍​លេខ​៩ ធ្វើ​កម្មវិធី​សិល្បៈ​របស់​គាត់ ហើយ​អ៊ីចឹង​កញ្ញា​ហ្នឹង​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​ប៉ុស្តិ៍​លេខ​៩​ទេ»

ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ប្រទេស​កម្ពុជា​បាន​កើត​មាន​ឡើង​វិញ​ផ្ទួនៗ​គ្នា។ ក្នុង​រយៈពេល​ថ្មីៗ​នេះ ករណី​ជះ​ទឹក​អាស៊ីត​ដូច​គ្នា​នេះ​បាន​កើត​មាន​ចំពោះ​បង​ប្អូន​ស្រី​ពីរ​នាក់ នៅ​រាជធានី​ភ្នំពេញ​ដែរ។

របាយការណ៍​ស្ថិតិ​មួយ​របស់​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយសារ​អាស៊ីត បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​រងគ្រោះ ១៩០​នាក់​ដែល​អង្គការ​បាន​ជួយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក មាន ៥៦% ជា​ស្រ្តី, ១៧% ជា​កូន​ក្មេង, ច្រើន​ជាង ៨% ពិការ​ភ្នែក និង​មាន ៦​នាក់​ស្លាប់៕