ដីកាចាប់ខ្លួននេះ ចុះថ្ងៃទី២ កក្កដា ឆ្នាំ២០១២ នៅពេលលោកនៅឯបរទេស។ ពេលនោះលោកបានដឹងខ្លួនថា រដ្ឋាភិបាលរកចាប់ខ្លួនលោកដែរ តែលោកនៅតែសម្រេចចិត្តវិលមកប្រទេសកម្ពុជាវិញ។
ពេលមកដល់អាកាសយានដ្ឋានអន្តជាតិភ្នំពេញ ថ្ងៃទី១២ កក្កដា លោក ម៉ម សូណង់ដូ បានថ្លែងប្រាប់អ្នកកាសែតថា លោកមកស្រុកខ្មែរវិញ គឺដើម្បីបង្ហាញថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
រយៈពេលពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១២ ប៉ូលិសមួយក្រុមបានទៅចាប់ខ្លួនលោកដល់ផ្ទះតែម្ដង រួចបញ្ជូនខ្លួនឡើងសាលាដំបូងថ្ងៃទី១៦ កក្កដា ហើយតុលាការបានចោទប្រកាន់លោកជាផ្លូវការ តាមមាត្រាទី៦ នៃក្រមព្រហ្មទណ្ឌ ដែលលោកត្រូវជាប់គុកអស់ជាច្រើនឆ្នាំ។
អ្នកស្រី ឌិន ផាណារ៉ា ភរិយាលោក ម៉ម សូណង់ដូ បានឲ្យដឹងថា សព្វថ្ងៃលោក ម៉ម សូណង់ដូ មានសញ្ជាតិពីរ គឺសញ្ជាតិបារាំង និងសញ្ជាតិខ្មែរ។ កើតនៅឆ្នាំ១៩៤២ ត្រូវជាឆ្នាំម្សាញ់ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាកូនប្រុសអតីតចៅហ្វាយស្រុកមួយរូប កាលសម័យជប៉ុនចូលស្រុក។ ខុសពីការគិតរបស់មនុស្សខ្លះ ដែលយល់ថា លោក ម៉ម សូណង់ដូ ចម្លងបែបសំនៀងភាសាបារាំង អ្នកស្រី ឌិន ផាណារ៉ា ឲ្យដឹងឈ្មោះលោក ម៉ម សូណង់ដូ ជាប់ទាក់ទងរឿងប្រវត្តិអាណានិគមជប៉ុនទៅវិញទេ។
ទោះយ៉ាងណា អ្នកស្រីពោលថា អ្នកស្រីមិនចាំជីវប្រវត្តិរបស់ស្វាមីអ្នកស្រីច្បាស់លាស់ទេ។
ប្រជាពលរដ្ឋច្រើនបានស្គាល់ លោក ម៉ម សូណង់ដូ តាមរយៈការផ្សាយសំឡេងរបស់លោកក្នុងវិទ្យុសំបុកឃ្មុំរបស់គាត់ ដូចជាកម្មវិធីបទសម្ភាសន៍ ព្រឹត្តិការណ៍នយោបាយ បញ្ហាព្រំដែន ជាពិសេសស្ដាប់សំឡេងលោក ម៉ម សូណង់ដូ សូត្រកំណាព្យក្នុងកម្មវិធីផ្សាយស្ថានីយវិទ្យុសំបុកឃ្មុំប្រចាំថ្ងៃកន្លងមក។
កំណាព្យដែលពេញនិយមនោះ គឺគេនៅចាំចំណងជើងថា «តើខ្ញុំអាចរស់បានដល់ពេលណា?» និពន្ធដោយខ្លួនលោកផ្ទាល់ ដែលមានចរិតរិះគន់ឡកឡឺយដាក់អ្នកដឹកនាំនយោបាយបច្ចុប្បន្ន អំពីបញ្ហាគ្រឿងញៀន វប្បធម៌ អំពើពុករលួយ បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាព្រំដែនជាដើម។
លោក អ៊ូរ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលអះអាងថា បានស្គាល់លោក ម៉ម សូណង់ដូ ច្រើនឆ្នាំមកហើយបានហៅលោក ម៉ម សូណង់ដូ ថា ជាមនុស្សសាមញ្ញ មិនប្រកាន់វ័យ ចេះជួយអ្នកក្រទន់ខ្សោយ និងជាសកម្មជនតស៊ូមតិ និងការពារសិទ្ធិមនុស្សដ៏សកម្ម។
ដោយឡែកមានអ្នកនយោបាយខ្លះបានឡកឡឺយថា លោក ម៉ម សូណង់ដូ ជាអ្នកនយោបាយមួយរូបដែលល្បីឈ្មោះជាប់គុកញឹកញាប់ជាងគេ ព្រោះតែចរិតរិះគន់មេដឹកនាំរដ្ឋាភិបាលមិនសំចៃមាត់ និងដោយសារលោកបង្កើតសមាគមអ្នកប្រជាធិបតេយ្យ ដើម្បីតវ៉ា និងមានបំណងផ្លាស់ប្ដូរសង្គមខ្មែរ និងប្ដូរអ្នកដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ។
លោក ម៉ម សូណង់ដូ ត្រូវបានរដ្ឋាភិបាលចាប់ដាក់គុកពីរដងមកហើយក្នុងរយៈពេលខ្លី។ ពោលគឺ កាលពីឆ្នាំ២០០៣ គាត់ជាប់គុកព្រៃស រយៈពេលជាង ២អាទិត្យ បន្ទាប់ពីតុលាការបានចោទថា លោកផ្សាយព័ត៌មានមិនពិត អុជអាលប្រជាពលរដ្ឋឲ្យប្រព្រឹត្តហិង្សា និងប្រកាន់ពូជសាសន៍តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទក្នុងកម្មវិធីការផ្សាយព័ត៌មានសំបុកឃ្មុំ។
បន្ទាប់មកនៅឆ្នាំ២០០៥ លោក ម៉ម សូណង់ដូ ត្រូវតុលាការចេញដីកាចាប់ខ្លួនម្ដងទៀត ហើយកាត់ទោសឲ្យជាប់គុកបីខែ ពីបទញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ ដោយសារលោកធ្វើបទសម្ភាសន៍តាមទូរស័ព្ទក្នុងកម្មវិធីផ្សាយរបស់វិទ្យុសំបុកឃ្មុំរបស់លោកផ្ទាល់ ស្ដីពីបញ្ហាបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលកាលនោះ មានទាំងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងលោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាប់ពន្ធនាគារជាមួយគ្នាដែរ ដោយសាររិះគន់រដ្ឋាភិបាលស្ដីបញ្ហាបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នេះដែរ។
លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលមានអនុស្សាវរីយ៍ជូរចត់ជាប់ពន្ធនាគារជាមួយលោក ម៉ម សូណង់ដូ កាលពីឆ្នាំ២០០៥ បានហៅ លោក ម៉ម សូណង់ដូ ថា ជាអ្នកហ៊ាននិយាយពិត និយាយត្រង់ ដើម្បីការពារផលប្រយោជន៍សង្គមជាតិ។
យ៉ាងណាក្ដី សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ក្ដីលោក ម៉ម សូណង់ដូ នៅថ្ងៃទី១១ កញ្ញា នេះហើយ ដែលក្នុងនោះមានបទចោទដល់ទៅបួនករណី ដូចជា បទចូលរួមចលនាបះបោរ ញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់ ប្រឆាំងរាជការសាធារណៈ និងបទជ្រៀតជ្រែកខុសច្បាប់ក្នុងការពេញមុខងារសាធារណៈ។
ក្រុមអ្នកច្បាប់ខ្លះបានបញ្ជាក់ថា បើសិនជាតុលាការរកឃើញថា លោក ម៉ម សូណង់ដូ មានកំហុសដូចបទចោទពិតប្រាកដមែននោះ លោក ម៉ម សូណង់ដូ ដែលពេលនេះមានវ័យចំណាស់ ៧០ឆ្នាំ និងសុខភាពទ្រុឌទ្រោមណាស់ទៅហើយនោះ នឹងត្រូវជាប់ពន្ធនាគារប្រហែល ៣០ឆ្នាំ។ ហើយរយៈពេលជាប់ទោសដ៏យូរ និងសុខភាពលោកខ្សោយដូច្នេះ ធ្វើឲ្យគេនឹកឃើញដល់អត្ថន័យកំណាព្យរបស់លោក និពន្ធដោយខ្លួនឯង ដែលចោទសូរថា «តើខ្ញុំអាចរស់នៅដល់ពេលណា?» កន្លងមកនោះ គឺហាក់ដូចជាការឆ្លុះបញ្ចាំងលើជីវិតរបស់លោកផ្ទាល់ជាក់ស្ដែងតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។