ការថ្លែងចោទប្រកាន់ដូច្នេះគឺបន្ទាប់ពីក្រុមអ្នកមានម៉ូតូនិងមិនទាន់បានបង់ពន្ធប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បានលើកគ្នាតវ៉ានៅខាងមុខអធិការដ្ឋាននគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង អស់រយៈពេលពីរថ្ងៃមកហើយ។
លោក ហុង គាង ក្នុងចំណោមក្រុមអ្នកតវ៉ាប្រមាណ៥០០នាក់បានថ្លែងថា ក្រុមអ្នកមានម៉ូតូអត់ទាន់បានបង់ពន្ធនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ជាង៥០០នាក់ ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែកញ្ញា បានលើកគ្នាប្រឆាំងជំទាស់ ដោយសារតែក្រុមមន្ត្រីគយបានទារលុយផាកពិន័យច្រើនហួសហេតុ។
លោក ហុង គាង បានឲ្យដឹងថា ៖ «ម៉ូតូនេះអត់មានគយចុះចាប់ទេ គឺប្រកាសឲ្យប្រជាពលរដ្ឋចូលទៅបង់ពន្ធ បានគេចុះឲ្យ៥០% តើរឿងអីគាត់ផាកក្នុងតម្លៃ១០០%? ប្រជាពលរដ្ឋគ្នាអត់យល់ត្រង់ចំណុចហ្នឹង! ឆ្ងល់ថារឿងអីមកធ្វើអ៊ីចឹង! ហើយតាបារ៉ែនគយហ្នឹង គាត់ចេះតែនិយាយ គាត់មើលវិភាគទៅ ម៉ូតូអ៊ីចឹង៩៥ ៩៨ អ៊ីចឹងណា៎។ គាត់ចេះតែថា និយាយទៅតម្លៃលើមាត់គាត់»។
ចំណែកក្រុមអ្នកតវ៉ាផ្សេងទៀតក៏បានថ្លែងថា ៖ «ប្រជាពលរដ្ឋចង់ឲ្យបង់តែតម្លៃពន្ធ មិនចង់ឲ្យផាកពិន័យ ព្រោះអីយើងចូលមកបង់តាមដំណើរ ស្ម័គ្រចិត្តមកបង់ ព្រោះអីមិនគួរផាកពិន័យ»។
លោក ស្រី ស៊ាង ប្រធានសាខាគយខេត្តបាត់ដំបងនិងមន្ត្រីគយដែលចុះធ្វើការផាកពិន័យយកលុយពីម៉ូតូក្រុមអ្នកភូមិដែលអត់មានពន្ធនាំចូលនេះ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមតាមបានទេ។ ប៉ុន្តែ លោក យឹម វិចិត្រ អធិការនគរបាលស្រុកថ្មគោល បានថ្លែងថា ៖ «រឿងការតវ៉ា មិនមែនជារឿងមកតវ៉ាជាមួយអធិការទេ រឿងអត្រាបង់ពន្ធជារឿងស្ថាប័នគយ»។
ប្រភពពីក្រុមអ្នកតវ៉ាបានថ្លែងថា ម៉ូតូអត់ពន្ឋរបស់ក្រុមអ្នកភូមិជាច្រើនគ្រឿងដែលត្រូវបាននគរបាលនិងក្រុមមន្ត្រីគយឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ត្រូវបានប្រគល់ឲ្យក្រុមអ្នកភូមិជាម្ចាស់វិញហើយនៅក្រោយពីមានការតវ៉ា។
កាលពីថ្ងៃទី២៤ ខែសីហា ប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបជាច្រើនរយនាក់បានលើកគ្នាតវ៉ានៅមុខសាលាខេត្តនិងអគារសាខាគយខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តមានការបន្ធូរបន្ថយពន្ធ។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ស៊ុម ចន្ទគា បានថ្លែងថា មានម៉ូតូប្រជាពលរដ្ឋជាច្រើនមិនទាន់បានបង់ពន្ធ ហើយម៉ូតូខ្លះជាម៉ូតូចាស់ដែលគួរតែមានការបន្ធូរបន្ថយ ព្រោះម៉ូតូខ្លះចាស់ណាស់ទៅហើយ និងមានម៉ូតូអត់ពន្ធជាច្រើនទៀត មិនមែនទើបតែឆ្នាំនេះទេ គឺវាច្រើនឆ្នាំមកហើយ ដូច្នេះហើយខាងគយខាងប៉ូលិសគួរតែបន្ធូរបន្ថយឲ្យប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ការទាមទារឲ្យមានការបន្ធូរបន្ថយពន្ធរបស់ក្រុមអ្នកតវ៉ាត្រូវបានគេកត់សម្គាល់ឃើញថា បានកើតមានឡើងជាបន្តបន្ទាប់ ដូចជានៅខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង៕