មូរ សុខហួរ ដាក់​ញត្តិ​ថ្កោលទោស​តុលាការ​ខ្មែរ​ទៅ​មេ​ដឹកនាំ​អាមេរិក

តំណាង​រាស្ត្រ​និយាយ​ដោយ​ឥត​សំចៃ​របស់​បក្ស​ប្រឆាំង លោក​ស្រី មូរ សុខហួរ បាន​ដាក់​ញត្តិ​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឲ្យ​ថ្កោលទោស​តុលាការ​កំពូល​កម្ពុជា ដែល​តម្កល់​ការ​ផាក​ពិន័យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​លោក​ស្រី​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍។

0:00 / 0:00

ក្នុង​ញត្តិ​មាន​ចំណងជើង​ថា បញ្ឈប់​ការ​គាប​សង្កត់​លើ​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា ផ្ញើ​ទៅ​កាន់​លោក ប៉ារ៉ាក់ អូបាម៉ា (Barack Obama) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មិថុនា​នេះ លោក​ស្រី មូរ សុខហួរ ជា​បេក្ខភាព​រង្វាន់​ណូបែល​សន្តិភាព បាន​សរសេរ​ថា ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​ជា​ការ​សម្រេច​ចិត្ត​នយោបាយ សំដៅ​គាប​សង្កត់​ចំពោះ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ពុធ ទី​២ ខែ​មិថុនា​នេះ បាន​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ ផាក​ពិន័យ​លោក​ស្រី មូរ សុខហួរ ជា​ទឹក​ប្រាក់​ចំនួន ១៦​លាន ៥​សែន​រៀល ពី​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ស្រី​បាន​បន្ថែម​នៅ​ក្នុង​ញត្តិ​នេះ​ថា សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ប្រមាណ​ជាង ៦០​លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០៩ ដើម្បី​កំណែ​ទម្រង់​ផ្នែក​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ ដូច្នេះ​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ខុល​ត្រូវ ដើម្បី​ប្រកាស​មិន​យល់​ព្រម​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​នេះ ដែល​ជា​ការ​គំរាម​កំហែង​មួយ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ប្រព័ន្ធ​យុត្តិធម៌​ដែល​មាន​ភាព​ត្រឹមត្រូវ និង​ភាព​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់។

នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា​នេះ មាន​អ្នក​ចុះ​ហត្ថលេខា​ទូទាំង​ពិភពលោក​ចំនួន ៣៣៥​រូប គាំទ្រ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក គី តិច ជា​មេធាវី​របស់​លោក ហ៊ុន សែន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា​នេះ ថា តុលាការ​កំពូល​បាន​ផ្ញើ​សាលក្រម​ស្ថាពរ​របស់​ខ្លួន ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​អនុវត្ត​ការ​ផាក​ពិន័យ​នេះ។

លោក​បន្ថែម​ថា លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា នៅ​ពេល​ណា​ទើប​តុលាការ​ក្រុង​ភ្នំពេញ​នឹង​បង្គាប់​ឲ្យ​លោក​ស្រី មូរ សុខហួរ បង់​ប្រាក់​ពិន័យ​នេះ។ លោក គី តិច ធ្លាប់​បាន​ព្រមាន​លោក​ស្រី មូរ សុខហួរ ថា លោក​ស្រី​នឹង​អាច​ជាប់​ពន្ធនាគារ​ប្រហែល ៦​ខែ ប្រសិន​បើ​លោក​ស្រី​មិន​បង់​ការ​ផាក​ពិន័យ។

លោក​ស្រី មូរ សុខហួរ នៅតែ​ប្រកាន់​ជំហរ​ថា លោក​ស្រី​នឹង​មិន​បង់​ប្រាក់​ពិន័យ​នេះ​ទេ ហើយ​ត្រៀម​ខ្លួន​ចូល​ពន្ធនាគារ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន។

លោក ហ៊ុន សែន បាន​ដាក់​បណ្ដឹង​ប្រឆាំង​នឹង​លោក​ស្រី មូរ សុខហួរ ក្រោយ​ពេល​ដែល​លោក​ស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​លោក ហ៊ុន សែន ចំពោះ​ការ​ប្រមាថ​របស់​លោក ធ្វើ​ឡើង​នៅ​ខេត្ត​កំពត ថា​លោក​ស្រី​ជា​ស្ត្រី​ជើង​ខ្លាំង៕