ពលរដ្ឋខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិក បានហៅលោកស្រី មូ សុខហួរ ថាជាវីរនារីដ៏ឆ្នើមមួយរូប ដែលហ៊ានតទល់នឹងប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា ដែលល្បីនៅក្រោមបង្គាប់របស់គណបក្សកាន់អំណាច។
លោក អ៊ឹម សុនិត ពលរដ្ឋខ្មែរក្នុងរដ្ឋ Alabama បានមានប្រសាសន៍ថា ការតស៊ូរបស់លោកស្រីនេះ គឺដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនលោកស្រីផ្ទាល់ និងជាគំរូសម្រាប់ប្រជាជាតិទាំងមូល ៖ «គេបានរំលោភសិទ្ធិលើលោកស្រី បែជាលោកស្រីជាអ្នកទទួលទោស ហើយប្រសិនបើមានការសម្របសម្រួលវិញ វាអត់មានទេយុត្តិធម៌។ យុត្តិធម៌មិនអាចធ្វើការសម្របសម្រួលបានទេ។ ដូច្នេះយុត្តិធម៌ត្រូវតែមានយុត្តិធម៌ អ៊ីចឹងសូមលោកជំទាវពង្រឹងជំហរនេះឲ្យរឹងមាំ ទោះបីធ្លាក់ក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងមិនឈរអោបដៃមើលទេ»។
ចំណែក លោក សារ៉ូ ស៊ីវុត្ថា អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងពីទីក្រុង Longbeach រដ្ឋ California មកថា លោកសូមកោតសរសើរដល់ភាពក្លាហានរបស់លោកស្រី ដែលហ៊ានព្យាយាមកែទម្រង់ឲ្យមានភាពប្រសើរឡើងក្នុងប្រព័ន្ធយុត្តិធម៌ ៖ «កម្ពុជាមានភព្វសំណាងណាស់ ដែលមានវីរបុត្រីដូចលោកជំទាវ ខ្ញុំសង្ឃឹមថា នឹងមានស្ត្រីជាច្រើនទៀត នឹងងើបឡើងដូចលោកជំទាវ ហើយអស់លោកដទៃទៀតក៏គួរតែ ខ្មាសពីវីរភាពរបស់លោកជំទាវដែរ»។
តុលាការ និងរតនាគាររាជធានីភ្នំពេញ បានដាក់ការកំណត់ឲ្យលោកស្រីបង់ប្រាក់ពិន័យចំនួន ១៦លាន ៥សែនរៀល ក្នុងករណីដែលតុលាការកម្ពុជាកាត់ឲ្យលោកស្រីចាញ់ក្ដីករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា បានចេញដីកាជូនដំណឹងដល់លោកស្រី មួរ សុខហួរ ឲ្យបង់ប្រាក់ពិន័យគ្រប់ចំនួន ដោយកំណត់រយៈពេលចុងក្រោយ ១០ថ្ងៃ គិតពីថ្ងៃទី៦ ខែកក្កដានេះតទៅ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាប់ខ្លួនលោកស្រីដាក់គុក។
ប៉ុន្តែលោកស្រីធ្លាប់មានប្រសាសន៍ថា សូម្បីប្រាក់មួយរៀលក៏លោកស្រីមិនបង់ដែរ ហើយថា លោកស្រីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រឈមនឹងការចាប់ខ្លួននោះ។
ក្រុមពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកពីតាមបណ្ដារដ្ឋជាច្រើនទៀត បានប្រកាសថា ពួកគេនឹងជំរុញសមាជិកសភា ឬព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ប្រសិនបើសមត្ថកិច្ចធ្វើការចាប់ខ្លួនលោកស្រី មូរ សុខហួរ មែននោះ៕
យើងខ្ញុំមានដាក់ CAPTCHA នៅកន្លែងបញ្ចេញមតិ ខាងក្រោមអត្ថបទ នៃគេហទំព័រវិទ្យុអាស៊ីសេរី គឺក្នុងគោលបំណងរក្សាសុវត្ថិភាព កាត់បន្ថយសារមិនបានការ (spam) និងមិនទទួលខុសត្រូវចំពោះរាល់មតិយោបល់តែប៉ុណ្ណោះ។ ការដាក់ CAPTCHA នេះ ក៏ពុំបានជំរុញឲ្យមានការលាតត្រដាងអត្តសញ្ញាណអ្នកបញ្ចេញមតិដែរ៕