មូរ សុខហួរ យល់​ព្រម​ទទួល​ថវិកា​ពី​​ក្រុម​ចលនា​ស្ត្រី

លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​ល្បីល្បាញ​របស់​គណបក្ស សម រង្ស៊ី បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​២៧ កក្កដា​នេះ​ថា លោកស្រី​នឹង​យក​កញ្ចប់​ថវិកា​ដែល​គេ​ប្រមូល​បាន​ពី​ចលនា​ស្ត្រី សម្រាប់​បម្រើ​ផល​ប្រយោជន៍​រួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​ច្បាប់។

0:00 / 0:00

សេចក្តី​ថ្លែង​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​មួយ​រវាង​លោកស្រី មូរ សុខហួរ ជាមួយ​ក្រុម​និស្សិត កសិករ និង​បណ្តាញ​ស្ត្រី​ជា​ច្រើន​នាក់ ក្នុង​ការ​ប្រកាស​នូវ​លទ្ធផល​សាច់​ប្រាក់​សរុប​ប្រមាណ ១៣,៨​លាន​រៀល សម្រាប់​ជួយ​លោកស្រី មូរ សុខហួរ ដើម្បី​ឲ្យ​លោកស្រី​ផ្តល់​ឲ្យ​តុលាការ​ដែល​កំពុង​ទាមទារ​ឲ្យ​លោកស្រី​បង់​ប្រាក់​ពិន័យ​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​នោះ​ដោយ​ក្តី​រំភើប​ថា លោកស្រី​នឹង​ប្រើ​ថវិកា​នេះ​សម្រាប់​គាំទ្រ​ដល់​ស្ត្រី​រង​គ្រោះ​ទាំង​ឡាយ​ប្រយុទ្ធ​នឹង​វិស័យ​ច្បាប់​នៅ​កម្ពុជា។

លោកស្រី មូរ សុខហួរ ថ្លែង​ដូច្នេះ ៖ «គឺ​ខ្ញុំ​មិន​មក​យក​មួយ​កាក់​មួយ​សេន​មក​ប្រើ​ជា​ប្រាក់​ពិន័យ​សម្រាប់​មក​បង់​ឲ្យ​ខ្ញុំ​រួច​ខ្លួន​ទេ អត់​ជា​ដាច់​ខាត ខ្ញុំ​នឹង​មិន​យក​មក​ប្រើ​ដើម្បី​ជា​ផលប្រយោជន៍​ខ្ញុំ​ជា​ដាច់​ខាត ហើយ​ថវិកា​នេះ​គឺ​សម្រាប់​ទុក​ជា​សេវា​មេធាវី​ជូន​ដល់​ស្រ្តី​ដែល​រង​គ្រោះ​នឹង​អំពើ​អយុត្តិធម៌​ទាំង​ឡាយ»

ទឹក​ប្រាក់​នោះ​ត្រូវ​បាន​គេ​ប្រមូល​ចេញ​ពី​ស្រទាប់​និស្សិត សិស្ស កម្មករ កសិករ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​ស្រ្តី​អ្នក​លក់​ស្រាបៀ​ជា​ដើម ចំនួន ៤.១៤១​នាក់ ដែល​ពួកគេ​មាន​ការ​ឈឺ​ឆ្អាល​ចំពោះ​លោកស្រី មូរ សុខហួរ ហើយ​គេ​កំពុង​តែ​ប្រមូល​បន្ត​ទៅ​ទៀត​មិន​ទាន់​បញ្ឈប់​នៅ​ឡើយ​ទេ។

ក្រុម​កសិករ និង​និស្សិត​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ជំនួប​នោះ បាន​ថ្លែង​កោត​សរសើរ​ទៅ​ដល់​ជំហរ​លោកស្រី មូរ សុខហួរ ដែល​ហ៊ាន​តតាំង​រឿង​ក្ដីក្ដាំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ ៖ «រូប​ខ្ញុំ និង​រូប​ក្មេង​ស្រក​ក្រោយ​ទាំង​អស់ គួរ​ឈឺ​ចាប់ ដែល​ពិន័យ​មក​រំលោភ​សិទ្ធិ​មក​លើ​នារី​ហ្នឹង ហើយ​ឲ្យ​បង់​ប្រាក់ គឺ​ខ្ញុំ​ដាច់​ខាត​មិន​ឲ្យ​បង់​ទេ។ វីរ​ស្ត្រី​ដែល​មាន​ភាព​ក្លាហាន តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​មិន​ដែល​ឃើញ​ទេ»

លោកស្រី មូរ សុខហួរ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​លោកស្រី​ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​បទ​បរិហារ​កេរ្តិ៍ ដោយ​តម្រូវ​ឲ្យ​លោកស្រី​បង់​ប្រាក់​សរុប​ជាង ១៦​លាន​រៀល សម្រាប់​ជា​ការ​ពិន័យ និង​ជា​ការ​សង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន ក្រោយ​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​លោក ហ៊ុន សែន កន្លង​មក។

កាល​ពី​សប្តាហ៍​មុន ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ បាន​ស្នើ​ឲ្យ​រដ្ឋ​សភា​កាត់​ប្រាក់​ខែ​លោកស្រី មូរ សុខហួរ ចំនួន​ជាង ៤​លាន​រៀល​ក្នុង​មួយ​ខែ ដើម្បី​បង្ខំ​ឲ្យ​លោកស្រី​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី។

លោក ជាម យៀប សមាជិក​គណៈកម្មាធិការ​អចិន្ត្រិយ៍​នៃ​រដ្ឋ​សភា បាន​អះអាង​ថា លោក​នៅ​មិន​ទាន់​ឃើញ​មាន​លិខិត​ស្នើ​សុំ​នោះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ទៀត​ថា គេ​នឹង​កោះ​ប្រជុំ​ដើម​ខែ​ក្រោយ​នេះ ដើម្បី​សម្រេច​កាត់​ប្រាក់​ខែ​លោកស្រី មូរ សុខហួរ បើ​ទោះ​បី​ជា​លោកស្រី​មិន​ឲ្យ​កាត់​ក៏ដោយ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ ៖ «នេះ​ជា​សិទ្ធិ​របស់​តុលាការ ហើយ​រដ្ឋ​សភា​ចាំបាច់​ត្រូវ​ធ្វើ​តាម​សំណើ​របស់​តុលាការ ព្រោះ​អី​នេះ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ស្រប​ទៅ​តាម​សាល​ដីកា ឬ​សាលក្រម​របស់​តុលាការ»

លោកស្រី មូរ សុខហួរ មាន​ប្រាក់​ខែ​ចំនួន ៨​លាន​រៀល​ក្នុង​មួយ​ខែ។ ប្រភព​ពី​រដ្ឋ​សភា​អះអាង​ថា គេ​អាច​កាត់​ប្រាក់​ខែ​គាត់​ចំនួន ៧០% ក្នុង​មួយ​ខែ​តាម​ការ​បញ្ជា​របស់​តុលាការ៕