មូរ សុខហួរ ចាក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​បាន​ចៅក្រម​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ដោយ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១៦,៥​លាន​រៀល​កាល​ពី​ថៃ្ង​ទី​៤ សីហា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថៃ្ង​ទី​៥ សីហា ទៅ​កាន់​សហរដ្ឋ​អាមេរិក​ជា​ច្រើន​សប្តាហ៍​សម្រាប់​កិច្ច​ការងារ​ផ្ទាល់​ខ្លួន។

0:00 / 0:00

ស្រប​ពេល​ដែល​លោកស្រី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ លោកស្រី​បាន​ឲ្យ​ជំនួយការ​របស់​លោកស្រី​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថៃ្ង​ពុធ ទី​៥ ខែ​សីហា​ផងដែរ ដោយ​មិន​ទាន់​មាន​មេធាវី​នៅ​ទ្បើយ​ទេ។

នៅ​មុន​ការចាក​ចេញ​តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម​ពី​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថៃ្ង​ពុធ ទី​៥ ខែ​សីហា លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ទៅ​នេះ​ជា​កិច្ចការ​ផ្ទាល់​ខ្លួន មិន​មែន​ជា​ការគេច​វេស​ពី​ផ្លូវ​តុលាការ​នោះ​ទេ។

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ទៅ​ដើម្បី​យក​កូន​ខ្ញុំ​ទៅ​ចូល​រៀន​ទេ។ ទៅ​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​៩»

សុខ សេរី ៖ មិន​មែន​ជា​ការគេចវេស...? មូរ សុខហួរ ៖ អត់​ទេ! ផ្ទុយ​ទៅ​វិញ​ជំនួយការ​របស់​ខ្ញុំ​ដាក់​ពាក្យ​ឧទ្ធរណ៍​នៃ​ការកាត់​សេចក្ដី​ខ្ញុំ​ម្សិលមិញ​ហើយ ដូច្នេះ​សាលា​ឧទ្ធរណ៍​បាន​កោះហៅ​ខ្ញុំ​ទៅ​សួរ​រឿង​ហ្នឹង នៅ​ថ្ងៃ​ទី​១៨ ខែ​៨​ខាង​មុខ​នេះ។ មិន​នៅ ខ្ញុំ​បាន​សុំ​ឲ្យ​ពន្យារ​ពេល។

លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ចំពោះ​ការប្តឹង​ឧទ្ធរណ៍​របស់​លោកស្រី មូរ សុខហួរ នោះ ថា ៖ «បើ​សិន​ជា​គាត់​មិន​សុខ​ចិត្ត គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​ឧទ្ធរណ៍។ គាត់​ប្ដឹង​ឧទ្ធរណ៍ ខ្ញុំ​ត្រូវតែ​តាម​ទៅ​ទៀត»

ទាក់ទង​ជាមួយ​ករណី​លោកស្រី មូរ សុខហួរ នេះ លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ៖ «បេសកកកម្ម​ឯកជន​របស់​គាត់​ចេញ​ទៅ​ក្រៅ​នេះ​គឺ​មាន​គម្រោង​យូរ​មក​ហើយ។ អ៊ីចឹង​ទេ គាត់​ចេញ​ទៅ ប៉ុន្តែ​ចំពោះ​បញ្ហា​ផ្លូវ​ច្បាប់ លោកស្រី មូរ សុខហួរ នៅ​មាន​សិទ្ធិ​ក្នុង​ការប្ដឹង​ឧទ្ធរណ៍។ លោកស្រី​ក៏​អាច​រក​មេធាវី​ផ្សេង​ដើម្បី​ការពារ​ជូន​លោកស្រី​ជា​បន្ត​ទៀត​នៅ​សាលា​ឧទ្ធរណ៍។ នៅ​សាលា​ដំបូង​យើង​ឃើញ​ថា គួរ​ឲ្យ​សោកស្ដាយ​ដែរ ដោយ​គ្មាន​មេធាវី​ការពារ​ក្ដី​តាម​ផ្លូវ​ច្បាប់​ជូន​លោកស្រី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ»

ការចាកចេញ​របស់​លោកស្រី មូរ សុខហួរ ពី​ប្រទេស​កម្ពុជា នៅ​ថៃ្ង​ពុធ ទី​៥ ខែ​សីហា ឆ្នាំ​២០០៩​នេះ គឺ​រយៈពេល​មួយ​ថៃ្ង​តែ​ប៉ុណ្ណោះ ក្រោយ​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោកស្រី​ក្រោម​បទ​បរិហារ​កេរ្តិ៍ តាម​មាត្រា​ទី​៦៣​ថ្មី​នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ UNTAC។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចេញ​សេចក្តី​ថែ្លងការណ៍​មួយ​កាលពី​ថៃ្ង​អង្គារ​ថ្មីៗ​នេះ​ថា ការផ្តន្ទា​ទោស​នោះ​គឺ​អយុត្តិធម៌ គឺ​បាន​បង្ហាញ​ថា​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អំណាច​របស់​រដ្ឋាភិបាល​កម្ពុជា។

ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថែ្លងការណ៍​មួយ​នៅ​ថៃ្ង​ពុធ ទី​៥ ខែ​សីហា ថា ខ្លួន​សុំ​បញ្ជាក់​សុំ​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ការពារ​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ៕