មូរ សុខហួរ វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​២៥​កញ្ញា

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​មាន​គម្រោង​វិល​ត្រទ្បប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថៃ្ង​សុក្រ ទី​២៥ ខែ​កញ្ញា ឆាប់ៗ​នេះ ដើម្បី​មក​បំពេញ​ការងារ​ជា​ធម្មតា​ក្នុង​ការ​បម្រើ​ប្រជា​ពលរដ្ឋ ក្រោយ​ពី​លោកស្រី​បាន​អវត្តមាន​ពី​ប្រទេស​កម្ពុជា រយៈពេល​ជាង​១​ខែ​ចាប់​ពី​ដើម​ខែ​សីហា​កន្លង​ទៅ។

0:00 / 0:00

លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​ផង​ដែរ​នេះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​វិល​ត្រទ្បប់​មក​វិញ​របស់​លោកស្រី មូរ សុខហួរ ជា​រឿង​ធម្មតា។

លោក យឹម សុវណ្ណ ថ្លែង​យ៉ាង​ដូច្នេះ ៖ «គាត់​ទៅ​មក​បំពេញ​ការងារ​ធម្មតា ជា​អ្នក​តំណាងរាស្រ្ដ​នៃ​ប្រទេស​កម្ពុជា គាត់​អញ្ជើញ​ត្រឡប់​មក​វិញ ពី​បេសក​កម្ម​នៅ​ក្រៅ​ប្រទេស ហើយ​សភា​នឹង​បើក​ប្រជុំ​ក្នុង​ពេល​ឆាប់ៗ ដូច្នេះ​គាត់​នឹង​ចូលរួម​ក្នុង​កិច្ចការ​សភា បម្រើ​ប្រជា​ពលរដ្ឋ​ទៅ​តាម​តែ​អ្វី​ដែល​ជា​តួនាទី​ភារកិច្ច​របស់​អ្នក​តំណាង​រាស្រ្ដ»

សុខ សេរី ៖ ចុះ​រឿង​អភ័យ​ឯកសិទ្ធិ​របស់​លោកស្រី? យឹម សុវណ្ណ «លោកស្រី មូរ សុខហួរ បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ រង់ចាំ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍»

ទាក់ទង​នឹង​ការ​វិល​ត្រទ្បប់​មក​វិញ​របស់​លោកស្រី មូរ សុខហួរ នា​ពេល​ឆាប់ៗ​នេះ លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផៃ្ទ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោកស្រី មូរ សុខហួរ មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឬ​សន្តិសុខ​ផ្ទាល់​ខ្លួន​ទេ។

លោក ខៀវ សុភ័គ ថ្លែង​ដូច្នេះ​ថា ៖ «គាត់​ដូច​ប្រជា​ពលរដ្ឋ​ធម្មតា ព្រោះ​គាត់​មិន​ទាន់​ត្រូវ​បាន​សភា​ប្រគល់​អភ័យ​ឯកសិទ្ធិ​ជូន​នៅ​ឡើយ​ទេ។ ចំពោះ​រឿង​ខ្ញុំ​មិន​ព្រួយ​បារម្ភ​ទេ ប៉ុន្តែ​បើ​គាត់​ព្រួយ​អាស្រ័យ​លើ​គាត់ ធម្មតា​គាត់​ដូច​ប្រជា​ពលរដ្ឋ​យើង ១៣​-១៤​លាន​នាក់ ការ​ការពារ​សុវត្ថិ​ភាព​មាន​ដូច​គ្នា»

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ហៅ​កាត់​ថា អាដហុក បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «បើ​សិន​ជា​យ៉ាង​ណា​ក៏​ដោយ ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​សុវត្ថិភាព​របស់​មន្រ្តី​នយោបាយ​របស់​គណបក្ស​និង​មន្រ្តី​សង្គម​ស៊ីវិល វា​ជា​រឿង​មួយ​ដែល​ជា​កាតព្វ​កិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ការពារ​ដល់​សន្តិសុខ​ដល់​ពួក​គាត់»

សូម​ជម្រាប​ថា លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​មណ្ឌល​ខេត្ត​កំពត ត្រូវ​បាន​សភា​ជាតិ​បាន​លើក​អភ័យ​ឯកសិទ្ធិ​ជា​តំណាង​រាស្រ្ត​កាល​ពី​ថៃ្ង​ទី​២២ ខែ​មិថុនា កន្លង​ទៅ ជាមួយ​នឹង​លោក ហូ វ៉ាន់ ជា​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​ផង​ដែរ។

ក្រោយ​មក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​កាត់​ទោស​កំបាំង​មុខ កាល​ពី​ថៃ្ង​ទី​៤ ខែ​សីហា កន្លង​ទៅ ឲ្យ​លោក​ស្រី​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​១៦​លាន​៥​សែន​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍ ប្តឹង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោកស្រី​បាន​ប្តឹង​ទាស់​ទៅ​នឹង​សាលក្រម​នេះ ភ្លាមៗ​ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រម​ដោយ​គ្មាន​មេធាវី​ការពារ​នោះ។

លោកស្រី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថៃ្ង​ទី​៥ ខែ​សីហា កន្លង​ទៅ ដើម្បី​បេសក​កម្ម​ផង​និង​រឿង​ផ្ទាល់​ខ្លួន​ផង។

លោកស្រី​ចូលរួម​ក្នុង​សវនា​ការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អាមេរិក ថៃ្ង​ទី​១០ ខែ​កញ្ញា​កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ិនតោន សហរដ្ឋ​អាមេរិក ជាមួយ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៃ​មណ្ឌល​អប់រំ​ច្បាប់​សហគមន៍។

លោកស្រី មូរ សុខហួរ បាន​រិះគន់​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​សវនាការ​នោះ និង​បាន​រិះ​គន់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដែល​បានឲ្យមានការធ្វើ​ប្រតិកម្មជាច្រើន​ពីមន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលកម្ពុជា៕