លោកស្រី មូរ សុខហួរ ថ្លែងថា ការដកអភ័យឯកសិទ្ធិលោកស្រីនេះកំពុងបង្ហាញអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ៖ «ថាតើកន្លែងណាជាយុត្តិធម៌? តើសភាជាតិនេះជាសភាជាតិពិតប្រាកដឬជាសភារបស់គណបក្សប្រជាជនកម្ពុជា? ហើយយើងឃើញថា គ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់លទ្ធិប្រជាធិបតេយ្យ»។
ក្រុមអ្នកកាសែត តំណាងអង្គការសង្គមស៊ីវិល និងតំណាងស្ថានទូត ត្រូវបានគេរារាំងមិនឲ្យចូលស្តាប់អំពីកិច្ចប្រជុំនោះឡើយ ដោយគេឃើញតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្ដម រណឫទ្ធិ ដែលលើកដៃយល់ព្រមប៉ុណ្ណោះ។
មន្រ្តីសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សប្រឆាំងថ្ងៃនេះនាំឲ្យមានភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្រាដែលអ្នកតំណាងរាស្រ្តបានជាប់ឆ្នោតដោយសំឡេងគាំទ្របែរជាសមាជិកសភាគ្រាន់តែលើកដៃទម្លាក់ដោយមិនឲ្យសួរដេញដោលឬឲ្យសាមីខ្លួនបានបំភ្លឺរឿងហេតុឡើយ។
លោក អំ សំអាត បានឲ្យដឹងថា ៖ «បទបរិហារកេរ្តិ៍នេះកម្រិតទាបបំផុតដោយគ្មានទោសជាប់គុកទេ គឺមានតែពិន័យជាប្រាក់ប៉ុណ្ណោះ»។
មន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ មានប្រសាសន៍ថា ៖ «ជាការព្យាយាមរបស់រដ្ឋាភិបាលដើម្បីដាក់សម្ពាធមិនអនុញ្ញាតឲ្យសភាមកពីគណបក្សប្រឆាំងហើយនិងអ្នករិះគន់រដ្ឋាភិបាលដទៃទៀត ជាការផ្ញើសញ្ញាគំរាមកំហែងដល់អ្នករិះគន់ដទៃទៀតថា ប្រទេសកម្ពុជាមិនអនុញ្ញាតឲ្យមានសំឡេងផ្ទុយពីសំឡេងនាយករដ្ឋមន្ត្រីនិងសំឡេងគណបក្សកាន់អំណាច»។
មន្ត្រីស្ថានទូតក៏បានរិះគន់អំពីរឿងនេះជាមួយនឹងការសម្ដែងអំពីការភ្ញាក់ផ្អើលដោយរដ្ឋសភាមិនឲ្យតំណាងទូតចូលរួមស្តាប់ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តបក្សប្រឆាំងនៅថ្ងៃនេះ។
ការភ្ញាក់ផ្អើលមួយទៀតនៅក្នុងការដកអភ័យឯកសិទ្ធិលោកស្រី មូរ សុខហួរ គឺលោកតំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក ហូរ វ៉ាន់ ក៏ត្រូវបានសភាជាតិដកអភ័យឯកសិទ្ធិនៅក្នុងថ្ងៃដដែលជាមួយលោកស្រី មូរ សុខហួរ ដែរ។
លោក ហូរ វ៉ាន់ ធ្លាប់បានរិះគន់អំពីនាយទាហាន២២រូបដែលទទួលសញ្ញាបត្រពីវៀតណាមថាគ្មានគុណភាព ហើយត្រូវបានក្រុមយោធាប្តឹងពីបទបរិហារកេរ្តិ៍និងញុះញង់។ លោក ហូរ វ៉ាន់ បានថ្លែងថា រដ្ឋសភាមិនឲ្យលោកដឹងខ្លួនមុនពីការដកតំណែងលោកថ្ងៃនេះទេ។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ៖ «ពីព្រោះអ្វីដែលមានចុះក្នុងកាសែត Cambodia Dailyនោះ ខ្ញុំបានកែតម្រូវហើយ ហើយនៅតែមានបញ្ហាដកអភ័យឯកសិទ្ធិទៀត តើយើងយល់ថាយ៉ាងម៉េច?»។
មន្ត្រីស្ថានទូតនិងក្រុមសិទ្ធិមនុស្សបានសម្ដែងគ្រប់គ្នាអំពីការក្រៀមក្រំនៃការដកអភ័យឯកសិទ្ធិនេះ ដែលគេចាត់ទុកថាជារឿងបំពានច្បាប់ ផ្តល់នូវភាពអយុត្តិធម៌កាន់តែខ្លាំងមកលើសង្គមខ្មែរ។
ជាមួយគ្នានោះដែរ ប្រធានសហភាពសហជីពនៃព្រះរាជាណាចក្រកម្ពុជា លោក រ៉ុង ឈុន បានគំរាមថាពួកគេនឹងរៀបចំមហាបាតុកម្ម បើសិនជាការនាំខ្លួនលោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ ក្រោយពីការដកអភ័យឯកសិទិ្ធនោះ៕