មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា កន្លងទៅនេះ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួនជាង១០១.២០០នាក់ ស្មើនឹង១៦.៣៤% នៅក្នុងឃុំ-សង្កាត់ចំនួន១.៥៧២កន្លែង នៅក្នុងចំណោមឃុំ-សង្កាត់ទាំងអស់ចំនួន១.៦៣៣កន្លែង នៅប្រទេសកម្ពុជា។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតនោះ គឺមានរយៈពេល៤២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។ ចំពោះអ្នកមានអាយុបោះឆ្នោតថ្មី សរុបចំនួនជាង៦១ម៉ឺននាក់។ ជារួម មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានរំពឹងថា ប្រជាពលរដ្ឋចំនួនជាង៩លាន៦សែននាក់ នឹងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតនោះ គឺមិនត្រូវបានចូលរួមដោយអ្នកសង្កេតការណ៍មកពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ឡើយកន្លងមកនេះ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១១ ខែកញ្ញា ថា ដំណើរការចុះឈ្មោះបោះឆ្នោត និងលុបឈ្មោះអ្នកបោះឆ្នោត បានប្រព្រឹត្តិទៅដោយគ្មានឧបសគ្គអ្វីទេ ហើយគ្មានពាក្យបណ្ដឹងដែរ។
លោក ទេព នីថា៖ «ទោះបីជាគណបក្សទាំងពីរនេះ (គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស) ពហិការមិនចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតក៏ដោយ។ អ៊ីចឹងទេ បញ្ហានេះ ទោះបីជាគាត់មិនបានចូលរួម គាត់ពហិការមិនចូលរួមក៏ដោយ ក៏មិនប៉ះពាល់ដល់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតដែរ។ ក្នុងការអនុវត្តជាក់ស្ដែង សមាជិកទាំងអស់នោះបានចូលរួមប្រជុំ បានចូលរួមក្នុងការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោត តាមតួនាទីរបស់ខ្លួន តាមច្បាប់បោះឆ្នោតដែល គ.ជ.ប បានធ្វើប្រតិភូកម្មអំណាចឲ្យ»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា គណបក្ស សម រង្ស៊ី មិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះអ្នកបោះឆ្នោតនេះទេ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋចំនួន១លាន៥សែននាក់ បានខកខានមិនបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ ដោយសារតែគេរកឈ្មោះមិនឃើញ និងរកការិយាល័យបោះឆ្នោតមិនឃើញជាដើម៖ «ដូច្នេះ លទ្ធផលដែល គ.ជ.ប បានបញ្ចេញមកនោះ យើងមិនអាចទទួលបានទេ លុះត្រាតែមានការកែទម្រង់ ហើយឲ្យមានស្តាប់នូវអ្វីដែលរបាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និងអង្គការក្រៅរដ្ឋាភិបាល និងគណបក្ស រួមទាំងអស់គ្នាផង។ យើងមិនឃើញមានការកែទម្រង់ ដូច្នេះយើងអត់មានការទុកចិត្តលើប្រព័ន្ធនៃ គ.ជ.ប បានទេ»។
សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា កន្លងមកនេះ មានគណបក្សនយោបាយចំនួន៥ បានបញ្ជូនអ្នកសង្កេតការណ៍ចំនួនជិត៣.៤០០នាក់ តាមដានដំណើរការចុះឈ្មោះបោះឆ្នោត កន្លងមកនេះ។
គណបក្សទាំង៥នោះ មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស សញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ។
នៅក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា កន្លងទៅនេះ គ.ជ.ប បានលុបឈ្មោះអ្នកបោះឆ្នោតចំនួនជាង៨.០០០នាក់ នៅក្នុងចំណោមឈ្មោះសរុបចំនួនជាង១៤១.០០០នាក់ ត្រូវលុបឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត ដោយសារតែអ្នកទាំងនោះមានពិរុទ្ធភាព និងហេតុផលមួយចំនួនទៀត។
សម្រាប់ការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ គ.ជ.ប ត្រៀមថវិកាសរុបជាង២០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។