លោក សួន សារ៉េត លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រព្រឹត្តិកម្មបានថ្លែងថា ការផ្ទុះឡើងនៃអំពើហិង្សាកន្លងមកនៅក្នុងខេត្តកំពង់ស្ពឺ កើតឡើងដោយសារការយឺតយ៉ាវនៃការដោះស្រាយ ដែលបញ្ហានេះនាំឲ្យមានការបារម្ភសម្រាប់ពេលខាងមុខនេះទៀត។
លោក សួន សារ៉េត មានប្រសាសន៍ថា ៖ «ព្រោះប្រជាពលរដ្ឋគាត់បាត់បង់ដីរបស់គាត់ ដីគាត់ត្រូវគេរំលោភយកដោយក្រុមហ៊ុន ហើយក៏ចំណាត់ការដោះស្រាយពីអាជ្ញាធរមានសមត្ថកិច្ចវាមិនទាន់ពេល យឺតយ៉ាវ មិនយុត្តិធម៌សម្រាប់គាត់ ដូច្នេះហើយបានជាមានអំពើហិង្សាដែលបង្កឡើងដោយប្រជាពលរដ្ឋ។ យើងចុះទៅអន្តរាគមន៍ដើម្បីជំរុញឲ្យមានដំណោះស្រាយជូនដល់ប្រជាពលរដ្ឋដើម្បីកុំឲ្យមានអំពើហិង្សាកើតឡើង»។
តាមគម្រោង គណៈកម្មាធិការប្រព្រឹត្តិកម្ម គ្រោងថានឹងជួបជាមួយនឹងមន្ត្រីខេត្តកំពង់ស្ពឺ និងមន្ត្រីតុលាការ តុលាការផងដែរ ដើម្បីជំរុញឲ្យមានការដោះស្រាយឲ្យបានឆាប់សម្រាប់អ្នកភូមិនៅស្រុកថ្ពង បញ្ឈប់ការតាមចាប់មនុស្ស និងទំនាស់ដីនៅស្រុកឧត្តុង្គ ជំរុញឲ្យមានការចរចាសមរម្យមុននឹងចុះអនុវត្តសាលក្រមជាដើម។
កាលពីពេលថ្មីៗនេះ ការប៉ះទង្គិចគ្នាដោយប្រើអំពើហិង្សារវាងអ្នកស្រុកថ្ពង ឃុំអមលាំង បានកើតឡើងនៅគ្រាដែលក្រុមហ៊ុនព្យាយាមឈូសឆាយដីដើម្បីដាំដើមអំពៅនៅក្នុងគម្រោងសម្បទាន ១ម៉ឺនហិកតា។
អ្នកស្រុកដែលបានអះអាងថា ការឈូសឆាយនោះបានធ្វើនៅលើដីរបស់គាត់ បានដុតខ្ទមរបស់ក្រុមហ៊ុនចោលអស់ចំនួន៦ ហើយក្រោយមកអ្នកភូមិ ២នាក់ត្រូវគេចាប់ដាក់គុក ប៉ុន្តែត្រូវបានដោះលែងមកវិញបន្ទាប់ពីបាតុកម្មតវ៉ារបស់អ្នកស្រុក។
បុរសអ្នកភូមិម្នាក់នៅស្រុកថ្ពង បានថ្លែងប្រាប់នៅថ្ងៃដដែលនេះថា មិនមានឃើញសញ្ញានៃការដោះស្រាយបញ្ហានោះនៅឡើយទេចាប់តាំងពីមានការដោះលែងអ្នកភូមិមកវិញ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេនៅតែបារម្ភអំពីការបាត់បង់ដីធ្លីនេះនៅឡើយ។
អ្នកភូមិនៅស្រុកថ្ពង បានឲ្យដឹងដូច្នេះ ៖ «ទាំងខ្ញុំ ទាំងប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹង...។ ព្រោះឥឡូវជិតដល់ពេលធ្វើស្រែចម្ការហើយ ជិតដល់រដូវវស្សាហើយ។ ក្រុមហ៊ុនគេនៅអភិវឌ្ឍ ហើយឃុំអត់មានរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ តើគិតយ៉ាងម៉េចឥឡូវ? ឥឡូវបែងចែកឲ្យច្បាស់ថា ក្រុមហ៊ុនខាងណេះ ប្រជាពលរដ្ឋខាងណេះ ប្រជាពលរដ្ឋអត់មានព្រួយបារម្ភទៅតវ៉ាអីទៀតទេ»។
តំណាងក្រុមហ៊ុនភ្នំពេញ ស៊ូហ្កើរ លោកស្រី ឈាង គឹមស៊ុន បានមានប្រសាសន៍ទាក់ទងនឹងទំនាស់ដីនៅខេត្តកំពង់ស្ពឺ នោះថា ក្រុមហ៊ុននៅតែបន្តអនុវត្តការឈូសឆាយនោះទៅតាមការអនុញ្ញាតរបស់ក្រសួងកសិកម្ម។ អ្នកស្រីបន្តទៀតថា ក្រសួងបានចុះមកស្រាវជ្រាវសព្វគ្រប់មុននឹងអនុញ្ញាតឲ្យដីនោះដាក់ក្នុងការវិនិយោគសម្បទាន ដូច្នេះអ្វីៗអ្នកស្រីបានទុកឲ្យតុលាការជាអ្នកសម្រេច។
អភិបាលខេត្តនិងអភិបាលខេត្តរងនៃខេត្តកំពង់ស្ពឺ មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបាននៅឡើយទេ ចំណែកមេឃុំអមលាំងវិញ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយអះអាងថាជាប់រវល់៕