ការអំពាវនាវនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃបានប្រកាសថា រដ្ឋាភិបាលថៃនឹងស្នើសុំឲ្យគណៈកម្មាធិការនៃអង្គការយូណេស្កូដើម្បីពិនិត្យឡើងវិញចំពោះការសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ (TNA) បានដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រីថៃអះអាងថា ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ុធេបធឿកស៊ុបាន់ នឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាដើម្បីអធិប្បាយពីជំហររបស់ថៃ ហើយលោកក៏មានប្រសាសន៍ផងដែរថា លោកនៅតែជឿថា រាល់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរអាចដោះស្រាយបានតាមរយៈវិធានការសន្តិភាព។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានមានប្រសាសន៍ថា ៖ «ត្រូវតែបញ្ចប់ការចរចាទ្វេភាគីហើយ ពីព្រោះយើងឃើញរាប់សិបដងមិនឈ្នះហើយ ប៉ុន្តែលទ្ធផលហ្សេរ៉ូ ហើយសកម្មភាពថៃមិនដែលគោរពនូវការសន្យាណាមួយទេ តែងតែចល័តទ័ពជាបន្តបន្ទាប់»។
លោកមេធាវី សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាក៏បានមានប្រសាសន៍ដែរថា ៖ «រដ្ឋាភិបាលគួរតែប្រាប់ទៅខាងភាគីប្រទេសថៃ បើរឿងផ្សេងយើងអាចនិយាយគ្នាបាន រឿងអ៊ីចឹងដូចមិនបាច់ចរចាគ្នាទេ»។
រីឯលោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីបានមានប្រសាសន៍ចំពោះគំនិតនៃការចរចានេះ ៖ «យើងគួរណាស់តែពិនិត្យមើលកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានប្រទេសហត្ថលេខីមួយចំនួនត្រូវបានលើកឡើងអំពីការការពារនូវបូរណភាពអធិបតេយ្យភាពទឹកដីរបស់យើង»។
រហូតមកទល់នឹងល្ងាចថ្ងៃពុធ ទី២៤ មិថុនានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មិនមានលិខិតជាផ្លូវការណាមួយរបស់ប្រទេសថៃដើម្បីសុំចរចារឿងព្រះវិហារដូចដែលសារព័ត៌មានបានផ្សាយថានឹងធ្វើឡើងនៅថ្ងៃសៅរ៍ខាងមុខនេះទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ថា លោកក៏មិនអាចដឹងថា តើនាយករដ្ឋមន្រ្តីកម្ពុជានឹងព្រមទទួលជួបចរចាជាមួយមន្រ្តីថៃនោះឬយ៉ាងណាទេ ប៉ុន្តែលោកបានមានប្រសាសន៍ចំពោះគោលបំណងរបស់ថៃនោះថា ៖ «ដូចជាមិនមានសារសំខាន់អ្វីដែលមកពន្យល់សម្ដេចតេជោទេ គេគួរតែអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នារវាងគណៈកម្មការខណ្ឌសីមាព្រំដែនចម្រុះកម្ពុជាថៃ»។
នៅពេលនេះដែរប្រភពពីមន្រ្តីយោធាបានឲ្យដឹងថា សភាពការណ៍យោធានៅតំបន់ប្រាសាទព្រះវិហារនៅតែប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរគឺរាប់ចាប់តាំងពីថៃបានបញ្ជូនទាហានឈុតខ្មៅរាប់រយនាក់ចូលមកក្នុងទីវត្តខ្មែរ កែវសិក្ខាគិរីស្វរៈ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨មក ក្រោយពេលដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌរួចមក៕