ជាមួយគ្នានេះ អង្គការសង្គមស៊ីវិល កត់សម្គាល់ឃើញថា រដ្ឋាភិបាលពិតជាបង្ហាញចេតនាក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ តែកត្តាដែលនាំឲ្យរដ្ឋាភិបាលអាចសម្រេចជោគជ័យក្នុងការដោះស្រាយបញ្ហានេះ បណ្ដាមកពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពីមន្ត្រីក្រោមឱវាទ។
រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឆាន់ សាផាន មានប្រសាសន៍នៅថ្ងៃទី២ តុលា ថា រដ្ឋាភិបាលបានបង្កើតគោលនយោបាយដោះស្រាយបញ្ហាដីធ្លីជាច្រើនដំណាក់កាល ចាប់តាំងពីឆ្នាំ១៩៨០ មក។ បន្ថែមលើនេះ បច្ចុប្បន្នរដ្ឋាភិបាលកំពុងព្យាយាមបន្តគោលនយោបាយដែលបានដាក់ចេញបន្ថែមទៀត ដោយរដ្ឋាភិបាលប្រើយុទ្ធសាស្ត្រមួយ ដែលគេហៅថា អនុវត្តសកម្មភាពថ្មីលើគោលនយោបាយចាស់។ ក្នុងនោះ រដ្ឋាភិបាលបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ៖ «រាជរដ្ឋាភិបាលបានបើកយុទ្ធនាការទូទាំងប្រទេស ទៅវាស់វែងជូនប្រជាកសិករទាំងនោះហើយ ហើយផ្ដល់កម្មសិទ្ធិ»។
ប្រហាក់ប្រហែលគ្នានេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ សង្កេតឃើញថា កន្លងមករដ្ឋាភិបាលហាក់ប្រឹងប្រែងក្នុងបំណងដោះស្រាយបញ្ហាដីជូនពលរដ្ឋគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅឆ្នាំ២០០១ រដ្ឋាភិបាលបានបង្កើតច្បាប់ភូមិបាល និងជាបន្តបន្ទាប់ រដ្ឋាភិបាលបង្កើតគណៈកម្មាធិការថ្នាក់ជាតិ ព្រមទាំងលិខិតបទដ្ឋានគតិផ្សេងជាច្រើន ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ៖ «ធ្វើហ្នឹង ហើយនិងសង្គមស៊ីវិល ទៅចូលរួម គឺថាសប្បាយចិត្ត និងភូមិបាលចាត់ទុកថា ជាច្បាប់មួយមានលក្ខណៈជឿនលឿន»។
ទោះយ៉ាងណា លោកបញ្ជាក់ថា ការខកខានរបស់មន្ត្រីក្រោមឱវាទក្នុងការអនុវត្តច្បាប់ និងអនុក្រឹត្យផ្សេងៗនោះ ជាបញ្ហាដ៏ចម្បងដែលរដ្ឋាភិបាលគួរពិនិត្យឡើងវិញ។ បន្ថែមលើនេះ រដ្ឋាភិបាលក៏គួរសិក្សាបន្ថែមទៀតដែរ ទាក់ទងនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ព្រោះកន្លងមក ការមិនបានសិក្សាឲ្យបានច្បាស់លាស់ដល់មូលដ្ឋាន បានធ្វើឲ្យប៉ះពាល់ដីរបស់ពលរដ្ឋ។
ទាក់ទងនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះដែរ តំណាងនៃអង្គការជនជាតិភាគតិចទំពួន មកពីខេត្តរតនគិរី សុំមិនបញ្ចេញឈ្មោះ អះអាងថា ការខកខានក្នុងការសិក្សាពីផលប៉ះពាល់នៃពលរដ្ឋ នៅសហគមន៍ ជាផ្នែកមួយដែលបើកឱកាសឲ្យក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ច រំលោភបំពានយកដីរបស់ពលរដ្ឋស្របច្បាប់។
បុរសរូបនេះ បញ្ជាក់ថា មូលហេតុដែលផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុន ក្នុងការយកដីរបស់ពលរដ្ឋនោះ ដោយសារក្បាលដីទាំងនោះ នៅមិនទាន់ត្រូវគេវាស់វែងកំណត់ព្រំឲ្យត្រឹមត្រូវ។ ជាមួយគ្នានេះ លោកសង្កេតឃើញថា បន្ទាប់ពីរដ្ឋាភិបាលផ្ដល់ដីឲ្យក្រុមហ៊ុនធ្វើការវិនិយោគ ជីវភាពរបស់ពលរដ្ឋរស់នៅតំបន់នោះហាក់យ៉ាប់យឺនជាងមុន៖ «ជាទូទៅ ជនជាតិដើមភាគតិចគាត់ពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិព្រៃឈើអីហ្នឹង អ៊ីចឹងពេលក្រុមហ៊ុនចូលមកដល់ គឺវាប៉ះទៅដល់ព្រៃអារក្ស ព្រៃកប់ខ្មោច ព្រៃលំនៅឋាន ហើយនិងចម្ការវិលជុំរបស់ពួកគាត់»។
ទោះយ៉ាងណា លោក យ៉េង វីរៈ មានប្រសាសន៍ថា មកទល់ពេលនេះ គេនៅមិនទាន់ឃើញរបាយការណ៍ណាមួយ ដែលបង្ហាញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ទទួលផលចំណេញជាងការរក្សាដីទុកជូនពលរដ្ឋធ្វើស្រែចម្ការនោះទេ។
នៅព្រឹកថ្ងៃទី២ តុលា ឆ្នាំ២០១២ អង្គការស្ដារកម្ពុជា អង្គការអាស៊ាន អិន.ជី.អូ ខូល្លីសិន (Asian NGO Coalition) និងអង្គការអ៊ីនធឺណែសិនណល លែន ខូល្លីសិន (International Land Coalition) សហការគ្នារៀបចំបើកវេទិកាដីធ្លី នៅសណ្ឋាគារអ៊ីមផឺរៀល ស្ដីពីការជំរុញអភិបាលកិច្ចផ្នែកដីធ្លីឲ្យមានលក្ខណៈប្រជាធិបតេយ្យ ដែលផ្ដល់ឱកាសយ៉ាងទូលំទូលាយជូនអ្នកក្រីក្រ ដើម្បីទទួលបានសិទ្ធិលើដីធ្លី និងធនធានទាំងឡាយដែលជាកម្មសិទ្ធិរួម។ វេទិកានេះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល សិស្ស និស្សិត និងអ្នកជំនាញការ មកពីប្រទេសផ្សេងៗនៅទ្វីបអាស៊ី ដើម្បីចូលរួមក្នុងអង្គវេទិកានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។