មន្ត្រី​បក្ស​ប្រឆាំង​មិន​ស្នើ​បេក្ខភាព​តំណាង​រាស្ត្រ​ជំនួស​លោក សម រង្ស៊ី ទេ

មន្ត្រី​គណ​បក្ស​ប្រឆាំង​បាន​ថ្លែង​ថា គណ​បក្ស​នេះ​នឹង​មិន​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ដាក់​បេក្ខភាព​ថ្មី​ជំនួស លោក សម រង្ស៊ី ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​នោះ​ទេ។

0:00 / 0:00

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ថា​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​គណ​បក្ស​ប្រឆាំង ដាក់​សំណើ​សុំ​ផ្លាស់​ប្ដូរ​បេក្ខភាព​តំណាង​រាស្ត្រ​ថ្មី ជំនួស​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​នោះ​ទេ បើ​ទោះ​បី​រដ្ឋ​សភា​បាន​បញ្ចប់​បុព្វ​សិទ្ធិ និង​សិទ្ធិ​ជា​តំណាង​រាស្ត្រ​របស់​លោក នៅ​មណ្ឌល​កំពង់ចាម​រួច​ហើយ​ក៏​ដោយ។

លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ផ្ដន្ទា​ទោស​លោក សម រង្ស៊ី ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១២​ឆ្នាំ កើត​ពី​ការ​ជួយ​កសិករ​កុំ​ឲ្យ​បាត់បង់​ដីស្រែ និង​ការពារ​ទឹក​ដី​កុំ​ឲ្យ​បរទេស​ឈ្លាន​ពាន គឺ​បក្ស​កាន់​អំណាច​មាន​ចេតនា​រុញ​ច្រាន​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា ៖ «ជា​ការ​ប៉ុនប៉ង​ផ្នែក​នយោបាយ​ដើម្បី​មិន​ឲ្យ​លោក​ប្រធាន​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ។ លោក​ប្រធាន សម រង្ស៊ី ជា​អ្នក​មាន​សេចក្ដី​ក្លាហាន ហ៊ាន​ចេញ​មុខ​ការពារ​ទឹក​ដី​កុំ​ឲ្យ​បរទេស​ឈ្លាន​ពាន។ ការពារ​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ ការពារ​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ ដូច្នេះ​លោក​ត្រូវ​បាន​ចាត់​ទុក​ជា​វីរជន។ ដូច្នេះ​បើ​គ្មាន​កំហុស​ឆ្គង​ពី​បទ​ព្រហ្មទណ្ឌ​ទេ គឺ​គ្មាន​នរណា​ម្នាក់​អាច​ឲ្យ​លោក​ប្រធាន​ឈប់​ពី​តំណាង​រាស្ត្រ​ទេ។ ដូច្នេះ​ដាច់​ខាត​គឺ​យើង​មិន​ដាក់​បេក្ខជន​ជា​ដាច​ខាត»

ការ​ដក​សិទ្ធិ​នេះ អាច​នាំ​ឲ្យ​លោក សម រង្ស៊ី មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​សម្រាប់​អាណត្តិ​ថ្មី​ខាង​មុខ​នេះ​បាន​ទេ។

ទាក់​ទង​បញ្ហា​នេះ លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មីនា គ.ជ.ប. លោក មិន​ទាន់​បាន​ទទួល​សំណើ​ពី​គណ​បក្ស​ប្រឆាំង ស្នើ​ឲ្យ​ដាក់​បេក្ខភាព​ថ្មី ជំនួស​កៅអី​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម ជំនួស​តំណែង​លោក សម រង្ស៊ី នៅ​ឡើយ​ទេ បន្ទាប់​ពី​រដ្ឋសភា​បញ្ចប់​មុខ​តំណែង​រួម​មក ៖ «នៅ​តាម​ច្បាប់​បោះឆ្នោត​កន្លង​មក កាល​ណា​សមាជិក​ណា​មួយ​ចេញ​ដោយ​ស្លាប់ ដោយ​មាន​ធុរៈ ដោយ​មាន​ស្អី​ផ្សេងៗ គឺ​គណ​បក្ស​គេ​ស្នើ​អ្នក​ជំនួស​ក្រោយ។ យើង​អត់​ឃើញ​នៅ​ឡើយ​ទេ»

មន្ត្រី គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​បោះ​ឆ្នោត​ប្រទេស​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​សម្រេច​ទៅ​ឲ្យ​គណ​បក្ស​សំខាន់​ជាង​បេក្ខភាព​តំណាង​រាស្ត្រ។ ដូច្នេះ​រាល់​ការ​សម្រេច​ផ្លាស់​ប្ដូរ​សមាជិក​សភា ឬ​ដក​បេក្ខភាព​តំណាង​រាស្ត្រ​ណា​ម្នាក់ គឺ​គណ​បក្ស​ជា​អ្នក​មាន​សិទ្ធិ​សម្រេច។

យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​ប្រឆាំង​បាន​ប្រកាស​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ដឹង​ថា មន្ត្រី​គណ​បក្ស​លោក នឹង​មិន​ស្នើ​បេក្ខភាព​ថ្មី​ជំនួស​កៅអី​របស់​លោក​នៅ​មណ្ឌល​កំពង់ចាម​នោះ​ទេ។ ហើយ​ថា រូប​លោក​នៅតែ​ចាត់​ទុក​ខ្លួន​ឯង នៅ​មាន​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ​ដដែល។ លោក សម រង្ស៊ី បាន​ថ្លែង​ពី​ប្រទេស​បារាំង ដោយ​ចាត់​ទុក​ការ​ដកហូត​តួនាទី​តំណាង​រាស្ត្រ​របស់​លោក​ផ្ដើម​ដោយ​រដ្ឋ​សភា​កម្ពុជា ថា​ជា​រឿង​ខុស​ច្បាប់។

ទោះ​ជា​បែប​នេះ​ក្តី លោក អ៊ឹម សួស្តី ថ្លែង​ថា ការណ៍​ដែល​លោក សម រង្ស៊ី បាន​វិល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ឬ​បែប​ណា​នោះ មិន​មែន​ជា​សមត្ថ​កិច្ច​របស់ គ.ជ.ប. ទេ គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហា​ផ្ទៃ ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ឯណោះ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ដើម្បី​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​លោក សម រង្ស៊ី បាន​ទេ តាម​ទូរស័ព្ទ ថ្ងៃ​ទី​២០ ខែ​មីនា​នេះ។

លោក សម រង្ស៊ី មេ​គណ​បក្ស​សម​រង្ស៊ី ត្រូវ​បាន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា លុប​ឈ្មោះ​ចេញ​ពី​បុព្វ​សិទ្ធិ​សមាជិក​សភា​មណ្ឌល​កំពង់ចាម អាណត្តិ​ទី​៤ បន្ទាប់​ពី​សាលដីកា​របស់​តុលាការ​កំពូល បាន​ចូល​ជា​ស្ថាពរ កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ លើ​សំណុំ​រឿង​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៥ នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​ចុង​ឆ្នាំ​២០០៩។

លោក សម រង្ស៊ី ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​កំពុង​ជាប់​ប្ដឹង​មួយ​ករណី​ទៀត ដែល​រដ្ឋាភិបាល​ប្ដឹង​ចោទ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ក្លែង​ផែនទី ដែល​ត្រូវ​សាលាដំបូង​កាត់​ក្ដី​កំបាំង​មុខ​ផ្ដន្ទា​ទោស​ដាក់​គុក​រយៈ​ពេល ១០​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ១០០​លាន​រៀន។ ដូច្នេះ​សំណុំ​រឿង​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី​នេះ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១២​ឆ្នាំ។

ទោះ​ជា​បែប​នេះ​ក្ដី សាធារណជន និង​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​បញ្ចេញ​ទស្សនៈ​ថា សង្គម​មួយ​ដែល​ប្រកាន់​យក​ការ​ដឹក​នាំ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ មិន​គួរ​រុញ​ច្រាន​ឲ្យ​មេ​ដឹកនាំ​បក្ស​ប្រឆាំង មិន​ឲ្យ​មាន​សិទ្ធិ​បាន​ចូល​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ ក៏​បាន​ឈរ​ឈ្មោះ​ចូល​រួម​ការ​បោះ​ឆ្នោត ដោយ​ស្មើភាព​ជា​មួយ​គណ​បក្ស​កំពុង​កាន់​អំណាច​នោះ​ទេ៕