ការ​ចោទ​លោក ហោ ណាំហុង ​ជា​ប្រធាន​គុក​នៅ​មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ នេះ បាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ឃើញ​មាន​ឯកសារ​ពី​មន្ទីរ ស-២១ ណា​មួយ ដែល​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ។ ក៏​ប៉ុន្តែ ឯកសារ​ផ្សេង​ទៀត​សរសេរ​ថា លោក ហោ ណាំហុង ធ្លាប់​ជា​ប្រធាន​ក្រុម​អ្នកទោស ដែល​មាន​សិទ្ធិ​អំណាច​ខ្លាំង​ក្នុង​មន្ទីរ​ឃុំឃាំង​បឹង ត្របែក​នៅ​សម័យ​នោះ។

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ កាល​ពី​ពេល​ថ្មីៗ នេះ បាន​បង្ហាញ​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​លោក​អំពី​ឯកសារ​នានា ស្វែង​រក​ក្រុម​អ្នក​ទទួលខុស​ត្រូវ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ លោក​នៅ​មិន​ទាន់​រក​ឃើញ​ឯកសារ​ណា​មួយ ដែល​បង្ហាញ​ថា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​កម្ពុជា ធ្លាប់​ជា​អ្នក​គ្រប់គ្រង​គុក​បឹង​ត្របែក កាល​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ឡើយ។

លោក ឆាំង យុ មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​លោក​ទៅ​លើ​ឯកសារ​នៃ​ចម្លើយ​សារភាព​មួយ​ចំនួន ដែល​បន្សល់​ទុក​ក្នុង​សារមន្ទីរ​គុក​ទួល​ស្លែង ឬ​មន្ទីរ ស-21 បាន​រក​ឃើញ​ថា មាន​តែ​ឈ្មោះ វាន់ ទីនី ប៉ុណ្ណោះ ដែល​ឆ្លើយ​សារភាព​ថា ជា​ប្រធាន​គុក​បឹង​ត្របែក កាល​ពី​ពេល​នោះ។

លោក ឆាំង យុ ៖ «ប្រធាន​គុក​ហ្នឹង គឺ​លោក វាន់ ទីនី ទេ មិន​មែន​ជា​គាត់​ទេ។ ជា​ទូទៅ​អ្នក​សិក្សា​តែង​ទាញ​សំអាង។ តែ​ជា​ទូទៅ នៅ​ក្នុង​រចនា​សម្ព័ន្ធ​របស់​ខ្មែរក្រហម គឺ​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ ដូច​ជា ប្រធាន​ក្រុម​ហ្នឹង មាន​គ្នា​បី​នាក់ ប្រធាន​កង​តូច​មាន​ជាង ១០នាក់ ប្រធាន​កង​ធំ​មាន​ជាង ៣០ នាក់។ អ៊ីចឹង គេ​មាន​ត្រូវ​ក្រុម​ថ្នាក់​របស់​គេ។ មួយ​ទៀត​នៅ​ក្នុង​ហ្នឹង វា​អត់​មាន​ជា​បញ្ជី​រៀបរាប់ ក ខ គ ឃ ក៏​អត់​មាន​ដែរ»។

សៀវភៅ​ជាង ២០០ ទំព័រ បោះ​ក្នុង​ឆ្នាំ ២០០៣ ដែល​សរសេរ​ដោយ លោក អុង ថុង ហឿង អតីត​អ្នកទោស​នៅ​មន្ទីរ​ឃុំឃាំង​បឹងត្របែក កាល​ពី​សម័យ​ខ្មែរក្រហម បាន​បញ្ជាក់​ថា គុក​បឹងត្របែក​ត្រូវ​បាន​បែងចែក​ជា​មណ្ឌល​បី គឺ​មណ្ឌល ប-៣០ ប-៣១ និង ប-៣២ ដែល​មាន​លោក ហោ ណាំហុង ជា​ប្រធាន​ក្រុម​អ្នកទោស ហើយ​ភរិយា​របស់​គាត់​ជា​ប្រធាន​ក្រុម​អ្នកទោស​ស្រី។ ចំណែក​កូន​ប្រុស​របស់​គាត់​ធ្វើ​ជា​ប្រធាន​ក្រុម​កុមារ។ មណ្ឌល ប-៣២ នេះ​ជា​មណ្ឌល ដែល​ឃុំឃាំង​ក្រុម​បញ្ញវន្ត មន្ត្រី​រាជការ ឬ​អតីត​មន្ត្រី​ទូត​មួយ​ចំនួន ដែល​មាន​វ័យ​ចំណាស់​បន្តិច។

សៀវភៅ​របស់​លោក អុង ថុង ហឿង ក៏​បាន​សរសេរ​ដែរ​ថា ប្រធាន​ក្រុម​អ្នកទោស​បឹងត្របែក​មាន​បុព្វសិទ្ធិ និង​មាន​អំណាច​រាយការណ៍​អំពី​អ្នកទោស​ទាំង​អស់​ទៅ​ថ្នាក់​លើ​របស់​ខ្មែរ​ក្រហម ដើម្បី​ពិចារណា​ក្នុង​ការ​យក​អ្នកទោស​ទៅ​សម្លាប់​ចោល នៅ​វត្ត​ជើង​ឯក ឬ​យក​ទៅ​ធ្វើ​ទារុណកម្ម នៅ​គុក​ទួល​ស្លែង​ជា​ដើម។

លោក ឆាំង យុ មាន​ប្រសាសន៍​ថា តួនាទី​របស់​ខ្មែរក្រហម​ម្នាក់ មិន​អាច​បញ្ជាក់​អំពី​សកម្មភាព​របស់​ក្រហម​ដទៃ​ទៀត​បាន​ទេ ហើយ​ថា សៀវភៅ​របស់​លោក អុង ថុង ហឿង គ្រាន់​តែ​ជា​សាក្សី​មួយ​ប៉ុណ្ណោះ។

លោក ឆាំង យុ ៖ «ហើយ​អា​នេះ​ដែល​សំខាន់។ តាម​អ្វី​ដែល​លោក អុង ថុង ហឿង ហ្នឹង​គ្រាន់​តែ​ជា​កសិណ​សាក្សី​របស់​សាក្សី​ម្នាក់។ អ៊ីចឹង​ជា​ទូទៅ​នៅ​ក្នុង​ឯកសារ​មិន​ទេ។ ម្យ៉ាង​ទៀត​ ការ​ទាញ​ហេតុផល​ថា មាន​មនុស្ស​ម្នាក់​អាច​មាន​កម្រិត ឬ​មាន​អំណាច​ប៉ុណ្ណោះ​ត្រឹម​ណា​នោះ អា​ហ្នឹង​វា​ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​នៅ​ក្នុង​រចនា​សម្ព័ន្ធ​របស់​ខ្មែរ​ក្រហម គេ​មាន​ប្រធាន​កង​តូច កង​ធំ និង​មាន​តួនាទី​រៀងៗ គ្នា។ តែ​ជា​បុគ្គល វា​អាច​ជ្រុលជ្រួស វា​អាច​តិច វា​អាច​ច្រើន វា​មាន​តាម​ហ្នឹង​ដែរ។ តែ​តួនាទី​មួយ​មិន​អាច​បញ្ជាក់​ពី​សកម្មភាព​របស់​បុគ្គល​ម្នាក់​បាន​ទេ»។

គេហទំព័រ វីគីលីគ (Wikileaks) កាល​ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០១១ បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​លោក អេឡិកសែនឌើរ អេវីហ៊្សូ (Alexander Avizu) អតីត​អនុ​ប្រធាន​បេសកកម្ម​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០២ បាន​សរសេរ​ថា លោក ហោ ណាំហុង ជា​អតីត​ប្រធាន​គុក​បឹង​ត្របែក​ក្នុង​របប​ខ្មែរក្រហម។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា បាន​កោះហៅ​ លោក ចេហ្វ ដាអ៊ីហ្គល (Jeff Daigle) អនុ​ប្រធាន​បេសកកម្ម និង​ជា​ភារធារី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ការ​តវ៉ា​ជំទាស់ និង​តវ៉ា​ចំពោះ​របាយការណ៍​នោះ ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែ​តម្រូវ។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា​កន្លង​ទៅ​នេះ លោក ហោ ណាំហុង ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោកស្រី ហ៊ីល្លារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​សុំ​ឲ្យ​មាន​ការ​កែ​តម្រូវ​ប្រវត្តិ​សាវតារ​របស់​លោក​បាន​ចេញ​ផ្សាយ​ក្នុង​គេហទំព័រ វីគីលីគ។

នៅ​ក្នុង​លិខិត​នោះ លោក ហោ ណាំហុង បាន​សម្ដែង​ក្ដី​អាក់អន់ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​របាយការណ៍​បរិហារកេរ្តិ៍​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​បញ្ហា​នេះ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) លោក ហែម ហេង មាន​ប្រសាសន៍​ថា នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ណា​មួយ​ពី​លោកស្រី ហ៊ីល្លារី គ្លីនតុន នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា លោក​ស្រី​កំពុង​ជាប់​បេសកកម្ម​នៅ​បរទេស។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លោក ម៉ាក វេនិគ (Mark Wenig) មាន​ប្រសាសន៍​តាម​សារ​អ៊ីមែល​ថា ស្ថានទូត​អាមេរិក​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​លើ​អត្ថបទ​រដ្ឋាភិបាល​របស់​ខ្លួន ដែល​បាន​លេច​ធ្លាយ​នោះ​ឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដែល​លោក ហោ ណាំហុង ខិតខំ​ស្វែងរក​ការ​កែ​តម្រូវ​អំពី​ប្រវត្តិ​សាវតារ​របស់​លោក ដែល​បាន​សរសេរ​ក្នុង​របាយ​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​នោះ គឺ​ដោយសារ​លោក​មិន​ចង់​ជាប់​ជំពាក់​ក្នុង​ការ​សម្លាប់​នៃ​របប​ខ្មែរក្រហម ដែល​សាលាក្ដី​ខ្មែរក្រហម​អាច​នឹង​ស៊ើបអង្កេត​នោះ​ឡើយ៕