នួន ជា សុំ​ឱ្យ​តុលាការ​ស៊ើប​ពី​តួនាទី​របស់​វៀតណាម​ក្នុង​រឿង​ខ្មែរ​ក្រហម

សវនាការ​បឋម​របស់​សាលាក្ដី​ខ្មែរក្រហម​ថ្ងៃ​ទី​៤ នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ នួន ជា បាន​ជម្រាប​ជូន​អង្គ​សវនាការ​បឋម​ថា កូន​ក្ដី​របស់​លោក​ស្នើសុំ​ឱ្យ​ចៅក្រម​ស៊ើបអង្កេត​លើ​តួនាទី​របស់​ប្រទេស​វៀតណាម មុន និង​ក្នុង​អំឡុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​មិនមែន​ត្រឹមតែ​អំឡុង​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ប៉ុណ្ណោះ​ទេ។

សវនាការ​បឋម​រយៈពេល ៤ ថ្ងៃ របស់​សាលាក្ដី​ខ្មែរក្រហម​អំពី​អង្គច្បាប់​ក្នុង​សំណុំ​រឿង​លេខ ០០២ បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ មិថុនា ឆ្នាំ ២០១១។ មុន​នឹង​បញ្ចប់​សវនាការ​នេះ ជនជាប់ចោទ នួន ជា និង ខៀវ សំផន បាន​ព្យាយាម​លើក​ឡើង​នូវ​សំណើ និង​បញ្ហា​មួយ​ចំនួន​ដល់​អង្គ​សវនាការ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ចុង​ក្រោយ ដើម្បី​ត្រៀម​សម្រាប់​បំភ្លឺ​ក្នុង​ដំណើរ​ការ​ជម្រះ​ក្ដី​នៅ​ពេល​ខាង​មុខ​នោះ មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ នួន ជា គឺ​លោក វីកទ័រ កូប៉េ (Victor Koppe) បាន​ជម្រាប​ជូន​អង្គ​សវនាការ​បឋម​ថា ទាក់ទង​នឹង​រឿង​រ៉ាវ​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម កូន​ក្ដី​របស់​លោក គឺ នួន ជា ស្នើសុំ​ទៅ​ចៅក្រម​ស៊ើបអង្កេត​ឱ្យ​ស៊ើប​ឱ្យ​បាន​ច្បាស់​លើ​តួនាទី​របស់​ប្រទេស​វៀតណាម ទាំង​នៅ​សម័យ​មុន និង​ទាំង​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។ គឺ​មិនមែន​ស៊ើប​ត្រឹមតែ​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប៉ុណ្ណោះ​ទេ។

មេធាវី​ការពារ​បាន​ឱ្យ​ដឹង​ទៀត​ថា ជន​ជាប់​ចោទ នួន ជា បាន​លើក​ឡើង​ថា វា​ជា​ការ​ចាំបាច់ ដែល​ត្រូវ​ស៊ើប​អង្កេត​អំពី​រឿង​តួនាទី​នយោបាយ​វៀតណាម​នេះ។ តាម​រយៈ​អ្នក​បកប្រែ​ភាសា​នៅ​ក្នុង​សវនាការ លោក វីកទ័រ កូប៉េ លោក​លើ​សំអាង​ហេតុផល​ពី​នយោបាយ​ពាក់ព័ន្ធ​នឹង​វៀតណាម​នោះ​ដូច្នេះ ៖ «ព្រោះ​ថា សេចក្ដី​សម្រេច​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ច្រើន ធ្វើ​ឡើង​ដោយសារ​តែ​គោល​នយោបាយ​របស់​ប្រទេស​វៀតណាម»។

លោក​មេធាវី វីកទ័រ កូប៉េ បន្ត​ថា នួន ជា កូន​ក្ដី​របស់​លោក ក៏​បាន​លើក​ហេតុ​ផល​ដែរ​ថា ផលវិបាក​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ក៏​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ដែរ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា តើ​មាន​វិបត្តិ​ស្បៀង​អាហារ​ឬទេ​នៅ​មុន​ឆ្នាំ ១៩៧៥។ ប្រ​សិន​បើ​មាន​មែន តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ប្រជាជន​កម្ពុជា​នៅ​ពេល​នោះ? តើ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ?

មេធាវី​ជន​ជាប់​ចោទ នួន ជា លើក​ឡើង​ទៀត​ថា វា​ជា​ការ​ចាំ​បាច់​ណាស់​ដែរ ដែល​ត្រូវ​ស៊ើប​អង្កេត​មេ​បញ្ជាការ​យោធា​ខ្មែរក្រហម នៅ​ភូមិ​ភាគ​បូព៌ា ដែល​ខាង​គណៈមជ្ឈិម​គ្មាន​តួនាទី​អនុវត្ត​អំណាច​របស់​ខ្លួន​បាន។

ទាក់ទង​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​នៅ​គុក​ទួល​ស្លែង ជនជាប់ចោទ នួន ជា ថា ឌុច មិនបាន​និយាយ​ការពិត​ទេ ចំពោះ​តួនាទី​របស់​គាត់​ នៅ​ក្នុង​រឿង​ភាព​សាហាវ​ព្រៃ​ផ្សៃ នៅ​មន្ទីរ ស២១ ឬ​គុក​ទួល​ស្លែង​នោះ។ នួន ជា សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់​លើ​សេចក្ដី​ថ្លែង​ការ​របស់ ឌុច ។

នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ ដែល​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​សាក្សី អ្នក​ជំនាញ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជន​ជាប់​ចោទ ខៀវ សំផន ក៏​បាន​តវ៉ា​ដល់​អង្គ​សវនាការ​ដែរ​ថា នៅ​ក្នុង​បញ្ជី​ឈ្មោះ​សាក្សី​របស់​សាលាក្ដី​មិន​មាន​ឃើញ​មាន​ឈ្មោះ​សាក្សី​របស់​គាត់​ទេ គឺ​ភាគ​ច្រើន​បំផុត សុទ្ធ​តែ​សាក្សី​របស់​ព្រះរាជអាជ្ញា ដែល​ជា​អ្នក​ត្រូវ​ឆ្លើយ​ដាក់​បន្ទុក​លើ​រូប​គាត់​ប៉ុណ្ណោះ។

លោក ខៀវ សំផន ថ្លែង​ថា លោក​បាត់​សាក្សី​របស់​លោក​ដែល​បាន​ស្នើសុំ​កន្លង​មក៖ «មាន​ឈ្មោះ​សាក្សី​ខ្លះ​របស់​គាត់ បែរ​ទៅ​ជា​សាក្សី​របស់​ព្រះរាជអាជ្ញា​សម្រាប់​ចោទ​ប្រកាន់​ទៅ​វិញ»។

ជនជាប់ចោទ ខៀវ សំផន បន្ត​ថា ដើម្បី​ឱ្យ​ការពិត ភាព​ស្មោះត្រង់ និង​ត្រឹមត្រូវ​របស់​លោក​លេច​ឡើង លុះ​ត្រា​តែ​តុលាការ​ យល់ស្រប និង​សុខចិត្ត​ស្ដាប់​សាក្សី​សំខាន់ៗ របស់​គាត់ ព្រោះ​សាក្សី​ទាំង​នោះ​ស្គាល់​ច្បាស់។ ជនជាប់ចោទ ខៀវ សំផន សន្យា​ថា គាត់​នឹង​ដាក់​បញ្ជី​ឈ្មោះ​ជា​លាយ​លក្ខណ៍​អក្សរ​ម្ដង​ទៀត៕