លោកបណ្ឌិត ទិត្យ ណារ៉ាញ់គិរី សាស្ត្រាចារ្យនៃសកលវិទ្យាល័យ John Hopkins និងជាអតីតមន្ត្រីជាន់ខ្ពស់នៃស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីអំពីគោលបំណងនៃញត្តិនេះយ៉ាងដូច្នេះ ៖ «យើងចង់ឲ្យលោក អូបាម៉ា យកទៅពិនិត្យរឿងហ្នឹង បើលោកចង់និយាយថាលោកចង់ឲ្យមាន គោរពសិទ្ធិមនុស្ស យើងចង់ឲ្យគោរពយុត្តិធម៌ មិនត្រឹមតែស្រុកនេះទេ ទាំងមួយទ្វីប ហើយសេរីភាពទាំងអស់ហ្នឹង។ យើងសុំលោកតែប៉ុណ្ណឹង ថាសុំលោកពិនិត្យពិចារណាទៅមើលស្រុកខ្មែរ ខ្មែរក្រោមផង គេធ្វើបាបយ៉ាងម៉េច? និយាយអ៊ីចឹងទៅ លោកទៅការពារ Darfur បាន ម៉េចក៏លោកការពារនៅស្រុកខ្មែរផង នៅខាងខ្មែរក្រោមបានទេ? ត្រង់ហ្នឹង យើងមិនមែនសុំគេឲ្យជួយកន្លែងណាដែលគេធ្វើមិនបានទេ យើងសុំគេមកជួយដែលគេថាគេជួយបាននោះ។ បើយើងមិនរំឭកគេ មានអ្នកណាទៅរំឭកគេ»។
លោកបណ្ឌិត ទិត្យ ណារ៉ាញ់គិរី មានប្រសាសន៍បន្តថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតប្រទេសកម្ពុជានិងទឹកដីខ្មែរកម្ពុជាក្រោមនៅវៀតណាមខាងត្បូង។
លោកបណ្ឌិតបញ្ជាក់ប្រាប់ពីគោលចំណុចសំខាន់ពីរក្នុងញត្តិនោះថា ៖ «ទី១ រឿងខ្មែរក្រោមដែលយួនធ្វើបាបយ៉ាងម៉េច។ ទី២ ពួកយួនដែលចូលមកស្រុកខ្មែរយើងអត់មានច្បាប់ទម្លាប់នេះ គឺថាកាលយួនចូលមកយកស្រុកយើងនោះពីឆ្នាំ១៩៧៩នោះគេមានស៊ីញ៉េត្រេតេមួយ គេថាត្រូវតែមានមិត្តភ័ក្ដិជាមួយយួនហ្នឹង ធ្វើជាមួយគ្នាហ្នឹង។ គឺថាគេយកអាត្រេតេហ្នឹងយកមកក្នុងស្រុកយើង យើងថាទេមិនកើត ម៉្លោះហើយគេថា សម្លុតយើងឲ្យយើងយក គេថាស្រុកខ្មែរយើងអត់មានឯករាជទេ ដែលយួនឲ្យយកត្រេតេហ្នឹងមកថាម៉េច ទៅស្ដាំ ហ៊ុន សែន ទៅស្ដាំភ្លាម ទៅឆ្វេង យើងទៅឆ្វេង។ យួនចូលមកស្រេចតែនឹងចិត្ត មានអ្នកណាទប់បាន ហើយខ្មែរយើងពុករលួយផង យួនយកលុយមកទិញក៏វាបានហើយ ព្រោះអី ហ៊ុន សែន អត់ហ៊ានថាអីឲ្យយួនទេ ព្រោះអីយួនវាឲ្យយើងធ្វើធំ។ ត្រង់ហ្នឹងដែលខ្ញុំថា យើងបំបែកវាមិនកើត ព្រោះអីយួនចង់រំលាយខ្មែរក្រោមផង ចង់ឲ្យយកមកចូលដល់ស្រុកខ្មែរយើងផង សព្វថ្ងៃហ្នឹងវាបានទាំងពីរ អ៊ីចឹងបានខ្ញុំភ័យមែនទែន ខ្ញុំថាយួនចូលមកស្រុកខ្មែរម្ដងហ្នឹងយើងគេចអត់រួចទេ»៕