មន្ត្រី​អ.ស.ប.ប្រកាន់​ជំហរ​ដដែល​បន្ទាប់​ពី​មាន​ការ​​ព្រមាន​ពី​រដ្ឋាភិបាល​ខ្មែរ

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប.) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក គ្រីស្តូហ្វ ប៉េស៊ូ នៅ​ថ្ងៃ​៩ កក្កដា នៅ​តែ​ប្រកាន់​ជំហរ​របស់​លោក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​គោរព​បទដ្ឋាន​ច្បាប់​ត្រឹមត្រូវ ក្នុង​ការ​ចាប់​បញ្ជូន​ជន​សង្ស័យ​ពាក់ព័ន្ធ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ជន​ជាតិ​ថៃ ២​នាក់ កាល​ពី​សប្ដាហ៍​មុន។

ការ​ប្រកាន់​ជំហរ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​បណ្ដេញ​លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) ចេញ​ពី​ប្រទេស​កម្ពុជា ពី​សំណាក់​ក្រសួង​ការបរទេស​កម្ពុជា ប្រសិន​បើ​លោក គ្រីស្តូហ្វ ប៉េស៊ូ នៅ​បន្ត​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

លោក គ្រីស្តូហ្វ ប៉េស៊ូ បន្ត​ថា លោក​នឹង​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​ទៅ​នឹង​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហោ ណាំហុង ចុះ​ថ្ងៃ​ទី​៨ ខែ​កក្កដា ព្រមាន​ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ពី​ការ​ចាប់​បញ្ជូន​ជន​សង្ស័យ​ថៃ ទាំង​ពីរ​នាក់ ជា​ការ​ជ្រៀតជ្រែក​ចូល​អធិបតេយ្យភាព​របស់​កម្ពុជា។ លោក​ថា លិខិត​របស់​លោក​មាន​គោលដៅ​ដើម្បី​បំភ្លឺ​បន្ថែម​អំពី​ការ​វិភាគ​ច្បាប់​របស់​លោក ដែល​ឈរ​លើ​មូលដ្ឋាន​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា មាន​កាតព្វកិច្ច​ត្រូវ​គោរព​តាម។

លោក គ្រីស្តូហ្វ ប៉េស៊ូ ក៏​បង្ហាញ​ជំហរ​ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ ទាក់​ទង​នឹង​ការ​និរទេស​ជន​បរទេស​ចេញ​ពី​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១០ កក្កដា ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​លោក គ្រីស្តូហ្វ ប៉េស៊ូ នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក គ្រីស្តូហ្វ ប៉េស៊ូ ជា​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា៕