មតិ​វិភាគ​ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន

ភាព​មន្ទិលសង្ស័យ​របស់​មហាជន​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​តែង​សម្រេច​ជ្រើសរើស​យក​រូប​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី។

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា ការ​សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​ដោយសារ​ក្រុម​មន្ត្រី​ក្នុង​ជួរ​បក្ស​ទាំង​នោះ​មិន​ហ៊ាន​តតាំង ឬ​ប្រឈម​ជាមួយ​លោក ហ៊ុន សែន។ ប៉ុន្តែ​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​និយាយ​ថា លោក ហ៊ុន សែន ស័ក្ដិសម​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​លោក​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស។

រយៈពេល​បួន​អាណត្តិ​មក​ហើយ ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ក្រុម​អ្នក​ឃ្លាំមើល​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គណបក្ស​ប្រជាជន​មាន​តែ​លោក ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ តែង​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី?

អ្នក​វិភាគ​ខ្លះ​បក​ស្រាយ​ថា ដោយសារ​លោក ហ៊ុន សែន មាន​អំណាច​លើស​ពី​ស្ដេច​ផែនដី អម​ទៅ​ដោយ​កង​អង្គរក្ស​រាប់​ពាន់​នាក់ បំពាក់​សព្វាវុធ​គ្រប់​ធុន អង្រួន​គ្រប់​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ទាំង​ពី​រដ្ឋ​សភា ព្រឹទ្ធ​សភា ហៀរ​រហូត​ដល់​ប្រព័ន្ធ​តុលាការ រួម​ទាំង​ជួរ​បក្ស​របស់​ខ្លួន។

លោក ចិត្ត ជលសា ដែល​ជា​អ្នក​វិភាគ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា តែង​ជ្រើសរើស​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​ក្រុម​មន្ត្រី​នៅ​ក្នុង​ជួរ​បក្ស​នេះ​ទាំង​អស់ មិន​ចង់​បែកបាក់ មិន​ចង់​បាត់បង់​មុខ​តំណែង និង​អំណាច ព្រមទាំង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​ជឿ​ថា មាន​បញ្ញវន្ត​ជា​ច្រើន​រូប​ដែល​មាន​គុណ​សម្បត្តិ​ពោ​ពេញ​ទៅ​ដោយ​ភាព​ឆ្លាតវៃ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ប្រជែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​រង​នូវ​ការ​បំភិត​បំភ័យ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ដើម្បី​ពង្រឹង​រដ្ឋបាល​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋបាល​ទំនើប​បាន លុះ​ត្រា​តែ​មាន​អ្នក​ដឹក​នាំ​ម្នាក់​មាន​សេចក្ដី​ក្លាហាន មាន​បទពិសោធន៍​គ្រប់គ្រាន់ ទាំង​កិច្ចការ​កងទ័ព សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គមកិច្ច​ជាដើម។

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដ៏​ចាំបាច់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

ដើម​កំណើត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កើត​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍ កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ជា​ដៃគូ​ជាមួយ​បក្ស​ពលករ​វៀតណាម និង​បក្ស​ប្រទេស​ឡាវ ក្នុង​កំឡុង​អាណានិគម​បារាំង។

បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​១៩៩៣។ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន ៣៦​រូប ហើយ​សមាជិក​នៃ​គណៈកម្មាធិការ​កណ្ដាល​មាន​ចំនួន ៥០​រូប ដែល​មាន​លោក ជា ស៊ីម ប្រធាន លោក ហ៊ុន សែន ជា​អនុ​ប្រធាន និង​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស។

គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​កំពុង​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា​នៃ​អាណត្តិ​ទី​៤។ គណបក្ស​នេះ​មាន ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​ចំនួន ១២៣ ក្នុង​រដ្ឋ​សភា ខណៈ​គណបក្ស សម រង្ស៊ី មាន ២៦​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ឆ្នាំ​១៩៩៣ មាន ២​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​មាន ៣​អាសនៈ ហើយ​គណបក្ស នរោត្តម រណឫទ្ធិ មាន ២​អាសនៈ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​២០២៣។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ធ្វើការ​ផ្លាស់ប្ដូរ​បេក្ខភាព​នាយករដ្ឋមន្ត្រី វា​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទៃក្នុង​បក្ស។

លោក ទេព ងន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​ថ្មី​ណា​ក្រៅ​ពី​លោក ហ៊ុន សែន ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ។

អនុ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ដែល​ជា​អតីត​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ព្រោះ​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​វៀតណាម អាច​និយាយ​ភាសា​វៀតណាម​បាន​ល្អ ព្រម​ទាំង​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​វៀតណាម ថែម​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ក្នុង​ឆ្នាំ​១៩៥២។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ជាមួយ​កងទ័ព​ខ្មែរ​ក្រហម បន្ទាប់​មក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៧ និង​បង្ក​ជា​ចលនា​តស៊ូ​នៅ​ទី​នោះ ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ នៅ​ដើម​ឆ្នាំ​១៩៧៩ ក្រោយ​បាន​ឈ្លានពាន និង​គ្រប់គ្រង​ប្រទេស​កម្ពុជា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ជា​មេដឹកនាំ​មួយ​រូប និង​បាន​ឡើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​១៩៨៥។

រហូត​មក​ទល់​ពេល​នេះ លោក ហ៊ុន សែន បាន​កាន់​អំណាច​នៅ​កម្ពុជា អស់​រយៈពេល ២៦​ឆ្នាំ មក​ហើយ។ លោក​គឺ​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ភូមា និង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​ផ្ដាច់ការ និង​បក្ស​កុម្មុយនិស្ត​ក្នុង​ពិភពលោក​ភាគ​ច្រើន​ជ្រើសរើស​មេដឹកនាំ​ណា​ដែល​ខ្វះ​គុណធម៌ និង​ចិត្ត​ដាច់។ បើ​គិត​ត្រឹមតែ​ក្រោយ​ការ​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ ក្រៅ​តែ​ពី​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​មុខ​ដដែលៗ​អស់​រយៈពេល​ជិត ២​ទសវត្ស​មក​នេះ គេ​ឃើញ​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត ដែល​មាន​មុខ​ដដែល មិន​ផ្លាស់ប្ដូរ​ចេញ​សោះ ទោះ​ជា​ការ​ដឹកនាំ​របស់​ពួកគេ​មិន​ឃើញ​មាន​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ប្រជាជាតិ​ក៏ដោយ។

អ្នក​សង្កេត​ស្ថានការណ៍​កម្ពុជា បន្ត​ថា ដរាប​ណា​មន្ត្រី​ធំៗ​ទាំង​នេះ​មាន​ស្វាមីភក្ដិ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ផ្ដល់​ផលប្រយោជន៍​ជូន​គណបក្ស​កាន់​អំណាច​នោះ វា​ជា​ការ​ស្រេច គឺ​គេ​អាច​រក្សា​មុខ​តំណែង​របស់​គេ​បាន​យូរ។

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​ក្នុង​ពិភពលោក ដូចជា​នៅ​ប្រទេស​អេហ្សីប (Egypt) ទុយណេស៊ី (Tunisia) យេមែន (Yemen) និង​ប្រទេស​លីប៊ីយ៉ា (Libya) សុទ្ធ​តែ​ត្រូវ​បាន​កម្លាំង​មហា​ជន​ធ្វើការ​បះបោរ​ទម្លាក់ ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ទ្រាំ​រស់​នៅ​ត​ទៅ​ទៀត​ក្នុង​វប្បធម៌​ផ្ដាច់ការ ប្រពៃណី​នៃ​អំពើ​ពុករលួយ បក្សពួក គ្រួសារ​និយម និង​ភាព​អយុត្តិធម៌​ដ៏​រ៉ាំ រៃ​នោះ៕