មតិ​រិះគន់​ទៅ​លើ​ចំណាត់​ការ​របស់​​​​រដ្ឋាភិបាល​ក្នុង​​ឧបទ្ទវហេតុ​នៅ​កោះ​ពេជ្រ

ក្រុម​អ្នក​ច្បាប់ មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​រិះគន់​យ៉ាង​ច្រើន​ទៅ​ដល់​រដ្ឋាភិបាល​ខ្មែរ ក្រោយ​ពី​មាន​ការ​អះអាង​ថា គ្មាន​មន្ត្រី​ណា​ម្នាក់​ត្រូវ​ទទួល​ទណ្ឌកម្ម​នោះ​ទេ នៅ​ក្នុង​គ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ និង​របួស ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា កន្លង​ទៅ នៅ​លើ​ស្ពាន​កោះ​ពេជ្រ។

0:00 / 0:00

លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី ដែល​កំពុង​តែ​រៀបចំ​លិខិត​មួយ​ទៅ​រដ្ឋ​សភា​ជាតិ សុំ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ បាន​រិះគន់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ដោះសា​បញ្ហា ប៉ុន្តែ​រឿង​នេះ​វា​ត្រូវ​តែ​មាន​មនុស្ស​ទទួល​ខុស​ត្រូវ មិន​អាច​គ្មាន​ទេ។

លោក​បាន​បន្ថែម​ថា ៖ «សម្រាប់​ខ្ញុំ​យល់​ថា នាយករដ្ឋមន្ត្រី​បាន​ខិតខំ​និយាយ​ផង​គិត​ផង​ក្នុង​ការ​រក​ហេតុផល ដើម្បី​នឹង​ដោះសា​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ដែល​មាន​តួនាទី​ផ្ដល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នោះ​ផង ហើយ​រក​លេស​ដើម្បី​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ​ផង​​ក្នុង​សុន្ទរកថា​ដ៏​វែង​របស់​គាត់»

គម្រោង​របស់​អ្នក​តំណាងរាស្ត្រ​រូប​នេះ ដែល​នឹង​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ នឹង​ផ្ដោត​ទៅ​លើ​ស្ថាប័ន​ចំនួន​​បី​ចម្បង ទី​មួយ​គឺ​ស្ថាប័ន​អ្នក​រៀបចំ​បុណ្យ​ជាតិ​ថា តើ​គេ​បាន​គិត​ដែរ ឬ​ទេ​ថា មាន​មនុស្ស​ច្រើន​នៅ​ពេល​បុណ្យ​ទាន? ហើយ​នៅ​ពេល​មាន​មនុស្ស​ច្រើន​តើ​គេ​បាន​គ្រោង​រៀបចំ​បង្ការ និង​ការ​សង្គ្រោះ​របៀប​ម៉េច​ដែរ? ទី​២ គឺ​ស្ថាប័ន​ប៉ូលិស តើ​គេ​បាន​គិត​ទុក​មុន​ដែរ ឬ​អត់​អំពី​ការ​រក្សា​សុវត្ថិភាព​ពលរដ្ឋ? តើ​ការ​បែងចែក​កម្លាំង​សមត្ថកិច្ច​មាន​ត្រឹមត្រូវ​សមរម្យ​ហើយ ឬ​នៅ ហើយ​តើ​បើ​សិន​ជា​មាន​គ្រោះថ្នាក់ តើ​គេ​បាន​គ្រោង​ថា នឹង​មាន​ប៉ុស្តិ៍​សង្គ្រោះ​បន្ទាន់​ហើយ ឫ​នៅ? ចំណែក​ទី​៣ គឺ​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​គ្រប់គ្រង​កោះ តើ​អ្នក​គ្រប់គ្រង​កោះ​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ បង្កើត​ឲ្យ​មាន​ស្តង់​លក់​ដូរ​តាម​តែ​ចិត្ត​ចង់ ឬ​យ៉ាង​ណា?

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​គេ​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ស្ថាប័ន​ទាំង​នោះ គេ​ច្បាស់​ជា​នឹង​រក​ឃើញ​ថា តើ​អ្នក​ណា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ។

ការ​ទទូច​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​របស់​លោក សុន ឆ័យ បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ស៊ើប​អង្កេត​ផ្លូវការ និង​បាន​អះអាង​ថា មាន​មនុស្ស ៣៥១​នាក់​ស្លាប់ និង ៣៩៥​នាក់​រង​របួស ដោយសារ​តែ​ការ​ភ័យ​ស្លន់ស្លោ​រត់​ជាន់​គ្នា។ ការ​រត់​ជាន់​គ្នា​នោះ មិន​មែន​ដោយសារ​តែ​ការ​ឆក់​ខ្សែ​ភ្លើង​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា កន្លង​ទៅ បាន​ថ្លែង​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​របស់​លោក​អសមត្ថភាព មើល​ស្រាល​ស្ថានការណ៍ ស្មាន​មិន​ដល់ ហើយ​និង​មាន​ការ​ធ្វេសប្រហែស​ទើប​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង។

លោក​បាន​បង្ហើប​ថា ក្រោយ​ព្រឹត្តិការណ៍​នោះ សម្ដេច​ជហ្វា​វាំង គង់ សំអុល ដែល​ជា​ប្រធាន​អ្នក​រៀបចំ​បុណ្យ​ជាតិ ក៏​បាន​ដាក់​ពាក្យ​សុំ​លាលែង ប៉ុន្តែ​លោក​ថា មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សម្ដេច​ជហ្វា​វាំង​តែ​ម្នាក់​នោះ​ទេ ហើយ​ក៏​មិន​អាច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​នរណា​ម្នាក់​បាន​ឡើយ ដោយសារ​តែ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​រួម។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «តើ​អ្នក​ណា​មួយ​ស្មាន​ដល់? បើ​សិន​ជា​អ្នក​ណា​មួយ​ស្មាន​ដល់ ហើយ​ឲ្យ​អនុសាសន៍​មុន ព្រមាន​មក​ដល់​យើង​មុន ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​បបួល​គណៈរដ្ឋមន្ត្រី​ទាំង​មូល​លាលែង​ចេញ​ពី​មុខ​តំណែង​តែម្ដង។ ប៉ុន្តែ​គ្មាន​អ្នក​ណា​មួយ​ស្មាន​ដល់​ទេ​រឿង​នេះ»

លោក​នាយករដ្ឋមន្ត្រី​អះអាង​ការពារ​ក្រុម​អាជ្ញាធរ និង​ម្ចាស់​កោះ​ថា ចៅហ្វាយ​ក្រុង និង​ប៉ូលិស បាន​ប្រឹងប្រែង​សង្គ្រោះ ហើយ​លោក​វិញ​មាន​វិធានការ​ក្នុង​ការ​សង្គ្រោះ​មាន​ប្រសិទ្ធភាព ទប់​ស្កាត់​ការ​ចលាចល​ជាដើម។ លោក​បាន​ដាក់​កំហុស ដោយ​បញ្ជាក់​ថា ការ​ស្លាប់​នោះ​ដោយសារ​មនុស្ស​ច្រើន​ពេក និង​មាន​ការ​បង្អើល។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា ៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ជន​រួម​ជាតិ គ្មាន​អ្នក​ណា​មួយ​ត្រូវ​ទទួល​ទណ្ឌកម្ម​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ។ អ្នក​ដែល​បាន​ប្រព្រឹត្ត​កំហុស ដែល​បាន​ស្លាប់​ទៅ​ហើយ ឬ​ក៏​រង​របួស ដែល​បង្ក​ជាំ​ឧបទ្ទវហេតុ បើ​សិន​ជា​ស្លាប់ បើ​សិន​ជា​មាន​កំហុស​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ដោយ​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា មាន​ការ​ប្រជ្រៀត ហើយ​បង្អើល​គ្នា​ស្អីៗ​ហ្នឹង ក៏​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​គេ​កុំ​ទទួល​ទុក្ខ​ទោស​ណា​មួយ​កើត​ឡើង ហើយ​អ្នក​កំពុង​រង​របួស ក៏​សូម​ឲ្យ​ឆាប់​ជា​សះស្បើយ»

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​បាន​ឃើញ​សោកនាដកម្ម​នោះ ឈ្មោះ សុ ធិន ថ្លែង​ថា លោក​នាយករដ្ឋមន្ត្រី​មិន​គួរ​មាន​ប្រសាសន៍​ដូច្នេះ​ទេ ៖ «ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ ពេល​ដែល​អាជ្ញាធរ​មិន​បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ ហើយ​ខ្មាស​គេ​ផង ពេល​ដែល​ប្រទេស​គេ​ស្ដាប់​ឮ​ព័ត៌មាន​ហ្នឹង គេ​ថា ខ្មែរ​យើង​មិន​ចេះ​ទទួល​ខុស​ត្រូវ បែរ​ជា​ទម្លាក់​កំហុស​ទៅ​លើ​ជន​រង​គ្រោះ​ថា​ជា​អ្នក​បង្ក​ហេតុ វា​អត់​ត្រូវ​ទេ។ ធម្មតា​គ្នា​ទៅ​ដើរ​លេង​គ្នា​ត្រូវ​ការ​សប្បាយ ប៉ុន្តែ​បើ​មាន​ប៉ូលិស ទាហាន រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ត្រឹមត្រូវ ប្រហែល​គ្មាន​ការ​ចលាចល គ្មាន​ក្មេង​ស្ទាវ​ណា​បង្ក​ហេតុ​អ៊ីចឹង​បាន​ទេ»

អ្នក​វិភាគ​ឯករាជ្យ លោកស្រី ជា វណ្ណាត បាន​ពន្យល់​ថា ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​នេះ កំពុង​ត្រូវ​គេ​បក​ស្រាយ​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​សង្គ្រោះ និង​ប្រឹងប្រែង​ប្រកូកប្រកាស​ឲ្យ​មាន​ជំនួយ​នូវ​ទឹក​ប្រាក់​ជា​ច្រើន​ដល់​អ្នក​រង​គ្រោះ ក្រោយ​ការ​កើត​ហេតុ​ទៅ​វិញ។ ប៉ុន្តែ​លោកស្រី​ពន្យល់​បន្ថែម​ថា បើ​និយាយ​ពី​ការ​ទទួល​ខុស​ត្រូវ​សាធារណៈ​នៅ​ប្រទេស​នេះ ដែល​ជា​ប្រទេស​កំពុង​រៀន​សូត្រ​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ខុស​ពី​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត។

លោកស្រី ជា វណ្ណាត មាន​ប្រសាសន៍​បន្ថែម ៖ «ចំណែក​នៅ​ស្រុក​គេ ដែល​កាន់​ប្រជាធិបតេយ្យ​ជឿន​លឿន​ហ្នឹង គឺ​រក​មូលហេតុ​មិន​ទាន់​ទាំង​ឃើញ​ផង​ មិន​ដឹង​អ្នក​ណា​ខុស​ផង គ្រាន់​តែ​ថា រទេះ​ភ្លើង​បុក​គ្នា​ស្លាប់ ២០-​៣០​នាក់ និង​របួស ៣០ ទៅ ៤០​នាក់ ស្រាប់​តែ​រដ្ឋមន្ត្រី​សុំ​ឈប់​ហើយ»

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ លោក សុក សំអឿន ថ្លែង​ថា លោក​កប់​យោបល់​ជុំវិញ​ការ​ប្រកែក​មិន​ដាក់​ទោស​ទណ្ឌ​សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ ៖ «ជា​បច្ចេកទេស អ្នក​ដែល​រដ្ឋាភិបាល​ប្រគល់​តួនាទី​សន្តិសុខ និង​អ្នក​រៀបចំ អ្នក​ទាំង​ពីរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែម្ដង តែ​បើ​ថា រដ្ឋាភិបាល​គេ​ថា អត់​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ គឺ​ចប់​ហើយ គឺ​មាន​តែ​ប្រមុខ​រដ្ឋាភិបាល​តែម្ដង ហើយ​វា​ឆ្លុះ​បញ្ចាំង​ទៅ​ប្រព័ន្ធ​គ្រប់គ្រង​យើង​ហើយ»

មន្ត្រី​អ្នក​ច្បាប់​មួយ​រូប​ផ្សេង​ទៀត និង​ជា​មេធាវី​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ខៀវ សំផន លោក ស សូវ៉ាន អត្ថាធិប្បាយ​ថា តុលាការ​ខ្មែរ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត ហើយ​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ មិន​ចាំបាច់​មាន​គេ​ប្ដឹង​ទេ រី​ឯ​អ្នក​រង​គ្រោះ ក៏​ត្រូវ​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។

លោក​មេធាវី​អត្ថាធិប្បាយ​ថា ការ​ស្លាប់​របស់​មនុស្ស​រាប់​រយ​នាក់ ត្រូវ​តែ​មាន​អ្នក​ទទួល​ខុស​ត្រូវ និង​មាន​សំណង ដើម្បី​បញ្ជាក់​ពី​តម្លៃ​នៃ​ជីវិត ៖ «បើ​សិន​ជា​រក​ឃើញ​ការ​ទទួល​ខុស​ត្រូវ អ្នក​នោះ​ឯង​ត្រូវ​ចេញ​សំណង​ឲ្យ​អ្នក​ស្លាប់​ទៅ​គ្នា​មាន​កិត្តិយស​ថា ជីវិត​ដែល​ស្លាប់​ទៅ​ថ្លៃ​មួយ​ម៉ឺន ប៉ុន្តែ​សប្បុរសជន​ចូល​បុណ្យ​បន្ថែម​ទៀត​ទៅ ហើយ​ដែល​របួស​បាក់ជើង​ដៃ ប៉ុន្មាន​ឲ្យ​ច្បាស់​អ៊ីចឹង​ទៅ អា​ហ្នឹង​បាន​យើង​ថា នីតិរដ្ឋ ប៉ុន្តែ​ខ្ញុំ​ឮ​ទៅ​វា​ដូច​ជា​ពិបាក​ស្ដាប់»

មន្ត្រី​អ្នក​ច្បាប់​បាន​បញ្ជាក់​ថា វប្បធម៌​នៃ​ការ​មិន​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​សង្គម​ខ្មែរ មិន​មែន​មាន​តែ​ពេល​នេះ​ទេ សូម្បី​តែ​មេដឹកនាំ​ខ្មែរ​ក្រហម​ធំៗ ក៏​បាន​នាំ​គ្នា​បដិសេធ​នៅ​ក្នុង​តុលាការ​មិន​ទទួល​ខុស​ត្រូវ​លើ​ជីវិត​មនុស្ស​រាប់​លាន​នាក់ ដែល​បាន​ស្លាប់​ក្នុង​របប​គ្របគ្រង​​របស់​ខ្លួន​ដែរ។

មន្ត្រី​អ្នក​ច្បាប់​ពន្យល់​ថា ថ្វី​បើ​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​មន្ត្រី​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សោកនាដកម្ម​នៅ​កោះ​ពេជ្រ មិន​មែន​ស្ថិត​នៅ​ក្នុង​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ ប៉ុន្តែ​ការ​ដាក់​ទោស​តាម​បែប​ផែន​រដ្ឋបាល ឬ​ការ​ដក​ហូត​មុខ​តំណែង​ជា​ប្រការ​សមរម្យ ដើម្បី​ជា​មេរៀន​សម្រាប់​ថ្ងៃ​ក្រោយ ជៀសវាង​នូវ​វប្បធម៌​មន្ត្រី​ធ្វើ​ខុស​យក​រួច​ខ្លួន៕