គេនៅពុំទាន់បានដឹងច្បាស់អំពីដើមហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនោះនៅឡើយទេ។
អភិបាលក្រុងស្ទឹងសែន លោក ហុក រិន មានប្រសាសន៍ថា ក្រុមការងារសន្និដ្ឋានជាជំហានដំបូងថា ការឆេះនេះបណ្តាលមកពីការឆ្លងអគ្គិសនីដែលមានការតបណ្តាញមិនបានត្រឹមត្រូវ។
លោក ហុក រិន មានប្រសាសន៍ដូច្នេះ ៖ «ខូចខាតទ្រព្យសម្បត្តិប្រជាជន ដែលយើងគិតជាលុយហ្នឹង គឺខ្ញុំកំពុងតែឲ្យគេធ្វើទិន្នន័យហើយ តែយើងមិនទាន់ស្រង់បាននៅឡើយទេ ព្រោះយើងអាចដឹងបានគឺតាមរបាយការណ៍របស់បងប្អូនដែលរងគ្រោះ គាត់កំពុងតែមានកង្វល់អំពីបញ្ហាឆេះទ្រព្យសម្បត្តិរបស់គាត់យើងធ្វើអត់ទាន់បាន។ យើងទើបធ្វើការសន្និដ្ឋានជំហានដំបូងហើយនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត។ មានការចាប់អារម្មណ៍ភាគច្រើនទៅលើការឆ្លងចរន្តអគ្គិសនី ព្រោះលក្ខណៈតខ្សែចរន្តអគ្គិសនីចូលទៅក្នុងផ្សារហ្នឹងវាអត់ទៅតាមលក្ខណៈបច្ចេកទេស»។
អាជីវករលក់ខោអាវមួយរូប អ្នកស្រី ហេង លី បានឲ្យដឹងថា តូបរបស់គាត់ឆេះអស់គ្មានសល់អ្វីបន្តិចទេ។ ពលរដ្ឋរងគ្រោះអំពាវនាវឲ្យអាជ្ញាធរក្រុងនិងខេត្ត ពិសេសក្រុមសន្តិសុខផ្សារនិងអ្នកម៉ៅការយកភាស៊ីផ្សារ សូមជួយផ្តល់ជាសំណងឲ្យអាជីវករបានខ្លះផង។
អ្នកស្រី ហេង លី បានឲ្យដឹងដូច្នេះ ៖ «តូបខ្ញុំឆេះអស់ អត់មានសល់មួយចម្រៀកអីទេ ដោយសារខ្ញុំនៅជិតភ្លើងពេកយកអត់ទាន់។ ខ្ញុំដឹងម៉ោង២ជាងហើយ ពេលមកដល់ចូលអត់ចុះ ឃើញអណ្ដាតភ្លើងឆេះតូបហ្នឹងខ្លាំងហើយ។ សុំឲ្យគេជួយដោះស្រាយឲ្យ បើមិនបានអីក៏បានជួយសងអីវ៉ាន់ពាក់កណ្ដាល បាន៥ពាន់(ដុល្លារ)មកវិញដែរ ដោយសារដូចថា យើងយាមបង់ឲ្យរាល់ខែ ភាស៊ីបង់រាល់ថ្ងៃ ទោះបីលក់មិនដាច់ក៏ត្រូវតែបង់ឲ្យដែរ។ យ៉ាប់ដែរ បង់ឲ្យរាល់តែខែ យាមអីដែរ ហេតុអីក៏ឆេះឯងៗអ៊ីចឹង»។
លោកអភិបាលក្រុងស្ទឹងសែន មានប្រសាសន៍ថា ផ្សារស្ទឹងសែនស្ថិតក្រោមការគ្រប់គ្រងរបស់សាលាក្រុងស្ទឹងសែន ដែលក្រុមហ៊ុន ចាន់ ឌឿន ទើបតែផុតអាណត្តិបាន១ខែប៉ុណ្ណោះ។ អាជីវករមួយចំនួនថ្លែងថា ពួកគាត់កំពុងគាស់កកាយកម្ទេចកម្ទីក្រណាត់និងទំនិញផ្សេងៗពីគំនរភ្លើងឆេះក្រែងនៅមានសេសសល់ខ្លះនិងជួសជុលតូបដើម្បីឲ្យបានលក់ឡើងវិញ៕