កម្មការិនីឈ្មោះ ស្រី ល័ក្ខ អាយុ ២៦ឆ្នាំ ដែលទើបងើបពីសន្លប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មូលហេតុដំបូងគឺបណ្ដាលមកពីពួកគាត់ឃើញកម្មការិនីនៅអគារអិល (L) ជាន់ទី១ ផ្នែកផុងក្រណាត់បានដួលសន្លប់ជាបន្តបន្ទាប់ដោយពុំដឹងពីមូលហេតុ។ កម្មការិនីរូបនេះបន្តថា ភ្លាមនោះស្រាប់តែគាត់ក៏ទទួលអារម្មណ៍ងងឹតមុខ ហើយក៏ដួលសន្លប់ដោយពុំដឹងខ្លួន។ នៅពេលគាត់ដឹងខ្លួនឡើងវិញ ទើបគាត់ដឹងថា គាត់ត្រូវបានសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្ត។
កម្មការិនីឈ្មោះ ស្រី ល័ក្ខ បានបន្ទោសថា ការដួលសន្លប់នេះគឺបណ្ដាលមកពីបរិស្ថានក្នុងបន្ទប់ធ្វើការមិនល្អ ៖ «អាកន្លែងធ្វើការហ្នឹងវាអត់សូវស្រួលទេពូ! អាកាសធាតុវាក្ដៅ ហើយវាធុំក្លិនអាវអីផង។ ណាមួយខ្ញុំថែមម៉ោងច្រើនផង សុខភាពខ្ញុំខ្សោយផងបានជាសន្លប់។គេមានដាក់កង្ហារធំឲ្យដែរ តែគេមិនឲ្យបើកបង្អួចទេ បើយើងបើកគេស្ដីឲ្យយើង»។
កម្មការិនីម្នាក់ទៀតឈ្មោះ ស្រ៊ន ស្រីនូ អាយុប្រមាណ ២០ឆ្នាំ ក៏បានឲ្យដឹងប្រហាក់ប្រហែលគ្នាដែរថា ៖ «និយាយទៅគឺវាមិនមានខ្យល់គ្រប់គ្រាន់ទេ ព្រោះវាជិតឈឹង ដោយគ្រាន់តែមានកង្ហារផ្លុំទឹកបន្តិចប៉ុណ្ណឹង។ ណាមួយវាមានក្លិនអាក្រក់ធ្វើឲ្យយើងទ្រាំមិនចង់បានផង ទើបខ្ញុំសន្លប់»។
ប្រភពពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មានកម្មករចំនួន ២០៥នាក់ត្រូវបានដឹកទៅដល់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២៥ ខែសីហា។ ប៉ុន្តែប្រភពពីកម្មករបានឲ្យដឹងថា អាចមានកម្មការិនីរហូតដល់ទៅ ២៥០នាក់ ដែលបានសន្លប់ តែអ្នកខ្លះស្រាល ពួកគេត្រូវបានសាច់ញាតិដឹកទៅសម្រាកឯលំនៅឋាន។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វេជ្ជបណ្ឌិត សូរិន្ទ ទីរ៉ាវុទ្ធី បានឲ្យដឹងថា រហូតដល់ម៉ោង ២ និង ៣០នាទីរសៀលថ្ងៃដដែលនេះ សុខភាពនៃកម្មការិនីស្ទើរតែទាំងអស់បានវិលមកភាពធម្មតា និងបានចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅឋានវិញហើយ។ ដោយឡែកនៅសល់កម្មការិនី ១០នាក់ទៀត គ្រូពេទ្យបន្តឲ្យនៅសម្រាកក្នុងមន្ទីរពេទ្យសិន។
វេជ្ជបណ្ឌិត សូរិន្ទ ទីរ៉ាវុទ្ធី បញ្ជាក់ដូច្នេះ ៖ «កម្មករទាំងអស់ពេលដឹកមកដល់ស្ថានភាពទាំង ២យ៉ាងរបស់គាត់គឺធម្មតា បានន័យថា ចំនួនអុកស៊ីហ្សែនក្នុងខ្លួននៅមានលក្ខណៈធម្មតា សុទ្ធតែពី ៩៥ ទៅ ៩៧ ដែលជាលក្ខណៈធម្មតាសម្រាប់មនុស្សទូទៅ។ និយាយជារួមស្ថានភាពសុខភាពពួកគាត់ល្អ។ រឿងដែលពួកគាត់សន្លប់ប្រហែលមកពីគាត់អស់កម្លាំងដោយសារការបរិភោគមិនគ្រប់គ្រាន់»។
ប្រភពពីប្រធានសហជីពឧស្សាហកម្មវាយនភណ្ឌប្រចាំរោងចក្រ អ៊ឹម វ៉េ គឺអ្នកស្រី ជួប សំអុល បានឲ្យដឹងថា មូលហេតុដំបូងគឺបណ្តាលមកពីកម្មការិនីផ្នែកម៉ាស៊ីនផុង ៣នាក់បានដួលសន្លប់នៅជាន់ទី១នៃអគារអិល (L) បន្ទាប់មកក៏មានការផ្អើល រួចកម្មការិនីនៅអគារផ្សេងទៀតក៏សន្លប់ដែរ។
អ្នកស្រី ជួប សំអុល បញ្ជាក់ ៖ «អត់មានមូលហេតុអីទេ ដោយសារកម្មករគាត់ខ្សោយ ហើយគាត់អត់ងងុយពីយប់ដោយសារបងប្អូន និងកូនគាត់ឈឺ។ ពេលគាត់ចូលធ្វើការ គឺគាត់អត់ស្រួលខ្លួន គាត់នៅអគារអិល ជាន់ទី១ ផ្នែកផុង។ ដល់គាត់អត់ស្រួលខ្លួនទៅ គាត់សន្លប់ដំបូង ៣នាក់ ឯអ្នកផ្សេងទៀតភ័យស្លន់ស្លោក៏សន្លប់បន្តគ្នា»។
ប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា មានប្រសាសន៍ថា លោកបានយល់ស្របជាមួយផ្នែកសហជីពទាំងអស់ក្នុងរោងចក្រដាក់សំណើទៅខាងអ្នកគ្រប់គ្រងរោងចក្រសុំឲ្យកម្មករទាំងអស់បានឈប់សម្រាករហូតថ្ងៃច័ន្ទ ទី២៩ ខែសីហា ដើម្បីទុកឱកាសឲ្យផ្នែកជំនាញត្រួតពិនិត្យឡើងវិញចំពោះឧបទ្ទវហេតុនេះ ថា តើបណ្ដាលមកពីអ្វីដើម្បីឲ្យរោងចក្រគេកែសម្រួល។
ហេតុការណ៍នេះបានកើតឡើងម្ដងរួចហើយ កាលពីថ្ងៃទី២៣ ខែសីហា ដែលមានកម្មករជាង ១០០នាក់ បានដួលសន្លប់ក្នុងរោងចក្រដដែលនេះ៕