គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតនោះឡើយ ហើយក៏មិនទទួលស្គាល់សមាសភាពនៃ គ.ជ.ប នេះដែរ។ គណបក្ស សម រង្ស៊ី នឹងស្នើសុំឲ្យកែទម្រង់ គ.ជ.ប នៅថ្នាក់មូលដ្ឋានវិញ។
សភាជាតិកម្ពុជា បានបោះឆ្នោតសំងាត់ដោយសំឡេងឯកច្ឆន្ទ ៨៧ លើ ៨៧សំឡេង ដើម្បីជ្រើសតាំងប្រធាន និងអនុប្រធាន ព្រមទាំងសមាជិកនៃ គ.ជ.ប នោះ សរុបចំនួន ៩នាក់ ដើម្បីបន្តរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
សមាសភាពចំនួន ៩នាក់នោះ មានដូចតទៅ៖ ទី១ លោក អ៊ឹម សួស្ដី ជាប្រធាន ទី២ អ្នកស្រី ស៊ិន ជុំបូ ជាអនុប្រធាន និងសមាជិកចំនួន ៧នាក់ទៀត ដែលត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី។
គណបក្សប្រឆាំងចំនួន២ គឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតនោះទេ ដោយសារតែសំណើរបស់ខ្លួនសុំឲ្យផ្លាស់ប្ដូរមេដឹកនាំថ្មីនៃ គ.ជ.ប ត្រូវបានក្រសួងមហាផ្ទៃ បានច្រានចោលកាលពីខែសីហា កន្លងទៅនេះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្ដី ដែលត្រូវបានសភាជាតិបានបោះឆ្នោតសំងាត់ជ្រើសតាំងឲ្យបន្តដឹកនាំ គ.ជ.ប ទៀតនោះ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅសភាជាតិថា លោករីករាយចំពោះការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តមកលើរូបលោក។
លោក អ៊ឹម សួស្ដី៖ «ខ្ញុំតាំងចិត្តនៅពេលដែលជាប់ហ្នឹង គឺថាប្ដេជ្ញាចិត្តដើម្បីអនុវត្តការងារជាប្រធានគណៈកម្មាធិការ ដែលស្របតាមច្បាប់ និងបទបញ្ជានីតិវិធី។ សុខ សេរី៖ តើនេះជាអាណត្តិទីប៉ុន្មានដែលលោកបានជាប់? លោក អ៊ឹម សួស្ដី៖ ខ្ញុំមកនេះជាអាណត្តិទី៣ហើយ ...បញ្ហានេះជារឿងដដែលៗទេ ពេលដែលខ្ញុំធ្វើ ២អាណត្តិមកហ្នឹង គឺថា យើងធ្វើដោយចំហ យើងធ្វើដោយតម្លាភាព យើងមានការពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការដែលចោទថា មិនឯករាជ្យ មិនអព្យាក្រឹត មិនមែនចោទតែមាត់ទទេនោះទេ គេត្រូវវាស់លើសកម្មភាពដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើ»។
ផ្ទុយពីការអះអាងនេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ប្រតិកម្មថា លោកមិនទទួលស្គាល់សមាសភាពនៃ គ.ជ.ប នេះទេ ហើយគណបក្ស សម រង្ស៊ី នឹងស្នើសុំឲ្យកែទម្រង់ គ.ជ.ប នៅថ្នាក់មូលដ្ឋានវិញ៖ «រដ្ឋាភិបាល គណបក្សកាន់អំណាច ពិចារណាឡើងវិញ ការសម្រេចរបស់ខ្លួនថា តើខ្លួនមានការធានាដោះស្រាយបញ្ហាការបោះឆ្នោតនេះ ឲ្យបានត្រឹមត្រូវពីដើមទីទៅ ឬក៏ទុកឲ្យជាបញ្ហាមួយដែលនាំដល់ការបោះឆ្នោតមួយ លទ្ធផលមិនអាចយកបាន?»។
ចំណែកឯនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅប្រទេសកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បានមានប្រសាសន៍ថា នៅពេលណាបក្សប្រឆាំងមិនមានការជឿទុកចិត្តលើ គ.ជ.ប នៅពេលនោះលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ បង្កឲ្យមានរឿងចម្រូងចម្រាសច្រើន។
លោក គល់ បញ្ញា៖ «ខ្ញុំគិតថា ការរៀបចំ គ.ជ.ប នេះ គឺត្រូវការឲ្យមានតម្លាភាព ហើយឲ្យមានការចូលរួម គឺត្រូវធ្វើម៉េចឲ្យមានការទុកចិត្តផងដែរ។ មាននីតិវិធីអ៊ីចឹងដែរ ប៉ុន្តែរឿងដែលធំបំផុតនោះ គឺការជឿទុកចិត្តពីអ្នកប្រកួតប្រជែងហ្នឹង»។
កាលពីខែសីហា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រីបានបដិសេធជាផ្លូវការចំពោះសំណើរបស់គណបក្សប្រឆាំងចំនួន ២នោះ ដោយហៅសំណើនោះ គឺមានចេតនាបង្កឲ្យមានហានិភ័យខ្ពស់ និងធ្វើឲ្យជាប់គាំងដំណើរការបោះឆ្នោត និងបង្កឲ្យអស្ថិរភាពជាតិក្រោយការបោះឆ្នោត។
គណបក្សប្រឆាំងចំនួន ២ អង្គការសង្គមស៊ីវិល និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កន្លងមកបានទទូចសុំឲ្យកែទម្រង់ គ.ជ.ប ដើម្បីធានាថា ការបោះឆ្នោតសកលនៅឆ្នាំ២០១៣ នោះ ប្រកបដោយសេរី និងយុត្តិធម៌ និងជឿទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។