ការមិនទទួលយកលទ្ធផលប្រកាសនោះ បានធ្វើឡើង ក្នុងពេលដែលគណបក្សខ្លះបានរកឃើញភាពមិនប្រក្រតីក្នុងការចុះបញ្ជីលទ្ធផលនៃការផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតដែលខុសនឹងចំនួនសន្លឹកឆ្នោតទទួលបានជាក់ស្តែង ខុសនឹងចំនួនសន្លឹកឆ្នោតខូច ខុសនឹងចំនួនសន្លឹកឆ្នោតមិនបានប្រើ ខុសនឹងចំនួនអ្នកបោះឆ្នោត ហើយខុសនឹងចំនួនសន្លឹកឆ្នោតដែលមានក្នុងហិបឆ្នោត។
តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលខេត្តព្រៃវែង លោក ជា ប៉ូច មានប្រសាសន៍ថា គណបក្សសមរង្ស៊ី មិនអាចទទួលយកលទ្ធផលប្រកាសសម្រេចដោយ គ.ជ.ប កាលពីពេលថ្មីៗនេះទេ។
លោកបានលើកឧទាហរណ៍នៅការិយាល័យ១ ក្នុងស្រុកកំពង់លាវ លេខកូដ០៩៥៥ លេខកូដឃុំ១០២ ឃុំព្រែករន្ទះ មានភាពមិនប្រក្រតីដោយសន្លឹកឆ្នោតទទួលបានជាក់ស្តែង ៦៥០សន្លឹក។ សន្លឹកឆ្នោតខូច ៤សន្លឹក។ សន្លឹកឆ្នោតមិនបានប្រើ១៩៦។ ចំនួនអ្នកបានបោះឆ្នោត ៤៥៤នាក់។ ឯសន្លឹកឆ្នោតក្នុងហិប បែរជាមានដល់ទៅ៤៥៥សន្លឹកទៅវិញ។ លោកថា បើបូកចំនួនសន្លឹកឆ្នោតចូលគ្នា ឃើញថា លើសសន្លឹកឆ្នោតដែលមានជាក់ស្តែង៥សន្លឹក ហើយលើសឆ្នោត១សន្លឹក ក្នុងហិបឆ្នោត ប្រៀបធៀបទៅនឹងចំនួនអ្នកបោះឆ្នោត។
លោក ជា ប៉ូច មានប្រសាសន៍ដូច្នេះថា ៖ «ភាពមិនប្រក្រតី គឺយើងមើលឃើញច្រើនករណីណាស់ មិនមែនតែនៅក្នុងឃុំព្រែករន្ទះនេះមួយទេ គឺ ៣០-៤០ឃុំឯណោះ កន្លែងខ្លះ ជួនកាលខ្វះ ១០សន្លឹក»។
ចំណែកតំណាងរាស្រ្តគណបក្សសិទ្ធិមនុស្សមណ្ឌលខេត្តព្រៃវែង លោក យ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍អំពីភាពមិនប្រក្រតីដូចគ្នានេះ នៅស្រុកស៊ីធរកណ្តាល ចំពោះការិយាល័យលេខ០៩៨៩ លេខកូដឃុំ១០៧ ឃុំជ្រៃឃ្មុំ បញ្ជីសរសេរថា ឆ្នោតក្នុងហិបមានតែ ១១៥សន្លឹកទេ។ ឯអ្នកបោះឆ្នោតក៏១១៥នាក់ដែរ។ ប៉ុន្តែអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ២២៤សន្លឹក គណបក្សនរោត្តម រណឫទ្ធិ ១១២សន្លឹក គណបក្សប្រជាធិបតេយ្យខ្មែរ ២សន្លឹក គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៤សន្លឹក គណបក្សខ្មែរសាធារណរដ្ឋ ១សន្លឹក គណបក្សហ៊្វុនស៊ិនប៉ិច ១១សន្លឹក គណបក្សសមរង្ស៊ី ៧២សន្លឹក គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ២សន្លឹក គណបក្សសិទ្ធិមនុស្ស ៨២សន្លឹក។
ឯសន្លឹកឆ្នោតជាក់ស្តែងទទួលបានពីគ.ជ.ប មាន៧៥០សន្លឹក ខូចអស់ ៣សន្លឹក មិនបានប្រើ ២៣៣សន្លឹក។ លោកថា បើប្រៀបធៀប ខុសតួលេខសន្លឹកឆ្នោតក្នុងហិបទាំងស្រុង ទើបគណបក្សប្តឹងជំទាស់។ ប៉ុន្តែ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងគណបក្ស ហើយអះអាងថា ស្រង់ពីទម្រង់១១០៤ យកទៅដាក់១១០២។ ឯទម្រង់១១០២នោះ មិនបានបង្ហាញជាសាធារណៈ បែរជាគ.ជ.ប. ចេញប្រកាសលទ្ធផលបោះឆ្នោតសម្រេចតែម្តង។
លោក ញ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍ដូច្នេះថា ៖ «យើងដឹងថា នៅខេត្តព្រៃវែង មាន ១២ស្រុក ១១៦ឃុំ ហើយមាន ១១៣៧ភូមិ ដូច្នេះការិយាល័យមានជាង ១៣០០ការិយាល័យហ្នឹង យើងបានឃើញច្រើនក្នុងឃុំនីមួយៗនេះ មាន ១០-២០ការិយាល័យ ដែលយើងពិនិត្យឃើញថា លទ្ធផលនៅលើ ១១០៤នេះ មានភាពមិនប្រក្រតី»។
ចំណែកតំណាងគណបក្សខ្មែរសាធារណរដ្ឋ លោក លន់ ឫទ្ធិ មានប្រសាសន៍ថា គណបក្សនោះក៏ទទួលស្គាល់ភាពមិនច្បាស់លាស់នេះដែរ។ លោកថា មិនដឹងថា តើលេខណាមួយ ដែលគ.ជ.បស្រង់ពីបញ្ជីក្រដាសលទ្ធផលនៃការបោះឆ្នោតតាមការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោតហៅថា ទម្រង់១១០៤ យកទៅប្រកាសលទ្ធផលសម្រេចនោះទេ។
លោក លន់ ឫទ្ធិ ថ្លែងថា ៖ «ខាងព្រៃវែង ទម្រង់ ១១០៤ ខ្ញុំអត់បានទទួលនៅឡើយទេ ប៉ុន្តែគ្រាន់តែថា អ្វីដែលគណបក្សប៉ុន្មានហ្នឹងលើក វាមិនខុសអីទេ ការពិតវាអ៊ីចឹង»។
ចំណែកតំណាងគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ លោក សេង សុខេង មានប្រសាសន៍ថា គណបក្សលោកមិនសម្បូរអ្នកសង្កេតការណ៍គ្រប់ការិយាល័យបោះឆ្នោតទេ ទើបមិនបានទទួលក្រដាសទម្រង់ ១១០៤ ដូចគណបក្សដទៃទៀត។ ប៉ុន្តែគណបក្សនេះ ក៏មិនអស់ចិត្តនឹងទទួលយកការប្រកាសលទ្ធផលនៃការបោះឆ្នោតសម្រេចរបស់គ.ជ.ប.នេះដែរ។
លោក សេង សុខេង មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ខ្ញុំក៏បានទទួលព័ត៌មានដែរ ប៉ុន្តែគ្រាន់តែខាងខ្ញុំ ដោយសារតែអ្នកសង្កេតការណ៍ខ្ញុំហ្នឹង មិនបានគ្រប់ការិយាល័យទាំងអស់ អ៊ីចឹងខាងខ្ញុំមិនសូវបានទទួលព័ត៌មានផ្នែកហ្នឹងទេ។ អ្នកសង្កេតការណ៍ខ្ញុំ អត់បានផ្ដល់មកឲ្យ»។
រីឯមន្រ្តីអង្គការខុមហ្រ្វែលដែលឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជា លោក ម៉ា សុផល មានប្រសាសន៍ថា ភាពមិនប្រក្រតីកើតមានច្រើនក្នុងថ្ងៃបោះឆ្នោត ដែលអង្គការនេះមិនអាចទទួលយកលទ្ធផលបោះឆ្នោតសម្រេច ក៏ដូចជាមិនបញ្ឈប់ការបន្តស៊ើបអង្កេតពីភាពមិនប្រក្រតីដែលបានកើតឡើងមកនោះ។
លោក ម៉ា សុផល ថ្លែងថា ៖ «ខុមហ្វ្រែល នឹងធ្វើការស៊ើបអង្កេតបន្តទៀត ហើយយើងគ្រោងនឹងធ្វើកិច្ចការហ្នឹង បើសិនជាមានការគាំទ្រគ្រប់គ្រាន់ យើងនឹងធ្វើក្នុងទ្រង់ទ្រាយធំ...។ យើងគ្រោងនឹងសាកសួរហ្នឹង ៨ពាន់នាក់ ដែលនៅទូទាំង ២៤ខេត្តក្រុងតែម្ដង ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងសាកសួរ ស្រាវជ្រាវបន្ថែមអំពីករណីមិនប្រក្រតី ដែលបានកើតឡើងនៅក្នុងថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត»។
ពាក់ព័ន្ធនឹងភាពមិនទុកចិត្តចំពោះលទ្ធផលបោះឆ្នោតដែលប្រកាសសម្រេចដោយគ.ជ.ប កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៨ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា លោកមិនធ្វើអត្ថាធិប្បាយក្រោយការប្រកាសលទ្ធផលបោះឆ្នោតសម្រេចនោះទេ ដោយបណ្តឹងរបស់គណបក្សនយោបាយទាំងអស់ត្រូវបានដោះស្រាយរួចហើយ ៖ «សូមទោស ខ្ញុំអត់ចង់ធ្វើអត្ថាធិប្បាយអីទេ ព្រោះលទ្ធផលផ្លូវការចេញមកហើយ»។
បើតាម Website របស់គ.ជ.ប ចំពោះលទ្ធផលប្រកាសនៅការិយាល័យបោះឆ្នោត ០៩៥៥ នៅស្រុកកំពង់លាវ ខេត្តព្រៃវែង សន្លឹកឆ្នោតបានការមាន៤៥២សន្លឹក ខូចតែ៣សន្លឹកវិញនិងប្រើប្រាស់សន្លឹកឆ្នោត៤៥៥។ ឯគ.ជ.ប ក៏មិនបានបញ្ជាក់ពីសន្លឹកឆ្នោតសល់ មិនបានប្រើប៉ុន្មានទេ។
ចំពោះការិយាល័យបោះឆ្នោតលេខ០៩៨៩ នៅស្រុកស៊ីធរកណ្តាលវិញ តាមតួលេខរបស់គ.ជ.ប. ឃើញថា ចំនួនអ្នកបោះឆ្នោត ឲ្យគណបក្សនយោបាយ ដូចការរៀបរាប់របស់តំណាងរាស្រ្តគណបក្សសិទ្ធិមនុស្ស ប៉ុន្តែ គ.ជ.ប. បានលេខថ្មីប្រកាសថា សន្លឹកឆ្នោត បានការ៥១០សន្លឹក សន្លឹកឆ្នោតខូច៥ ហើយសន្លឹកឆ្នោតប្រើសរុប៥១៥សន្លឹក ដែលខុសពីទម្រង់១១០៤របស់គណៈកម្មការឃុំរៀចំការបោះឆ្នោត ដែលមានសន្លឹកឆ្នោតតែ១១៥សន្លឹក នៅក្នុងហិបឆ្នោតដែលរាប់ថាបានការនោះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកទី៤ ឆ្នាំ២០០៨ មាន១១គណបក្សចូលរួមបោះឆ្នោត។ អ្នកមានសិទ្ធិបោះឆ្នោត ជាង៨លាននាក់។ ឯអ្នកបានបោះឆ្នោតជាក់ស្តែង ៦.០១០.២៧៧នាក់៕