ការត្អូញត្អែរនេះបានធ្វើឡើងដោយអ្នកធ្វើដំណើរមួយចំនួនដែលឆ្លងកាត់ទន្លេមេគង្គតាមស្រឡាងចម្លងអ្នកលឿងពីប៉ែកខាងកើត គឺខេត្តព្រៃវែង និងស្វាយរៀង មកខាងភ្នំពេញ បន្ទាប់ពីគេត្រូវរង់ចាំឆ្លងស្រឡាងអស់រយៈពេលជាង ៩ម៉ោងនៅតែមិនបានឆ្លងទៀត ព្រោះតែមានអ្នកសូកប៉ាន់ដល់មន្ត្រីរៀបចំចរាចរណ៍នៅទីនោះដើម្បីបានចេញមុន។
អ្នកធ្វើដំណើរឆ្លងកាត់ស្រឡាងអ្នកលឿងម្នាក់ឈ្មោះ ឡាក់ សុភាព មានប្រសាសន៍កាលពីវេលាម៉ោង ៤ និង៤០នាទី ថ្ងៃអាទិត្យ ទី១៨ មេសានេះថា អ្នកស្រីបានរង់ចាំឆ្លងស្រឡាងអស់រយៈពេលជិត ១០ម៉ោងហើយនៅតែមិនទាន់បានឆ្លងទៀត។
អ្នកស្រី ឡាក់ សុភាព បានបន្តថា ៖ «អត់បានចេញ។ ឡានដែលគេបង់លុយ គេឱ្យចេញច្រើនពេក ដល់អ៊ីចឹងយើងអ្នកមកតាំងពីម៉ោង៥(ព្រឹក) រហូតដល់ថ្មើរនេះអត់ទាន់បានឆ្លងស្រឡាងទេ។ ឡានមួយតម្លៃ ២ ទៅ ៣ម៉ឺន(រៀល) ទើបគេឲ្យចេញទៅមុន»។
អ្នកធ្វើដំណើរឆ្លងកាត់ស្រឡាងម្នាក់ទៀតឈ្មោះ ស្រី ភាស់ ដែលធ្វើដំណើរដោយរថយន្តតាក់ស៊ីពីខេត្តព្រៃវែង មកទីក្រុងភ្នំពេញ បានប្រាប់តាមទូរស័ព្ទមកថា នាងបានចំណាយពេលជាង ៨ម៉ោងក្នុងការរង់ចាំស្រឡាងនោះ។
អ្នកដំណើរឈ្មោះ ស្រី ភាស់ បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំមកតាំងពីម៉ោង៧ (ព្រឹក) ហើយឥឡូវម៉ោងពីរម៉ោងបីហើយអត់ទាន់បានចេញទៅផង។ មានឡានកកស្ទះច្រើន ហើយច្រើនមានអ្នកឲ្យលុយប៉ូលិសបានទៅមុន»។
អ្នកបើករថយន្តតាក់ស៊ីស្វាយរៀងមួយរូបបានរអ៊ូដូច្នេះ ៖ «តាមផ្លូវត្រង់ងាប់ស្ដូកតែម្ដង បានតែផ្លូវជ្រែ។ ជ្រែហ្នឹងសុទ្ធតែឲ្យលុយ ផ្លូវកន្លៀតណាក៏ទៅបានដែរឲ្យតែឲ្យលុយ...»។
ប្រធានកំពង់ចម្លងស្រឡាងអ្នកលឿង គឺលោក សេង ឈួន បានបដិសេធនឹងការលើកឡើងរបស់អ្នកដំណើរ ដោយលោកផ្ដល់ហេតុផលថា ៖ «ចេញម៉េចនឹងរួច ចេញតាមណារួចបើបិទមួយខ្សែហើយ។ បិទមួយខ្សែអត់មានមកតាមបញ្ច្រាសបានទេ។ សារ៉េ (សម្រួល)អត់បានទេ ក្រែងតែឡានថ្នាក់ដឹកនាំជាន់ខ្ពស់បានមាន មានមួយៗអ៊ីចឹងទៅ ក្រៅពីហ្នឹងគ្មានទេ ចូលជួរអស់ហើយ...»។
លោក សេង ឈួន បានថ្លែងឱ្យដឹងថា ការកកស្ទះបានចាប់ផ្ដើមតាំងពីម៉ោង៥នៃព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមេសានេះ ហើយការកកស្ទះរថយន្តនៅកំពង់ចម្លងត្រើយខាងកើតមានខ្សែរថយន្តធំតូចបន្តគ្នាប្រវែងជាងមួយគីឡូម៉ែត្រ។ លោកកំពុងប្រើប្រាស់ស្រឡាងចំនួន ៥គ្រឿងដើម្បីចម្លងអ្នកដំណើរដែលឆ្លងកាត់កំពង់ចម្លងអ្នកលឿងនេះ ហើយលោកមិនអាចសន្និដ្ឋានបានថា នឹងត្រូវប្រើរយៈពេលប៉ុន្មានម៉ោងទៀតទេទើបរំដោះការកកស្ទះនេះបាន។
អ្នកដំណើរម្នាក់បានឱ្យដឹងថា ការកកស្ទះខ្លាំងគឺនៅត្រើយខាងកើត ព្រោះតែអ្នកដំណើរភាគច្រើនត្រូវសម្រុកវិលត្រឡប់មកទិសខាងភ្នំពេញវិញ បន្ទាប់ពីបានចេញទៅឈប់សម្រាកនៅតាមខេត្តភាគខាងកើត កាលពីអំឡុងចូលឆ្នាំខ្មែរកាលពីថ្ងៃទី១៤ ដល់ ១៦ មេសា កន្លងទៅនេះ៕