ព្រះតេជគុណ ច័ន្ទត្ថេរោ ជាព្រះចៅអធិការវត្ត មានថេរដីកាថា ដោយសារតែភាពតានតឹងផ្នែកយោធានៅព្រំដែនរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនោះបានញ៉ាំងឲ្យចំនួនអ្នកមកធ្វើបុណ្យភ្ជុំបិណ្ឌឆ្នាំនេះថយចុះជាងឆ្នាំកន្លងទៅ។
ព្រះតេជគុណ ច័ន្ទត្ថេរោ បានមានថេរដីកាថា ៖ «ប៉ុន្តែគឺលក្ខណៈមួយនៅក្នុងហ្នឹង គឺអាត្មាដាក់អំពីដូចថា កងទ័ពយើងនៅនេះបានជួយឧបត្ថម្ភដល់ព្រះសង្ឃច្រើន អ៊ីចឹងគឺធ្វើបុណ្យហ្នឹងគឺស្រុះស្រួលគ្នាល្អទៅវិញទេ អាហ្នឹងបើនិយាយទៅ កុសលគេល្អជាងមុនៗ ដោយសារមុនៗគឺវាពិបាកផ្លូវចុះឡើង តែសព្វថ្ងៃហ្នឹងគឺផ្លូវស្រួលហើយ»។
វត្តកែវសិខាគិរីស្វរៈដែលស្ថិតនៅប្រមាណ៤០០ម៉ែត្រពីទិសខាងលិចនៃប្រាសាទព្រះវិហារខ្មែរនោះ បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន១៤អង្គ។
លោកយាយឧបាសិកា ហៀន សុខុន ដែលអ្នកជាជួយរៀបចំចង្ហាន់ប្រគេនដល់ព្រះសង្ឃ បានថ្លែងដែរថា ដោយសារតែមានផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរឡើងលើភ្នំព្រះវិហារនោះ មានពលរដ្ឋជាច្រើនបានធ្វើដំណើរមកចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌនៅឯវត្តកែវសិក្ខាគិរីស្វរៈនេះ។
លោកយាយឧបាសិកា ហៀន សុខុន បានមានប្រសាសន៍ថា ៖ «មកយើងដូចថា នេះប្រាសាទយើងដែលភ្លើងឆេះអីហ្នឹងណា៎ ដែលជម្លៀសទៅនៅឯណោះទៅ ក៏គេចេះតែជិះឡានជិះម៉ូតូយកបាយយកសម្លឡើងមកណា៎។ ខាងភ្នំពេញ សៀមរាប ក៏ច្រើនដែរ មកសន្ធឹក ឯកឧត្ដម លោកជំទាវ ឧបាសក ឧបាសិកា ជើងវត្តអី ទាំងអស់»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកទេសចរណ៍និងពលរដ្ឋទាំងឡាយថ្លែងថា ចិត្តសទ្ធាក្នុងការធ្វើបុណ្យភ្ជុំបិណ្ឌនៅឯតំបន់ប្រាសាទព្រះវិហារថ្ងៃនេះ គឺអារម្មណ៍របស់ពួកគាត់ត្រូវលាយឡំចម្រុះគ្នា ដោយម្យ៉ាងខំបួងសួងឲ្យបានសេចក្តីសុខ សន្តិភាពផង ហើយម្យ៉ាងភ័យព្រួយអំពីការប្រយុទ្ធគ្នាម្តងទៀតរវាងកងទ័ពខ្មែរនិងកងទ័ពថៃនោះផង ដោយសារតែក្រុមបាតុករអាវលឿងថៃជាច្រើនពាន់នាក់កំពុងរកវិធីចូលមកក្នុងទឹកដីខ្មែរនោះ។
លោក វៀច ហូ ដែលរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្លែងថា ៖ «សភាពការណ៍វាមិនស្រួល ចេះតែមានការភ័យខ្លាចដែរ ប៉ុន្តែធ្លាប់រស់នៅនេះយូរហើយ ចេះតែនៅៗទៅ»។
ចំណេកឯស្ត្រីជាអ្នកទេសចរណ៍ម្នាក់មកពីខេត្តសៀមរាបថ្លែងដែរថា ៖ «ឮគេនិយាយថា សភាពការណ៍អត់ស្រួលអីដែរ ក៏ប៉ុន្តែមកដល់ហើយ ចង់មើលឲ្យឃើញទៅ»។
សូមជម្រាបថា នៅវេលាម៉ោង៤រសៀលថ្ងៃសៅរ៍នេះ ទាំងអ្នកទេសចរណ៍និងអ្នកចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌបានចុះផុតពីលើកំពូលភ្នំប្រាសាទព្រះវិហារ ប៉ុន្តែនាយទាហាននិងពលទាហានខ្មែរជាច្រើនរយនាក់ប្រដាប់ដោយអាវុធគ្រប់ដៃនៅតែបន្តឃ្លាំមើលសកម្មភាពកងទ័ពថៃនិងក្រុមបាតុករថៃអាវលឿងដែលប៉ុនប៉ងចូលមកទឹកដីខ្មែរនោះជាប្រចាំនៅឡើយ៕