តំណាងប្រជានេសាទមកតវ៉ាមុខសាលាខេត្ត លោក អ៊ែល ង៉ែត បានអះអាងថា ៖ «វៀតណាមវាចូលមកអូសតំបន់ទឹករាក់ កន្លែងប្រជាជនយើងរស់នៅសព្វថ្ងៃហ្នឹង វាពិបាករកស៊ី វារកអត់បាន»។
ប្រជានេសាទឃុំត្រើយកោះ ភូមិដូនតោក លោក ព្រំ ឌុលការីម ថ្លែងថា ពួកគាត់គ្មានដីធ្វើស្រែទេ មានតែរំពឹងផលនេសាទ បើបណ្តោយឲ្យទូកវៀតណាមចូលនេសាទដោយសេរី ពួកគាត់បានអ្វីរកនិងមានប្រាក់ឯណាបង់ឲ្យរដ្ឋ១ឆ្នាំជាង៤០ម៉ឺនរៀលនោះ។
លោក ព្រំ ឌុលការីម បានបញ្ជាក់ថា ៖ «គេមកដណ្ដើមមុខរបរយើង គេយកទូកអូសធំៗមកអូសចូលក្នុងដីខ្មែរយើង ហើយប្រជាជនខ្មែរយើងរកស៊ីអត់កើតទេ វាថយចុះទាំងអស់»។
បុរសឈ្មោះ អ៊ែល សើ ថ្លែងថា គាត់នេសាទមិនបាន បែរជាទូកវៀតណាមធំៗប្រើឧបករណ៍ទំនើបៗមកអូសយកកូនត្រី ក្តាម កូនបង្គា មឹក ស្នៀតដី ខ្យងហូល ជាដើមអស់ខ្ទេចខ្ទី ហើយខាងមន្ត្រីជលផលខេត្តមិនបានបង្ក្រាបទូកវៀតណាមឆ្លងចូលនេសាទខុសច្បាប់មកសមុទ្ទខ្មែរទេ បែរជានៅតែទារយកប្រាក់ពីក្រុមខ្មែរក្នុងទូក១គ្រឿង ៤៣ម៉ឺនរៀល ក្នុង១ឆ្នាំដដែល។
លោក អ៊ែល សើ បានឲ្យដឹងថា ៖ «ឥឡូវជលផលវាដល់ពន្ធហើយ មួយឆ្នាំគេបង់៤៣ម៉ឺនហ្នឹង ហើយឥឡូវអូសច្រើនពេក ខ្ញុំរកអត់បាន ហើយខ្ញុំមានលុយឯណាបង់!»។
ចំណែកបុរសឈ្មោះ អ៊ុង សេត វិញ ថ្លែងថា ៖ «បង់ជលផលក្នុង១ឆ្នាំ ៤៣ម៉ឺន៣ពាន់ យើងរកមិនបាន»។
ក្រោយប្រជានេសាទជួបជុំគ្នាមុខសាលាខេត្តកំពតបានបន្តិច តំណាង៣រូបត្រូវបានអញ្ជើញចូលចរចា។ លោក ម៉ាន់ នោ ដែលបានទៅចូលរួមប្រជុំបានអះអាងថា អាជ្ញាធរខេត្តនិងជលផល រួមទាំងសមត្ថកិច្ចប៉ូលិសផង បានសន្យាថា នឹងចុះបង្ក្រាបបទល្មើសទូកវៀតណាមដែលចូលនេសាទក្នុងសមុទ្ទខ្មែរដែលនាំឲ្យប៉ះពាល់ដល់មុខរបរខ្មែរនោះ។
វិទ្យុអាស៊ីសេរីបានព្យាយាមជួបជាមួយប្រធានជលផលខេត្តកំពត លោក សរ សារិន និងអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ និងអភិបាលរងខេត្ត សុំការបំភ្លឺពីកិច្ចទទួលយកការជួយអន្តរាគមន៍នូវសំណូមពររបស់ប្រជានេសាទខ្មែរនោះ តែលោកមិនធ្វើអត្ថាធិប្បាយទេ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សខេត្តកំពត អ្នកស្រី ទ្រី ឈូន ថ្លែងថា អ្នកនេសាទតវ៉ាច្រើនឆ្នាំពីការលួចចូលនេសាទរបស់ទូកវៀតណាមមកក្នុងសមុទ្ទខ្មែរ ប៉ុន្តែអាជ្ញាធរនិងមន្ត្រីជលផលហាក់ខ្លាចមានបញ្ហាផ្សេងៗ ចេះតែធ្វើមើលមិនឃើញការចូលមកនេសាទនោះ។
ប្រភពពីក្រុមប្រជានេសាទអ្នកតវ៉ាដដែលបង្ហើបថា នេះមិនមែនជាការតវ៉ាលើកដំបូងឡើយ។ ការតវ៉ាបានធ្វើឡើងច្រើនលើករួចមកហើយ ប៉ុន្តែហាក់មិនទទួលបានលទ្ធផលឡើយ។
ក្រុមអ្នកតវ៉ាព្រមានថា ប្រសិនបើលើកនេះអាជ្ញាធរមិនអាចបង្ក្រាបទូកវៀតណាមច្រើនគ្រឿងប្រើឧបករណ៍ទំនើបៗមកអូសបំផ្លាញផលសមុទ្ទក្នុងទឹកដីខ្មែរបានទេនោះ ពួកគាត់នឹងលើកគ្នាទៅភ្នំពេញដើម្បីតវ៉ានៅរដ្ឋសភាឲ្យជួយដោះស្រាយ៕