មតិ​ពលរដ្ឋ​ជុំវិញ​ការផាក​ពិន័យ​របស់​ប៉ូលិស​ចរាចរណ៍

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​សាធារណៈ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ ជា​ពិសេស​អ្នក​បើកបរ​ទោចក្រយានយន្ដ​ឬ​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ ២០០៨ នេះ ថា ពួក​គេ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការចាត់​វិធានការ​ផាក​ពិន័យ​របស់​នគរបាល​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ពីព្រោះ​ការផាក​នោះ​គឺ​ធ្វើ​ឡើង​ហាក់​មិន​ប្រាកដ​ប្រជា និង​មិន​មាន​ភាព​ច្បាស់លាស់​នាំ​ឲ្យ​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​មាន​ការពិបាក​ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​សព្វថ្ងៃ​នេះ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ បុរស​មួយ​រូប​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃ​នេះ​ក្រុម​មាន​សមត្ថកិច្ច​ខាង​ផ្នែក​នគបាល​ត្រួត​ពិនិត្យ​ចរាចរណ៍​បាន​ចាប់​ផាក​ពិន័យ​ទៅ​លើ​អ្នក​បើកបរ​ម៉ូតូ​ជា​ច្រើន​នាក់​នៅ​ជិត​ស្តាត​អូឡាំពិក ដែល​ការផាក​នោះ​គេ​ឃើញ​មាន​ភាព​ច្របូក​ច្របល់ ពីព្រោះ​មិន​ប្រាប់​ឲ្យ​ចំ​មុខ​ថា​ត្រូវ​ផាក​ពិន័យ​ទៅ​លើ​អ្វី ពីព្រោះ​ម្តង​គេ​ថា​មក​ពី​អ្នក​បើក​ម៉ូតូ​មិន​ដាក់​កញ្ចក់ រីឯ​អ្នក​មាន​ដាក់​កញ្ចក់​ហើយ ប៉ុន្តែ​គេ​ថា​មក​ពី​មិន​មាន​ពាក់​មួក​សុវត្ថិភាព​ទៅ​វិញ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «អ្នក​ខ្លះ​មាន​កញ្ចក់ ទារ​រក​គ្នា​ពី​រឿង​ពន្ធ ហើយ​អ្នក​ខ្លះ​គ្នា​មាន​ពន្ធ មាន​ស្លាក​លេខ​ត្រឹមត្រូវ ទារ​រក​កញ្ចក់ ថា​ឲ្យ​បង់​ពិន័យ​ត្រឹម​៤​ពាន់​រៀល។ ខ្ញុំ​ចង់​សំណូមពរ​សូម​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ធ្វើការ​ផ្សាយ​ពី​រឿង​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ផុសផុល ថា​ឥឡូវ​ត្រូវ​ដាក់​កញ្ចក់​ពាក់​មួក​សុវត្ថិភាព​និង​ស្អី​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​គេ​ធ្វើ​តាម ព្រោះ​យើង​ម្ដង​រាំង ម្ដង​ភ្លៀង​អ៊ីចឹង ពិបាក​គ្នា​ណាស់​មិន​ដឹង​យើង​ចង់​បាន​ន័យ​ថា​ម៉េច?»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ អ្នក​បើកបរ​ម៉ូតូ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ឃើញ​ការផាក​ពិន័យ​របស់​នគរបាល​ចរាចរណ៍​ហាក់​មាន​ភាព​អ​យុត្តិធម៌ ពីព្រោះ​ការផាក​នោះ​គឺ​ឃើញ​ផាក​តែ​ប្រជាពលរដ្ឋ​តូចតាច ឯ​អ្នក​មាន​ឋានៈ ដូច​ជា​មន្ត្រី​រាជការ​ផ្សេងៗ​ដែល​បើកបរ​ម៉ូតូ​ដោយ​មិន​មាន​ពាក់​ស្លាក​លេខ​មិន​ដាក់​កញ្ចក់ ឬ​មិន​ពាក់​មួក​សុវត្ថិភាព គឺ​ភាគ​ច្រើន​នគរបាល​លោក​មិន​បាន​ធ្វើការ​ផាក​ពិន័យ​អ្នក​ទាំង​នោះ​ឡើយ។

អ្នក​បើកបរ​ម៉ូតូ​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «ឲ្យ​តែ​ម៉ូតូ​មន្រ្តី​រាជការ​អី​មិន​ហ៊ាន​ប៉ះពាល់​ទេ...។ ដូច​ថា​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​ភាព​តឹងរ៉ឹង បើ​ថា​យើង​ចាប់ ចាប់​ទាំងអស់​គ្នា​តែម្ដង»

ក្រៅពី​មាន​ការទិតៀន​ថា សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​បាន​ធ្វើការ​ផាក​ពិន័យ​អ្នក​បើក​ម៉ូតូ​មិន​ដាក់​កញ្ចក់​និង​មិន​ពាក់​មួក​សុវត្ថិភាព​នោះ អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ផងដែរ​ថា សមត្ថកិច្ច​ខ្លះ​នៅ​ពេល​ដែល​ធ្វើការ​ផាក​ពិន័យ​នោះ​គឺ​មិន​បាន​ចេញ​វិក្កយបត្រ​ឲ្យ​ដល់​អ្នក​ដែល​ត្រូវ​បាន​ពិន័យ​នោះ​ទេ ហើយ​ម្យ៉ាងទៀត​ការផាក​នោះ​ក៏​តម្រូវ​ឲ្យ​បង់​ប្រាក់​ច្រើន​ហួស​កំណត់។

អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​បាន​ឲ្យ​ដឹង​ថា ៖ «គេ​ទារ​យើង​បង់​១២០០០​រៀល​អី​ឯណោះ។ ១២០០០​រៀល​ហ្នឹង គឺ​យើង​អត់​ស្លាក​លេខ ឬ​មួយ​ក៏​ម៉ូតូ​យើង​អត់​មាន​កញ្ចក់ ឬ​មួយ​ក៏​អត់​មាន​មួក (មួក​សុវត្ថិភាព) អ៊ីចឹង ។ ខ្ញុំ​ចង់​ឲ្យ​ថា បើសិន​ជា​ប៉ូលិស​ផាក​គួរតែ​ឲ្យ​បង្កាន់ដៃ​អ៊ីចឹង​ទៅ។ ពេល​ដែល​មាន​ស្លាក​រថយន្ត​ខ.ម ឬ​ក៏​ម៉ូតូ​ស្លាក​ខ.ម អ៊ីចឹង អត់​ចាប់​ទេ ខ្ញុំ​ឆ្ងល់​ត្រង់​បញ្ហា​ហ្នឹង»

ចំពោះ​ការចោទ​ប្រកាន់​ទាំង​អម្បាលម៉ាណ​នេះ នាយ​រង​ទី​១​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង​ភ្នំពេញ លោក​អនុសេនីយ៍​ឯក ចេវ ហាក់ បាន​មាន​ប្រសាសន៍​ថា​អាច​មាន​កំហុស​ខុស​ឆ្គង​ខ្លះ​របស់​សមត្ថកិច្ច​ចរាចរណ៍ ប៉ុន្តែ​មាន​តិចតួច​ជា​លក្ខណៈ​បុគ្គល​មួយចំនួន​ប៉ុណ្ណោះ។ លោក​បាន​បន្ត​ថា​តាម​ច្បាប់​ចរាចរណ៍ គឺ​ការផាក​ពិន័យ​របស់​នគរបាល​ត្រូវតែ​មាន​ចេញ​វិក្កយបត្រ​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​គេ​ផាក។

លោក​អនុសេនីយ៍​ឯក ចេវ ហាក់ បាន​មាន​ប្រសាសន៍​ថា ៖ «ចេញ​ជា​គោលការណ៍​គឺ​ត្រូវ​មាន​ចេញ​បង្កាន់ដៃ​នូវ​មួយ​កំហុសៗ គឺ​ត្រូវ​សរសេរ​លើ​កំណត់ហេតុ​ហ្នឹង​ឲ្យ​បាន​ច្បាស់។ ប៉ុន្តែ​បើសិន​ជា​គាត់​មិន​ចេញ​បង្កាន់​ដៃ​ឲ្យ​ទេ ថវិកា​នេះ​មិន​បាន​ចូល​រដ្ឋ​ទេ គឺ​ចូល​សមត្ថកិច្ច​ដែល​អនុវត្ត​ខុស​ហ្នឹង​ហើយ។ សូម​ឲ្យ​បង​ប្អូន​មន្រ្តី​រាជការ​ទាំងអស់​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ដែល​ជា​អ្នក​ត្រូវ​ធ្វើ​គំរូ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​គោរព​ច្បាប់​ទាំងអស់​គ្នា ព្រោះ​ច្បាប់​មាន​តម្លាភាព មាន​សិទ្ធិ​ស្មើភាព​គ្នា ចំពោះ​មុខ​ច្បាប់ មិន​មែន​ផាក​តែ​បង​ប្អូន​ប្រជាពលរដ្ឋ មន្រ្តី​រាជការ​អត់​ផាក​ទេ»

នាយ​រង​ទី​១​នៃ​ការិយាល័យ​នគរបាល​ជើង​គោក​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ទៀត​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក នឹង​ត្រូវ​ចាប់ផ្ដើម​ឲ្យ​បាន​តឹងរ៉ឹង​ចាប់​ពី​ពេល​នេះ​ទៅ​ហើយ ប៉ុន្តែ​មិន​បាន​ធ្វើ​ឡើង​ដោយ​គំហុក​តែម្ដង​នោះ​ទេ គឺ​ធ្វើការ​ផាក​បណ្ដើរ​និង​អប់រំ​បណ្ដើរ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ច្បាស់​អំពី​ការគោរព​ច្បាប់​ចរាចរណ៍​ជើង​គោក​នោះ​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ លោក ផូ ខន បាន​មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ​រាជ​រដ្ឋាភិបាល​បាន​ចេញ​ច្បាប់​ចរាចរណ៍​ដែល​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០០៧ មក​ម៉្លេះ ប៉ុន្តែ​ដោយ​ហេតុ​ថា​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​យល់​ដឹង​ពី​ច្បាប់​នោះ​គ្រប់​គ្នា​ទើប​ទាមទារ​ឲ្យ​មាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​នេះ។

លោក​បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ​ការតម្រូវ​ឲ្យ​មាន​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​ជើង​គោក​នោះ គឺ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដូច្នេះ​ក្រុម​មាន​សមត្ថកិច្ច​ត្រូវតែ​ចាប់ផ្ដើម​ជំរុញ​ឲ្យ​មាន​ការអនុវត្ដ​ច្បាប់​នេះ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត។

លោក ផូ ខន បាន​ឲ្យ​ដឹង​ថា ៖ «ព្រោះ​គ្រោះថ្នាក់​វា​មាន​កាន់តែ​ច្រើន ហើយ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ម៉េច​ក្នុង​ការបើកបរ​ហ្នឹង​ទាំង​ពាក់​មួក​ទាំង​អី​ហ្នឹង។ ទម្លាប់​របស់​គាត់​ពី​មុន​អត់​ទេ ដល់​អ៊ីចឹង​វិធានការ​ថ្មី​អ៊ីចឹង យើង​ធ្វើ​ម៉េច​ឲ្យ​ការងារ​ហ្នឹង​ឆ្លង​ទៅ​បន្តិច​ម្ដងៗ»

ចំពោះ​ការជំរុញ​ឲ្យ​មាន​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ អនុ​ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ព្រាប ចាន់វិបុល បាន​មាន​ប្រសាសន៍​ប្រាប់​ផង​ដែរ​ថា បើ​តាម​ការអង្កេត​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​មាន​តួនាទី​ក្នុង​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នោះ គឺ​បាន​ឃើញ​ថា​បើ​នៅ​ទីក្រុង​ភ្នំពេញ​ប្រជាពលរដ្ឋ​អាច​យល់​បាន​ច្រើន​ពី​ច្បាប់​ចរាចរណ៍​នោះ​ប្រមាណ​៦០% ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​នានា​វិញ គេ​ឃើញ​ថា បាន​យល់​ដឹង​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ គឺ​មាន​ប្រមាណ​តែ​ពី​២០%-៣០%​ប៉ុណ្ណោះ។ លោក​បាន​បន្ត​ថា​ដូច្នេះ​គេ​ត្រូវតែ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​នូវ​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​មូលដ្ឋាន​ទើប​ការគោរព​ច្បាប់​មាន​ប្រសិទ្ធភាព។

លោក ព្រាប ចាន់វិបុល បាន​ឲ្យ​ដឹង​ថា ៖ «យើង​នឹង​ជំរុញ​ការផ្សព្វផ្សាយ​ហ្នឹង​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ដូច​ថា​ហៅ​ខេត្ត​អី​មក គឺ​យើង​នឹង​ឲ្យ​ខេត្ត​ហ្នឹង​ចុះ​អប់រំ​នៅ​តាម​ភូមិ​ឃុំ។ មាន​ខេត្ត​ខ្លះ​គេ​អនុវត្ត​ហើយ គេ​មាន​លទ្ធភាព​នឹង​អាច​ចុះ​អប់រំ​តាម​ឃុំ​បាន»

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​សាធារណៈ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ ជា​ពិសេស​អ្នក​បើកបរ​ទោចក្រយានយន្ដ​ឬ​ម៉ូតូ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា​តាម​ពិត​ទៅ​គេ​ក៏​ចង់​ឲ្យ​មាន​ការអនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​ឲ្យ​បាន​ហ្មត់ចត់​ផងដែរ ដើម្បី​ចៀសវាង​នៅ​គ្រោះថ្នាក់​ផង​ទាំងឡាយ​ដែល​កើត​ឡើង​ជា​យថាហេតុ​តាម​ដង​ផ្លូវ​នេះ ប៉ុន្តែ​ទន្ទឹម​នោះ​គឺ​គេ​ចង់​ឲ្យ​មាន​ការគោរព​ច្បាប់​ទាំងអស់​គ្នា ទាំង​ក្រុម​មាន​សមត្ថកិច្ច​នគរបាល​ត្រួតពិនិត្យ​ចរាចរណ៍ ព្រមទាំង​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ដោយ​កុំ​គប្បី​សង្កត់​ធ្ងន់​តែ​មក​លើ​ប្រជាពលរដ្ឋ​តូច​តាច​ដែល​សមត្ថកិច្ច​មួយចំនួន​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ៕