ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល បានឲ្យដឹងថា ក្រុមហ៊ុនឯកជនមួយឈ្មោះផានអ៊ីម៉ិក (Phanimek) បានចាក់ដីលុបផ្ទះសំបែងប្រជាពលរដ្ឋ ដើម្បីរឹបយកដីធ្លី។ ប៉ុន្តែសកម្មភាពនោះបានផ្អាកទៅវិញ ដោយសារតែប្រជាពលរដ្ឋបាននាំគ្នាតវ៉ា ត្រៀមប្រើអំពើហិង្សា ដើម្បីប្រឆាំងក្រុមហ៊ុន។
សកម្មភាពនោះ បានកើតមានឡើងកាលពីថ្ងៃទី២៧ ខែមករា ថ្មីៗនេះ នៅគ្រាដែលរថយន្តដឹកដីរបស់ក្រុមហ៊ុនផានអ៊ីម៉ិកចំនួន ២គ្រឿង បានដឹកដីមកចាក់លុបផ្ទះសំបែងប្រជាពលរដ្ឋទាំងនោះ។
ប្រជាពលរដ្ឋដែលបានងើបតវ៉ា បានរងការភ្ជង់ដោយកាំភ្លើង ពីកម្លាំងសន្តិសុខការពារដីធ្លីឲ្យក្រុមហ៊ុន។
រឿងចម្រូងចម្រាសនេះ បានស្ងប់ស្ងាត់ទៅវិញ ដោយសារតែមេឃុំព្រែកតាទែន បានធ្វើកិច្ចអន្តរាគមន៍ភ្លាមៗ ដើម្បីដោះស្រាយពន្លត់អំពើហិង្សា ដែលបម្រុងនឹងកើតឡើងនោះ។
ប្រជាពលរដ្ឋឈ្មោះ ឆេង ឃុន អាយុ៤១ឆ្នាំ នៅក្នុងចំណោម ១៤គ្រួសារ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមករា ថាលោកបានរងការភ្ជង់ដោយចុងកាំភ្លើង នៅពេលដែលលោកបានប្រឆាំងនិងការចាក់ដីលុបនោះ ៖ "ដកកាំភ្លើងរកបាញ់ ដោយសារប្រជាជនយើងខ្លះកាន់ដំបង ខ្លះកាន់ដំថ្ម ខ្លះកាន់ដុំដីអ៊ីចឹងទៅ គ្នាវាថយឡានវិញទៅ"។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ពុំមានដីធ្លីរស់នៅជាកម្មសិទ្ធិស្របច្បាប់ទេ ដោយបានមកតាំងទីលំនៅតាមបណ្ដោយផ្លូវជាតិលេខ៥ តាំងពីឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨ កន្លងមក និងមានការដឹងឮដោយអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋឈ្មោះ ជួប ម៉ីងយ៉ាង អាយុ៥៥ឆ្នាំ បានថ្លែងថា លោកស្រីមិនព្រមឲ្យក្រុមហ៊ុនរឹបអូសយកដីធ្លីនេះទេ ប៉ុន្តែលោកស្រីទុកឲ្យរដ្ឋាភិបាលជាអ្នករឹបអូសយកទៅវិញ ពីព្រោះដីនេះជាកម្មសិទ្ធិរបស់រដ្ឋ ៖ "ខ្ញុំឡើងតុលាការដល់ ៣ដង ហើយទាមទារថាដីរបស់គាត់ ដីចិញ្ចើមថ្នល់ ដីជាចំណីរបស់រដ្ឋសោះ។ ខ្ញុំកាប់ព្រៃនៅតាំងពីខ្ញុំកាប់ព្រៃហ្នឹង អត់មានអ្នកណាមកឃាត់ ភូមិ ឃុំណា ឬមួយឯកជនណា បុគ្គលណាឃាត់ថា ជាដីរបស់គេ ឬមួយយ៉ាងម៉េចទេ ខ្ញុំកាប់ ៦ឬ៧ថៃ្ង"។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិកបាននៅឡើយទេ ដើម្បីសុំការពន្យល់អំពីដំណោះស្រាយ និងការតវ៉ារបស់ប្រជាពលរដ្ឋ ដោយគ្មានអ្នកឆ្លើយទូរស័ព្ទនៅថ្ងៃអាទិត្យ។
មេឃុំព្រែកតាទែនលោក ម៉ៅ ប៊ុនហ៊ីន ដែលបានជួយអន្តរាគមន៍បញ្ឈប់អំពើហិង្សាថ្មីៗនេះ បានមានប្រសាសន៍ថា តុលាការខេត្តកណ្ដាលមិនទាន់បានសម្រេចឲ្យភាគីប្រជាពលរដ្ឋ ឬក្រុមហ៊ុនជាអ្នកឈ្នះក្ដីនៅឡើយទេ ជុំវិញសំណុំរឿងនេះ ៖ "យើងដឹងហើយថា ប្រជាជនបច្ចុប្បន្ននេះកំពុងតែក្រីក្រដែរ គឺមានតែការសម្របសម្រួលគ្នា យោងទៅលើលក្ខការមួយដែលថា ប្រជាជនរស់នៅជាមួយក្រុមហ៊ុន ក្រុមហ៊ុនក៏ត្រូវមានការយល់យោគដល់ប្រជាជន"។
ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រុមហ៊ុនផានអ៊ីម៉ិក បានទទួលសិទ្ធិតាមរយៈ ស.ជ.ណ. កាលពីឆ្នាំ១៩៩០ ដើម្បីធ្វើការអភិវឌ្ឍលើដីធ្លីចំនួន ៤០០ហិកតារ ដើម្បីធ្វើកសិ-ឧស្សាហកម្មនៅលើដីធ្លីនោះ។
គ្រួសារប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ចង់បន្តរស់នៅទីនោះ ដោយសារគ្មានដីធ្លីរស់នៅកន្លែងផ្សេង បើមិនដូច្នោះទេ គ្រួសារទាំងនោះត្រូវការសំណងសមរម្យពីក្រុមហ៊ុន ដើម្បីចាកចេញដោយស្ម័គ្រចិត្ត ទៅរកកន្លែងរស់នៅថ្មី៕