សាលាក្រុង​ភ្នំពេញ​បញ្ជូន​ពល​ទាហាន​ស្ម័គ្រ​ចិត្ត​ថ្មី ៨០០ នាក់​ទៅ​ហ្វឹកហាត់

ក្រោយ​ពី​មាន​ការ​ប្រកាស​ជ្រើសរើស​ពល​ទាហាន​ជាប់​កាតព្វកិច្ច​យោធា ចំនួន ៥.០០០ នាក់ កាល​ពី​ខែ​ឧសភា​កន្លង​មក ឥឡូវ​នេះ​ការ​ជ្រើស គឺ​បាន​គ្រប់​ចំនួន ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ត្រូវ​ការ​ហើយ នៅ​ទូទាំង​ប្រទេស​កម្ពុជា រាប់​ទាំង​ទីក្រុង​ភ្នំពេញ​ផង។

៨-សីហា-២០១១ ៖ ពល​ទាហាន​ស្ម័គ្រ​ចិត្ត​ថ្មី​ក្នុង​ចំណោម ៨០០ នាក់ ដែល​សាលា​ក្រុង​ទើប​នឹង​ជ្រើសរើស​បាន រង់ចាំ​ចេញ​ដំណើរ​​ទៅ​មណ្ឌល​ហ្វឹកហ្វឺន។
៨-សីហា-២០១១ ៖ ពល​ទាហាន​ស្ម័គ្រ​ចិត្ត​ថ្មី​ក្នុង​ចំណោម ៨០០ នាក់ ដែល​សាលា​ក្រុង​ទើប​នឹង​ជ្រើសរើស​បាន រង់ចាំ​ចេញ​ដំណើរ​​ទៅ​មណ្ឌល​ហ្វឹកហ្វឺន។ (RFA/Sok Serey)

0:00 / 0:00

សាលាក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១១ បាន​បញ្ជូន​ពល​ទាហាន​ស្ម័គ្រ​ចិត្ត ចំនួន ៨០០ នាក់​ទៅ​ហ្វឹកហាត់ នៅ​តាម​បន្ទាយ​យោធា​នានា ដើម្បី​រៀន​សូត្រ​អំពី​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម ដើម្បី​ការពារ​បូរណភាព​ទឹក​ដី នៅ​គ្រា​ដែល​កម្ពុជា​លើក​ឡើង​ថា កងទ័ព​ថៃ​ព្យាយាម​ឈ្លានពាន និង​ដណ្ដើម​យក​ទឹក​ដី​កម្ពុជា នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរ​មានជ័យ មិន​បាន​សម្រេច​កន្លង​មក។

ពិធី​ជា​ផ្លូវការ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១១ នៅ​ឯ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក នា​ក្រុង​ភ្នំពេញ ក្រោម​អធិបតី​របស់​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា និង​មាន​ប្រជាពលរដ្ឋ សិស្ស​សាលា និង​ពលទាហាន​ស្ម័គ្រ​ចិត្ត មក​ចូលរួម​សរុប ៣.០០០ នាក់។

លោក កែប ជុតិមា និង​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោត​សរសើរ​ទឹក​ចិត្ត​ក្លាហាន​របស់​យុវជន​ស្ម័គ្រ​ចិត្ត និង​ការ​លះបង់​របស់​ក្រុម​គ្រួសារ ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព នៅ​ពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​ការ។

លោក កែប ជុតិមា ៖ «យើង​ត្រូវ​តែ​មាន​កងទ័ព ដែល​អង់អាច​ក្លាហាន ក្នុង​ការ​ការពារ​ទឹក​ដី​របស់​យើង។ ហើយ​នេះ គឺ​ជា​វីរភាព ជា​កាតព្វកិច្ច​ដ៏​ឧត្ដុង្គឧត្ដម​របស់​យុវជន យុវនារី កម្ពុជា​យើង​ទាំងអស់​គ្នា»។

មេ​បញ្ជាការ​កងទ័ព​ជើងគោក លោក​ឧត្ដមសេនីយ៍ឯក ព្រំ ឌិន និង​ជា​មេ​បញ្ជាការ​យោធភូមិភាគ​ពិសេស​ទី ៣ នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជ្រើសរើស​ពល​ទាហាន មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​កន្លង​មក គឺ​បាន​គ្រប់​ចំនួន​តាម​ផែនការ​របស់​រដ្ឋាភិបាល​ហើយ។

លោក ព្រំ ឌិន ៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​គ្រួសារ​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់ ដែល​បាន​ឃើញ​ច្បាស់​ពី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ បំផុស លះបង់ ជំរុញ​ឲ្យ​ប្ដី​សី​កូន​ចៅ ចូល​បម្រើ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​នៃ​យើង»។

ពល​ទាហាន​ស្ម័គ្រ​ចិត្ត​ម្នាក់ នៅ​ក្នុង​ចំណោម ៨០០ នាក់ ឈ្មោះ សាន សាម៉ាឌី អាយុ ២២ ឆ្នាំ នៅ​ខណ្ឌ​ដង្កោ​ជាយ​ក្រុង​ភ្នំពេញ ជា​អតីត​កម្មករ​រោងចក្រ​កាត់ដេរ បាន​ថ្លែង​ថា លោក​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព និង​មាន​ការ​យល់​ព្រម​ពី​ក្រុម​គ្រួសារ​ផង​ដែរ។

លោក សាន សាម៉ាឌី បញ្ជាក់​បន្ថែម ៖ «បាទ! ខ្ញុំ​មាន​អារម្មណ៍​សប្បាយ ដែល​បាន​ចូល​បម្រើ​ក្នុង​កងទ័ព ដើម្បី​បូរណភាព​ទឹក​ដី​យើង។ ខ្ញុំ​នឹង​តស៊ូ​ហ្វឹកហាត់​ឲ្យ​បាន ១០០% ដើម្បី​បូរណភាព​ទឹក​ដី​យើង»។

ក្រោយ​ពី​បាន​ប្រកាស និង​ធ្វើ​ពិធី​ស្វាគមន៍​នោះ​មក ពល​ទាហាន​ស្ម័គ្រចិត្ត ៨០០ នាក់​នោះ គេ​បាន​ដឹក​ពល​ទាហាន​ទាំង​នោះ តាម​រថយន្ត​យោធា​ធំៗ ចេញ​ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​បន្ទាយ​យោធា ដើម្បី​រៀន​សូត្រ និង​ហ្វឹកហាត់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម ដើម្បី​ការពារ​ទឹកដី​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរ​មានជ័យ។

គេ​បាន​ឃើញ​ក្រុម​គ្រួសារ​មួយ​ចំនួន ដូច​ជា​ម្ដាយ និង​ភរិយា​ពល​ទាហាន បាន​អោប​ក្រសោប​គ្នា និង​សម្រក់​ទឹក​ភ្នែក នៅ​មុន​ការ​ឡើង​រថយន្ត​បែក​គ្នា​នោះ។

ការ​ជ្រើសរើស​ពល​ទាហាន​ស្ម័គ្រចិត្ត​នេះ គឺ​ក្រោយ​ពេល ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជ្រើសរើស​ពល​ទាហាន ចំនួន ៥.០០០ នាក់ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ។

ពល​ទាហាន​ស្ម័គ្រចិត្ត ៥.០០០ នាក់​នោះ គឺ បី​ពាន់នាក់ ​សម្រាប់​កង​ពល​ធំ​អន្តរាគមន៍​លេខ ២, មួយ​ពាន់​នាក់​សម្រាប់​កងពល​តូច​ថ្មើរ​ជើង​លេខ ៤១ និង មួយ​ពាន់​នាក់​ទៀត សម្រាប់​កងពល​តូច​អន្តរាគមន៍​លេខ ៤២។

ក្រៅ​ពី​នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា ជ្រើសរើស​ពល​ទាហាន ៣៥០ នាក់​ទៀត សម្រាប់​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស នៃ​អគ្គបញ្ជាការដ្ឋាន៕