មានប្រសាសន៍នៅក្នុងពិធីបញ្ចុះបឋមសីលានៅក្នុងវត្តមួយនៅស្រុកបាធាយ ខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅភាពចលាចលអំពីបញ្ហាស្បៀងនៅក្នុងពិភពលោក ថាជាឱកាសមានបានសម្រាប់ប្រទេសកសិកម្ម ក្នុងការនាំស្បៀងចេញ ដែលលោកសុំឲ្យកសិករខ្មែរជំរុញការងារកសិកម្មរបស់ខ្លួននៅក្នុងឆ្នាំនេះ ឲ្យអស់លទ្ធភាព ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ «ហើយពិភពលោកបច្ចុប្បន្ននេះគឺមានបញ្ហាធំណាស់ អ៊ីចឹងទេសុំប្រជាពលរដ្ឋរបស់យើងជំរុញការដាំដុះឲ្យអស់លទ្ធភាព មិនថាស្រូវ មិនថាពោត មិនថាសណ្ដែក មិនថាដំណាំណាទេឥឡូវមានទីផ្សារទាំងអស់» ។
សេចក្តីអំពាវនាវរបស់នាយករដ្ឋមន្ត្រី ក៏បានថ្លែងនៅខណៈពេលចាប់ផ្តើមនៃរដូវវស្សា នៅក្នុងឆ្នាំនេះដែរ ដោយលោកបានបង្ហាញជំហរបន្ថែមអំពីការចូលរួម ធានាសុវត្ថិភាពស្បៀង នៅក្នុងពិភពលោក ដែលនឹងត្រូវបើកឲ្យមានការនាំចេញផលិតផលកសិកម្មបន្ថែមទៀត នៅក្នុងពេលខាងមុខ ។
សេចក្តីថ្លែងនោះមិនត្រូវបានគាំទ្រដោយក្រុមបក្សប្រឆាំងឡើយ ។ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី រិះគន់ថានេះមិនមែនជាពេលដែលនិយាយអំពីរឿងបង្កើតការដាំដុះ ការងារកសិកម្មឡើយ ។ បញ្ហាប្រេងសាំងឡើងថ្លៃ កំពុងតែគំរាមកំហែងជីវភាពកសិករខ្មែរ ហើយកសិករខ្មែរនោះទៀតសោត ខ្វះដីសម្រាប់ធ្វើកសិកម្ម ខ្វះប្រភពទឹកនិងទំនិញគ្រប់មុខ ដូចជាជីឡើងថ្លៃកំពុងចោទជាបញ្ហា ។
លោកបន្តទៀតថា ការថ្លែងនោះគ្រាន់តែជាមធ្យោបាយក្នុងការឃោសនាប៉ុណោ្ណះ ពីព្រោះការឡើងថ្លៃផលិតផលកសិកម្ម ក្នុងពិភពលោកយ៉ាងណាក៏ដោយ ក៍ផលិតផលកសិករខ្មែរលក់មិនបានថ្លៃដែរ នៅគ្រាដែលរដ្ឋាភិបាលគ្មានផែនការត្រឹមត្រូវក្នុងការប្រមូលទិញ ។
លោក សម រង្ស៊ី បានឲ្យដឹងថា ៖ «ឲ្យកសិករទៅដាំលើដីនរណា ? បើឥឡូវសុទ្ធតែដីរបស់ឧកញ៉ា ដីរបស់ក្រុមហ៊ុន ដីរបស់ជនពុករលួយរាប់ម៉ឺនរាប់សែនហិកតា ហើយកសិករខ្លះរកតែមួយហិកតាគ្មានផង មួយហិកតារស់អត់គ្រាន់ទេ ។ ឧបមាថាមានអ្នកខ្លះមានដីគ្រប់គ្រាន់ ។ យើងគ្រាន់តែអំពាវនាវតែមាត់អត់គ្រប់គ្រាន់ទេ ត្រូវតែធានាឲ្យមានទឹកហើយមានម៉ាស៊ីនបូមទឹក ទាល់តែប្រេងសាំងចុះថ្លៃ ហើយយើងត្រូវតែធានា ថាបើដាំដុះហើយ ប្រមូលផលបានហើយ យកផលដំណាំហ្នឹងយកទៅលក់ឲ្យលក់បានតម្លៃសមរម្យផង» ។
កាលពីប៉ុន្មានខែមីនាកន្លងទៅ អង្ករនៅកម្ពុជាបានឡើងថ្លៃជាគំហុគ ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាល បញ្ជាឲ្យទប់ស្កាត់ការនាំចេញទៅក្រៅប្រទេស ដើម្បីទម្លាក់តម្លៃអង្ករ និងធានាសុវត្ថិភាពស្បៀងនៅកម្ពុជា។ មកដល់ពេលនេះតម្លៃអង្ករនៅកម្ពុជាបានធ្លាក់ចុះបន្តិចមកវិញហើយ ហើយជាមួយគ្នានេះដែរ កាលពីចុងសប្តាហ៍មុនរដ្ឋាភិបាលខ្មែរបានប្រកាស ក្នុងការនាំចុងអង្ករចេញទៅប្រទេសសេណេហ្គាល់ ។
លោក ហ៊ុន សែន បានរំពឹងថាកម្ពុជានិងមានលទ្ធភាពនាំស្បៀងចេញបន្ថែមទៀត បន្ទាប់ពីជំហាននាំចេញទៅកាន់ប្រទេសអាហ្វ្រិកលើកនេះ ៕