បងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខការពារបុគ្គលពីរនាក់ ដែលជាជនជាប់សង្ស័យក្នុងអំពើប្រទូស្តកេរ្តិ៍ទៅលើស្ត្រីជាអ្នករត់តុម្នាក់ នៅខេត្តបន្ទាយមានជ័យ កាលពីចុងឆ្នាំ២០១១ កន្លងទៅ។ បុរសទាំងពីរនាក់នោះ ម្នាក់ជាមន្ត្រីបំរើការនៅអង្គការដោះមីនស៊ីម៉ាក និងម្នាក់ទៀតមានមុខរបរជាថៅកែឡឥដ្ឋ។
នៅក្នុងលិខិតអន្តរាគមន៍មួយ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១១ ដោយមានសរសេរអក្សរខ្មែរ អង់គ្លេស ភ្ជាប់នៅផ្នែកខាងលើថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប)។
លោក ហ៊ុន សាន នាយករដ្ឋបាលគ្រប់គ្រង (កាំសាប) និងជាបងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបញ្ជាក់ថា គោរពជូនលោកប្អូន ផាន់ វណ្ណារ័ត្ន ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ។ សូមអធ្យាស្រ័យដោយខ្ញុំពុំបានមកជួបដោយផ្ទាល់។ ខ្ញុំមានសំណូមពរមួយ សូមលោកប្អូនព្រះរាជអាជ្ញាមេត្តាអន្តរាគមន៍ និងសម្រួលដល់ឈ្មោះ អ៊ុំ សុជាតិ និងឈ្មោះ ថុង ពិសិដ្ឋ បញ្ចប់ករណីចោទប្រកាន់របស់ស្ត្រីរត់តុនៅភោជនីយដ្ឋានស្ទឹងសែន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។
ស្ត្រីរងគ្រោះឈ្មោះ ហ៊ី ធាវី អាយុ ២៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងជាអ្នករត់តុនៅភោជនីយដ្ឋានស្ទឹងសែន។ នាងបានប្តឹងចោទថា បុរសវ័យចំណាស់ពីរនាក់ បានចាប់អោបថើប និងលូកដៃចាប់ញីញក់លើរូបរាងកាយរបស់នាង។ បុរសទាំងពីរនាក់មានឈ្មោះ អ៊ុំ សុជាតិ អាយុប្រហែល ៥០ឆ្នាំ ជាមន្ត្រីបម្រើការនៅអង្គភាពស៊ីម៉ាក និងឈ្មោះ ថុង ពិសិដ្ឋ ហៅ វិត អាយុប្រហែល ៥០ឆ្នាំដូចគ្នា ជាថៅកែឡឥដ្ឋ នៅខេត្តបន្ទាយមានជ័យ។
ប៉ុន្តែកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ឈ្មោះ អ៊ុំ សុជាតិ ជាមន្ត្រីបម្រើការនៅអង្គភាពដោះមីនស៊ីម៉ាក និងឈ្មោះ ថុង ពិសិដ្ឋ បានប្ដឹងបកទៅលើស្ត្រីរងគ្រោះ និងលោក ស៊ុំ ចន្ទគា ជាប្រធានសម្របសម្រួលសមាគមអាដហុក ដាក់ទៅតុលាការ ដោយចោទប្រកាន់ពីបទមួលបង្កាច់កេរិ៍្ត។ ពាក្យបណ្តឹងនោះ បានធ្វើឡើងក្រោយពីសកម្មជនអាដហុក បានបំពេញតួនាទីរបស់ខ្លួនជាសកម្មជនសិទ្ធិមនុស្ស ជួយការពារស្ត្រីរងគ្រោះម្នាក់ ដែលជាអ្នកបម្រើការនៅក្នុងភោជនីយដ្ឋានស្ទឹងសែន ក្នុងខេត្តបន្ទាយមានជ័យ។
លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកបានទទួលលិខិតរបស់លោក ហ៊ុន សាន បងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះហើយ ប៉ុន្តែលោកបញ្ជាក់ថា លិខិតនោះពុំមានឥទ្ធិពលលើការសំរេចចិត្តរបស់តុលាការទេ។ តុលាការកំពុងធ្វើការស៊ើបអង្កេតជាបឋមលើសំណុំរឿងទាំងពីរ ហើយអាចបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១២។
លោកបញ្ជាក់ថា តុលាការបានសាកសួរភាគីទាំងសងខាងជិតរួចរាល់ហើយ មានទាំងសាក្សីច្រើននាក់ទៀត៖ «រឿងអស់នេះគេមានមេធាវី ហ្វូតូ (ថតចម្លង) ឯកសារត្រឹមត្រូវ គេដាក់ពាក្យសុំថតចម្លងខ្ញុំមិនដឹងថា ចេញពីមេធាវី ឬយ៉ាងណាទេ។ រឿងខាងខ្ញុំបញ្ចេញឯកសារគឺអត់មានទេ អាហ្នឹងគឺជាការសំងាត់វិជ្ជាជីវៈ យើងអត់អាចបញ្ចេញឯកសារណាមួយបានទេបាទ! បើអង្គុយតែប៉ះពាល់អ៊ីចឹង ខាងវិទ្យុ និងកាសែតផ្សេងៗចុះ។ បើយើងយកឥទ្ធិពលខាងក្រៅយកមក ដល់ការសំរេចចិត្តយើងមិនបាច់ធ្វើការអីទេ»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក បានថ្លែងថា ការស៊ើបអង្កេតរកឃើញលិខិតអន្តរាគមន៍របស់បងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែអាដហុក មិនអាចប្រាប់ប្រភពបានទេ ព្រោះដើម្បីរក្សាសុវត្ថិភាពប្រភព។ លោកបញ្ជាក់ថា លិខិតបងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពលទៅលើតុលាការ និងធ្វើឲ្យស្ត្រីដែលរងគ្រោះដោយសារតែអំពើប្រទូស្តកេរ្តិ៍នេះ ពុំអាចទទួលបានយុត្តិធម៌ទេ។
លោក នី ចរិយា៖ «ប៉ុន្តែយោងតាមប្រសាសន៍ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យថា លិខិតនោះមិនមានឥទ្ធិពលអីទេ ដូច្នេះសមាគមអាដហុក រង់ចាំបន្ត តាមដានតទៅទៀតថា តើការសំរេចចិត្តរបស់ចៅក្រម ឬក៏របស់ព្រះរាជអាជ្ញានៅក្នុងសាលាដំបូងហ្នឹងពិតជាមិនទទួលរងឥទ្ធិពលនោះប្រាកដមែន ឬអត់? ពីព្រោះរឿងពាក់ព័ន្ធទៅនឹងការប្រទូស្តកេរ្តិ៍ តុលាការបានសាកសួរភាគីទាំងសងខាង មានរបាយការណ៍ប៉ូលិសគ្រប់ជ្រុងជ្រោយហើយ អាចបញ្ជាក់ថា ជនជាប់ចោទអាចប្រព្រឹត្តអំពើទាំងអស់នោះមែន»។
ទន្ទឹមគ្នានេះអាដហុក បានផ្ដល់មេធាវីការពារក្ដីឲ្យស្ត្រីរងគ្រោះ ហើយអង្គការអាដហុក នឹងបន្តការស៊ើបអង្កេត រួមទាំងបន្តកិច្ចសហការជាមួយតុលាការក្នុងការផ្ដល់ឯកសារដែលខ្លួនមានបន្ថែមទៀត។
ស្ត្រីរងគ្រោះ ឈ្មោះ ហ៊ី ធាវី បានថ្លែងថា ជនប្រព្រឹត្តកំពុងប្រើប្រាស់ឥទ្ធិពលបងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបិទបាំងនូវអំពើអាក្រក់របស់ខ្លួន។ នាងថា បើសិនជាលោក អ៊ុំ សុជាតិ ប្រាកដខ្លួនឯងថា ពុំបានធ្វើបាបលើរូបនាងទេ តើលោកខ្លាចអីនឹងឡើងប្រឈមមុខនៅតុលាការ ហើយមិនចាំបាច់ប្រើឥទ្ធិពលអ្នកមានអំណាចអន្តរាគមន៍មិនឲ្យព្រះរាជអាជ្ញាចាត់ការលើពាក្យបណ្តឹងរបស់ក្មេងស្រីរត់តុម្នាក់នោះទេ។
ស្ត្រី ហ៊ី ធាវី៖ «តើមូលហេតុអ្វីបានជាលោក ហ៊ុន សាន ហ៊ានអះអាងទៅលើរូបលោក ថុង ពិសិដ្ឋ និងលោក អ៊ុំ សុជាតិ ហ្នឹងថា បុគ្គលពីរនាក់ហ្នឹងអត់បានធ្វើខុសហើយរហូតហ៊ានចេញលិខិតទៅបញ្ឈប់មិនឲ្យព្រះរាជអាជ្ញានៅខេត្តបន្ទាយមានជ័យ មិនឲ្យដំណើរការសំណុំរឿងរបស់ខ្ញុំហ្នឹងទៀត អ៊ីចឹងច្បាប់នៃប្រទេសកម្ពុជា យើងមានយុត្តិធម៌សម្រាប់តែអ្នកមានលុយអំណាចទេ ឬសម្រាប់ពួកខ្ញុំដែលជាអ្នកក្រីក្រ អ្នកតូចទាប អ៊ីចឹងចាត់ទុកពួកខ្ញុំជាស្អី ជាសំរាម?»។
ទោះយ៉ាងនេះក្តី នាង ធាវី មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែនាងជាស្ត្រីទន់ខ្សោយ។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។ លោកថ្លែងថា អ្នកនយោបាយអាចធ្វើកិច្ចអន្តរាគមន៍បានដ៏រាបណាតុលាការបានចេញសាលក្រមកាត់ទោសជាស្ថាពរហើយសិន ប៉ុន្តែនៅពេលតុលាការពុំទាន់បានចាត់តាមនីតិវិធីនៃប្រព័ន្ធច្បាប់ទេ មិនត្រូវមានអ្នកនយោបាយធ្វើអន្តរាគមន៍ទេ។
ការធ្វើអន្តរាគមន៍របស់អ្នកនយោបាយធ្វើឲ្យចុះខ្សោយដល់តុលាការដែលយើងចាត់ទុកថា ជាអង្គនីតិមួយមិនស្ថិតនៅក្រោមអ្នកមានអំណាចណាម្នាក់នោះទេ។ លោកបន្តថា នៅក្នុងរដ្ឋធម្មនុញ្ញមានអំណាចបីធំៗ គឺអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ។
យុត្តិធម៌សម្រាប់អ្នកទន់ខ្សោយត្រូវតែរក ពីព្រោះមនុស្សរស់នៅក្រោមសំណាញ់ច្បាប់។ ច្បាប់ជាអ្នកផ្ដល់តំលៃឲ្យគ្រប់មនុស្សទូទៅ។ បើសិនមានការអន្តរាគមន៍ ហើយអ្នកដែលរងគ្រោះនៅតែមានភាពទន់ខ្សោយដដែលនោះ លោកជឿជាក់ថា សង្គមនៅតែគ្មានយុត្តិធម៌ ហើយកំរិតនៃការទទួលបានសិទ្ធិតតាំងផ្លូវច្បាប់នៅតែមានកម្រិត។
លោក សុខ ទូច៖ «ហេតុនេះហើយសម្រាប់ខ្ញុំគិតថា ការធ្វើបែបនេះវាមានផ្លូវពីរ។ ទីមួយអ្នកទន់ខ្សោយមិនត្រូវបានទទួលការគាំពារ ឬក៏ការការពារដោយច្បាប់ទី២ ធ្វើមានភាពមិនរឹងមាំនៃផ្លូវតុលាការ»។
លោកបន្តថា ដើម្បីចៀសផុតបញ្ហានេះ តុលាការត្រូវតែចាត់តាមនីតិវិធី មិនអាចរងឥទ្ធិពលណាមួយទេបើពុំដូច្នេះ និងធ្វើឲ្យអំណាចតុលាការពុំមានប្រសិទ្ធភាព។ កិច្ចអន្តរាគមន៍វាជាសិទ្ធិអន្តរាគមន៍មួយ ប៉ុន្តែការអនុវត្តច្បាប់នៅតែបន្ត ព្រោះកិច្ចអន្តរាគមន៍មិនអាចពន្លត់អំណាចតុលាការបានទេ បើពុំដូច្នេះទេ នឹងធ្វើឲ្យតុលាការពុំមានប្រសិទ្ធភាពបាននោះឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។