ហ៊ុន សែន ​អះអាង​ថា​កម្ពុជា​ពុំ​មាន​បាត់​បង់​ដី​ទៅ​ឲ្យ​វៀតណាម​ទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ថា កម្ពុជា​គ្មាន​បាត់​បង់​ដី​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ឡើយ។

ការ​បដិសេធ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្រោយ​ពី​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៤​រូប បាន​សាកសួរ​រដ្ឋាភិបាល​ថា តើ​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​កម្ពុជា មាន​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថ្វាយ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ឬ​ទេ នៅ​ពេល​ដែល​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​ថ្វាយ​សម្ដេច​ព្រះ នរោត្តម សីហនុ ថា ពុំ​មាន​ប្រជាកសិករ​ខ្មែរ​បាត់​បង់​ដី​ស្រែ​នោះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ដែល​បាន​លើក​ឡើង​ថា កសិករ​ខ្មែរ​បាត់បង់​ដី​ស្រែ​ទៅ​ឲ្យ​ប្រទេស​វៀតណាម គឺ​ជា​ការ​មួលបង្កាច់ និង​អាច​បង្ក​ឲ្យ​មាន​អរិភាព​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។

លិខិត​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​វិច្ឆិកា បាន​សរសេរ​ថា ក្រុម​បច្ចេកទេស​របស់​វៀតណាម និង​កម្ពុជា កំពុង​សិក្សា​ដើម្បី​កំណត់​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-​វៀតណាម លេខ​១៨៤, ១៨៥ និង ១៨៧ នៅ​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​បោះ​បង្គោល​ព្រំដែន​ទាំង​នោះ​នៅ​ឡើយ​ទេ។

លោក ហ៊ុន សែន បន្ត​ទៀត​ថា ដូច្នោះ​ប្រជាកសិករ​ខ្មែរ ក៏​ដូចជា​ប្រជាកសិករ​វៀតណាម នៅ​តំបន់​ជិត​បង្គោល​តម្រុយ​ព្រំដែន ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​បន្ត​ទៀត​ទេ ហើយ​គ្មាន​ប្រជាកសិករ​ណា​ម្នាក់​បាន​បាត់បង់​ដី​ស្រែ​ចម្ការ​ផង​ដែរ។

បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-​វៀតណាម បាន​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង បន្ទាប់​អ្នក​ស្រុក​រស់​នៅ​ក្បែរ​ព្រំដែន ដែល​ជា​ម្ចាស់​ដី​បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​បាត់បង់​ដី​ឲ្យ​ប្រទេស​វៀតណាម ដោយសារ​ការ​បោះ​តម្រុយ​ព្រំដែន​នេះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩ កន្លង​ទៅ បាន​ដឹកនាំ​ប្រជាកសិករ​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​នេះ ទើប​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​លោក សម រង្ស៊ី និង​កសិករ​ពីរ​នាក់​ទៀត​ឲ្យ​ជាប់​គុក​រយៈ​ពេល​មួយ​ឆ្នាំ​ដល់​ពីរ​ឆ្នាំ ក្រោយ​មក​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ទីក្រុង​ភ្នំពេញ កាត់​ឲ្យ​ជាប់​គុក ១០​ឆ្នាំ​បន្ថែម​ទៀត​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា និង​វៀតណាម កន្លង​មក បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ដី។

លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ថា កម្ពុជា​បាត់​ដី​ទៅ​ឲ្យ​វៀតណាម ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​មួល​បង្កាច់​ការ​ពិត​ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា ក្នុង​បំណង​ចង់​កេង​ចំណេញ​នយោបាយ។

នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​វិច្ឆិកា ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់យុង នៅ​ភ្នំពេញ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នឹង​ធ្វើការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​រួច​រាល់​នៅ​ឆ្នាំ​២០១២។

រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​មិន​ឲ្យ​រំខាន​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម​នោះ​ទេ ប្រសិន​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​ទាំង​នោះ។

លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​តុលា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ភ្នំពេញ បញ្ឈប់​ការ​បោះ​បង្គោល​ព្រំដែន​ជា​បន្ទាន់ ពី​ព្រោះ​លោក​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ដី។

លោក សម រង្ស៊ី បន្ត​ទៀត​ថា លោក​មិន​អាច​ទទួល​យក​បាន​ការ​ពន្យល់​របស់​លោក ហ៊ុន សែន ដែល​ថា កម្ពុជា​គ្មាន​បាត់​បង់​ដី​នោះ​ទេ ពីព្រោះ​កសិករ​កម្ពុជា​ពិត​ជា​បាត់​បង់​ដី​មែន ៖ «ព្រោះ​បោះ​បង្គោល​នេះ​អត់​មាន​តម្លាភាព។ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន គឺ​មិន​បាន​ដឹង​ឮ មិន​បាន​ចូល​រួម ផ្ទុយ​ទៅ​វិញ​ចាំ​តែ​រង​គ្រោះ ចាំ​តែ​គេ​មក​បោះ​បង្គោល​លើ​ដី​ស្រែ​ដី​ចម្ការ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​គឺ​បាត់​បង់​ដី​ធ្លី បាត់​បង់​ផ្ទះ​សម្បែង»

ប្រទេស​កម្ពុជា និង​វៀតណាម បាន​ចាប់​ផ្ដើម​បោះ​បង្គោល​ព្រំដែន​ជាមួយ​គ្នា តាំង​ពី​ឆ្នាំ​២០០៦​មក ក្រោយ​ពី​សភា​ជាតិ​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​ឆ្នាំ​២០០៥។ ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ចំនួន ២០០​បង្គោល ក្នុង​ចំណោម​បង្គោល​ចំនួន ៣៧៥​បង្គោល នៅ​លើ​បន្ទាត់​ព្រំដែន​ប្រវែង​ជាង​មួយ​ពាន់​គីឡូម៉ែត្រ៕