អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់លោកនាយករដ្ឋមន្ត្រី បានថ្លែងរិះគន់ធ្ងន់ៗកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថា វិទ្យុអាស៊ីសេរី មានភាពលម្អៀង កាន់ជើងតែខាងគណបក្សនយោបាយខូច ដែលអ្នកស្រីមិនបានបញ្ជាក់ ហើយថា មិនដែលផ្សាយរឿងល្អអំពីការអភិវឌ្ឍប្រទេសជាតិបច្ចុប្បន្ន ដែលដឹកនាំដោយស្វាមីរបស់អ្នកស្រីឡើយ។
អ្នកស្រីថ្លែងដូច្នេះ៖ «ច្បាស់ណាស់អាស៊ីសេរី កាន់ជើងតែគណបក្សខូច។ គណបក្សខូច គឺអាស៊ីសេរី ហើយអ្នកខ្លះប្រឹងផ្ទៀងស្ដាប់ណាស់។ អាស៊ីសេរីជឿមនុស្សខូចណាស់។ ត្រង់ថា គណបក្សប្រជាជនជួយប្រជាពលរដ្ឋយ៉ាងនេះហើយ ការអភិវឌ្ឍប្រទេសជាតិយ៉ាងម៉េចអត់ដែលមានទេ ពីព្រោះអាស៊ីសេរី ខាងអាមេរិកាំង ទៅស្រុកខ្មែរ។ សូមទោសដែលនិយាយត្រង់ហ្នឹង នេះការពិតជាក់ស្តែង»។

ប្រសាសន៍របស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នេះ បានធ្វើឡើងនៅចំពោះមុខអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលចុះទៅយកព័ត៌មានផ្ទាល់ក្នុងឱកាសដែលអ្នកស្រីចុះចែកអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋជាង ៣.២០០គ្រួសារ រងគ្រោះដោយសារទឹកជំនន់មកពីឃុំចំនួន៥ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១១។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានមានប្រសាសន៍ថា តាមការសង្កេតរបស់លោកផ្ទាល់ដែលបានតាមដានកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី កន្លងមក គឺថា វិទ្យុនេះដើរតួជាអ្នកនាំសារតែប៉ុណ្ណោះ៖ «ខ្ញុំថា ដូចជាអត់មានកាន់ជើងខាងណាៗទេ គឺដកស្រង់មតិ និងផ្សព្វផ្សាយព័ត៌មានជាក់ស្ដែង។ សព្វថ្ងៃនេះពិបាកទាក់ទងយកព័ត៌មានពីរដ្ឋាភិបាល ឬពីអ្នកវិភាគផ្នែករដ្ឋ មានការពិបាកដែរ ដោយសារតែមានការត្រួតត្រា ហាមឃាត់មិនឲ្យបញ្ចេញមតិ ឬជូនជាព័ត៌មាន»។
អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក៏បានបញ្ជាក់ថា ការចែកអំណោយរបស់កាកបាទក្រហមកម្ពុជានេះ មិនថា បច្ចុប្បន្ន ឬពីមុនមកទេ គឺសម្រាប់ពលរដ្ឋគ្រប់ៗគ្នា មិនរើសមុខខាងគណបក្សណាទេ។
ទោះជាយ៉ាងណាក៏ដោយ កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តខ្លះដែលជាជនរងគ្រោះដោយសារទឹកជំនន់ បានត្អូញត្អែរ និងបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា មានភាពលម្អៀង ចែកអំណោយតែចំពោះគ្រួសារណាដែលគាំទ្រគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
ទោះជាមានការអះអាងរបស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងបញ្ជាក់ថា បញ្ហានេះគឺជាការលំបាក ដោយសារវាទាក់ទងនឹងទំនាស់ផលប្រយោជន៍ ពីព្រោះអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជាភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តួនាទីជាប្រធានកាកបាទក្រហមកម្ពុជា៖ «វាពិបាកដែរ។ រឿងប្រធានកាកបាទក្រហម មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំ។ ចង់មិនចង់ គឺគេអាចម៉ៃថា ការធ្វើសកម្មភាពទាំងឡាយពិបាកនឹងនិយាយថា ជាសកម្មភាពអព្យាក្រឹត»។
លោក នុត រំដួល តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានស្នើសុំឲ្យកាកបាទក្រហមកម្ពុជា ពិនិត្យបញ្ជីឈ្មោះឲ្យបានម៉ត់ចត់លើការចាត់ចែងរបស់មេភូមិ និងមេឃុំ ដែលតែងតែមានការរើសអើង ប្រកាន់បក្សពួក ពីព្រោះកាកបាទក្រហមកម្ពុជា ពុំមែនជារបស់គណបក្សប្រជាជនកម្ពុជាឡើយ៕