លោក សុខ ផល អគ្គស្នងការរងប៉ូលិសជាតិ បានមានប្រសាសន៍នៅថ្ងៃទី១០ វិច្ឆិកាថា នៅក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីយប់ថ្ងៃទី៩ វិច្ឆិកា កន្លងមកនេះ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន៤នាក់ ក្នុងនោះមានលោកអគ្គស្នងការប៉ូលិសជាតិផ្កាយមាស៤ ហុក ឡងឌី លោកឧត្តមសេនីយ៍យោធាផ្កាយ៣ អគ្គមេបញ្ជាការរងយោធា សុខ សាអែម និងអ្នកបើកយន្តហោះចំនួន២នាក់។ ហើយកន្លែងធ្លាក់យន្តហោះនោះគឺនៅភូមិចក ស្រុករំដួល ខែត្រស្វាយរៀង។
លោក សុខ ផល មានប្រសាសន៍ដូច្នេះថា ៖ «វាជាឧប្បត្តិហេតុមួយនៅក្នុងបេសកកម្មរបស់គាត់ ចៃដន្យគាត់[ហុក ឡងឌី]ត្រូវទៅបំពេញបេសកកម្មនៅខេត្តស្វាយរៀង។ ឥឡូវនេះ ក្រុមកោសល្យវិច័យមួយគេទៅពិនិត្យមើលកន្លែងកើតហេតុ គឺអ្នកបច្ចេកទេសខាងកប៉ាល់ហោះ។ អ៊ីចឹង យើងចាំស្ដាប់លទ្ធផលរបស់គេហ្នឹងសិន»។
តាមលោកឧត្តមសេនីយ៍ផ្កាយ៣ប៉ូលិស សុខ ផល បានឲ្យដឹងដែរថា តាមរបាយការណ៍ដែលលោកទទួលបាន ក្រោយពេលយន្តហោះឆេះនិងធ្លាក់មក សាកសពលោក ហុក ឡងឌី បានខ្ទាតចេញពីយន្តហោះប្រមាណ៥ម៉ែត្រ ពីកន្លែងកើតហេតុ ប៉ុន្តែសាកសពនៅមានសភាពទាំងមូល និងបច្ចុប្បន្ននេះកំពុងតម្កល់ទុកនៅគេហដ្ឋាននៅក្រុងភ្នំពេញដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយតាមគម្រោង សពនេះនឹងយកទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនៅបាវិត ខែត្រស្វាយរៀង។
លោកឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា ក្រោយពេលលោក ហុក ឡងឌី បានទទួលមរណភាព មានការតែងតាំងលោកអគ្គស្នងការរង នេត្រ សាវឿន ជាអគ្គស្នងការស្តីទីប៉ូលិសជាតិជាបណ្តោះអាសន្ន ៖ «ឯកឧត្តម នេត្រ សាវឿន ជាអគ្គស្នងការស្ដីទី បច្ចុប្បន្ន»។
ចំណែកមន្រ្តីនៃអង្គការសិទ្ធិមនុស្ស អាដហុក ប្រចាំខែត្រស្វាយរៀង លោកស្រី កើត ផល្លី ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុនិងបានសាកសួរប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានមានប្រសាសន៍ឲ្យដឹងថា ៖ «ពេលកប៉ាល់ហោះ ហោះពីលិចមកហ្នឹង វាទាប គឺទាបតាំងពីដូនស ទៅ ទាបទៅៗ ក៏ទៅធ្លាក់នៅម្ដុំត្រង់ហ្នុង គេហៅថា ភូមិព្រៃចៀវ ឃុំកំពង់ចក ស្រុករំដួល ហើយបើតាមខ្ញុំសួរប្រជាពលរដ្ឋដែលរស់នៅកន្លែងហ្នុង កប៉ាល់ហោះធ្លាក់ហ្នុង មើលទៅមិនមានការឆេះពីលើមកទេ គឺវាធ្លាក់ចុះមកដល់ក្រោមហើយ ...ធ្លាក់មកក្នុងទឹកស្រែ ក្បែរត្រពាំង ពេលហើយ វាបុកធ្លាក់ទៅ វាផ្ទុះ ឆេះអស់នៅសល់តែកម្ទេចតែម្ដង។ សាកសពអត់មាននៅមូលមួយកន្លែងទេ គឺខ្ទាត»។
លោក ហុក ឡងឌី ជាមន្រ្តីប៉ូលិសជាតិជាន់ខ្ពស់និងជាសមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា។ លោកធ្លាប់កាន់តំណែងជាន់ខ្ពស់ជាច្រើន ដូចជា អភិបាលខែត្រស្វាយរៀង អភិបាលក្រុងភ្នំពេញ ហើយលោកក៏ជាដន្លងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀតផង៕