អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែសីហា នៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើកម្លាំងសមត្ថកិច្ចប្រមាណជាជិត ១០០នាក់ ដើម្បីធ្វើការអូសទាញរុញច្រាន និងលើកប្រជាពលរដ្ឋដែលមកពីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យឡើងលើរថយន្តទៅស្រុកវិញ ខណៈនោះបានធ្វើឲ្យស្រ្តីម្នាក់ខ្យល់ និងដួលសន្លប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ស្រ្តីម្នាក់ក្នុងចំណោមអ្នកភូមិប្រមាណជា ៧០នាក់ នៅភូមិអណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងរុញគាត់ឲ្យឡើងលើរថយន្ត បានថ្លែងថា នេះជាលើកទីបួនហើយដែលពួកគាត់បានធ្វើដំណើរមកខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ចំនួន ៤១៥គ្រួសារ ដែលឈ្មោះ ឡុង ស៊ីណារ៉េ និង សោម វណ្ណធឿន ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសរំលោភយកចំនួន ១.៦៧២ហិកតា ហើយលក់ឲ្យក្រុមហ៊ុនដាំដើមកៅស៊ូបន្ត និងសុំឲ្យដោះលែងតំណាងឈ្មោះ ហ៊ុន ហេងលី មានសេរីភាពឡើងវិញ។
ស្ត្រីអ្នកតវ៉ាម្នាក់ឲ្យដឹងដូច្នេះ ៖ «ធ្វើដូចព្រៃផ្សៃហួស ខ្ញុំអត់ទទួលទេៗ រំលោភសិទ្ធិខ្ញុំទាំងស្រុង។ ឆ្នាំទៅគេដុតផ្ទះខ្ញុំអស់ ឥឡូវឆ្នាំនេះគេរើផ្ទះខ្ញុំអស់ តើឥឡូវខ្ញុំទៅនៅត្រង់ណា? អយុត្តិធម៌ណាស់ៗ សម្ដេច ហ៊ុន សែន ជួយមើលប្រជារាស្ត្រផង»។
ស្ត្រីម្នាក់ឈ្មោះ ម៉ក់ ធួក អាយុ ៥៣ឆ្នាំ និយាយបណ្ដើរយំបណ្ដើរ បានសុំឲ្យអាជ្ញាធរសន្យាជាលាយលក្ខណ៍អក្សរដល់ប្រជាពលរដ្ឋមុននឹងបញ្ជូនពួកគាត់ត្រឡប់ទៅវិញ។
អ្នកស្រី ម៉ក់ ធួក មានប្រសាសន៍ថា ៖ «ដីខ្ញុំបួនប្រាំហិកតាគេយកអស់រលីង។ ខ្ញុំអត់ទៅទេ ទាល់តែខេត្តដាក់ខសន្យា ហើយមានធ្វើជាលិខិតអីច្បាស់លាស់មក ដោះលែងតំណាងខ្ញុំ ហើយប្រគល់ដីឲ្យខ្ញុំវិញបានខ្ញុំទៅ...»។
ក្នុងគ្រាដែលកម្លាំងសមត្ថកិច្ចចាប់បង្ខំប្រជាពលរដ្ឋដាក់រថយន្តនោះ មន្ត្រីអាជ្ញាធរខណ្ឌចំការមនម្នាក់បានថ្លែងដូច្នេះ ៖ «ឡានគេអត់គិតលុយទេ បើនៅទីនេះគ្មានអ្នកណាដោះស្រាយឲ្យបានទេ ទៅខេត្តទៅ»។
នាយខុទ្ទកាល័យសាលាខេត្តបាត់ដំបង លោក ប៉ោ ប្រង់ ដែលបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋបានសន្យាថា លោកនឹងជួយពិនិត្យរកដំណោះស្រាយពីបញ្ហាដីធ្លីនេះ រីឯបញ្ហាសុំឲ្យដោះលែងតំណាងឈ្មោះ ហ៊ុន ហេងលី នោះ លោកនឹងធ្វើការពិចារណាសិន។ ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការដោះស្រាយ ហើយមានគម្រោងធ្វើដីសម្បទានជូនប្រជាពលរដ្ឋ ៖ «ត្រៀមចាំតែបងប្អូនទៅដោះស្រាយហើយ»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក មានប្រសាសន៍ថា ទង្វើរបស់អាជ្ញាធរមានសមត្ថកិច្ចនេះ គឺជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំដាក់សម្ពាធឲ្យប្រជាពលរដ្ឋត្រឡប់ទៅវិញទាំងមិនអស់ចិត្ត ហើយមិនទាន់មានការដោះស្រាយផងនោះ។
លោក ចាន់ សុវ៉េត មានប្រសាសន៍ដូច្នេះ ៖ «យើងខ្ញុំក៏មានការសោកស្ដាយដែរ អាជ្ញាធរមិននិយាយឲ្យបានច្បាស់លាស់ជាងហ្នឹង ដើម្បីឲ្យគាត់អាចទទួលយកបាន។ អ្នកដែលមកនិយាយដោះស្រាយហ្នឹង គឺអ្នកដែលមិនមានលទ្ធភាពដោះស្រាយ អ៊ីចឹងធ្វើឲ្យគាត់លែងមានជំនឿហើយ»។
ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋដែលជាគ្រួសារអតីតទាហានខ្មែរក្រហមផ្ដាច់ខ្លួនឆ្នាំ១៩៩៩ នៅកងពលលេខ១៨ រស់នៅចំណុចភូមិអណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអូសបន្លាយតាំងពីឆ្នាំ២០០៧មក ដោយពួកគាត់បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រហូតដល់ក្រសួងការពារជាតិ និងឡើងមកតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីរយៈពេល ៤ដងមកហើយ៕