អ្នកស្រី ទេព ស៊ីវន ម្តាយរបស់យុវជនរងគ្រោះបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៣ វិច្ឆិកាថា ប៉ូលិសចរាចរណ៍បានហៅកូនប្រុសគាត់ដើម្បីត្រួតពិនិត្យ តែដោយប្រព័ន្ធហ្វ្រាំងមានបញ្ហា កូនគាត់មិនអាចឈប់ភ្លាមតាមបញ្ជា ក្រុមប៉ូលិសបានខឹងសម្បាហើយវាយកូនគាត់ឲ្យបែកក្បាល។ អ្នកស្រីបានអំពាវនាវឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តជួយរកយុត្តិធម៌ឲ្យកូនអ្នកស្រី។
អ្នកស្រី ទេព ស៊ីវន បានឲ្យដឹងដូច្នេះ ៖ «ក្នុងនាមយើងជាប៉ូលិសចរាចរណ៍បើថា យ៉ាងម៉េចមិនគួរណាប្រើអំពើហិង្សាអ៊ីចឹងទេ។ ចង់ឲ្យផ្នែកច្បាប់រកយុត្តិធម៌ឲ្យកូនខ្ញុំ»។
យុវជនឈ្មោះ នៅ សុភ័ណ អាយុ២១ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ត្រូវរងរបួសក្បាលជាទម្ងន់ដោយការវាយដោយដំបងពីសំណាក់ប៉ូលិសចរាចរណ៍ក្រុងពោធិ៍សាត់ ក្នុងដំណើរចេញពីក្រុងពោធិ៍សាត់ បន្ទាប់ពីនាំម្តាយមករកទិញម៉ូតូមួយគ្រឿងយកទៅប្រើប្រាស់។
មិនអាចទាក់ទងសុំការបំភ្លឺពីប៉ូលិសចរាចរណ៍ឈ្មោះ ហែម ស៊ុនរ៉េត បានទេនៅល្ងាចថ្ងៃ២៣ វិច្ឆិកា។
អធិការរងប៉ូលិសក្រុងពោធិ៍សាត់ ទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ លោក អ៊ឹម ផៃហួរ មានប្រសាសន៍ពន្យល់ចំពោះឧប្បត្តិហេតុខាងលើថា ជារឿងចៃដន្យមួយ។ លោកក៏ទទួលស្គាល់ដែរថា នេះជាកំហុសរបស់មន្ត្រីប៉ូលិសរបស់លោក តែជាកំហុសដោយអចេតនាប៉ុណ្ណោះ។
លោក អ៊ឹម ផៃហួរ មានប្រសាសន៍ដូច្នេះ ៖ «អ្នកដែលរងគ្រោះហ្នឹងគាត់អត់គោរពច្បាប់ចរាចរណ៍ ព្រោះសមត្ថកិច្ចយើងបានផ្លុំកញ្ចែពីរបីស្កាត់ គាត់មិនព្រមឈប់ទេ ដល់អ៊ីចឹងទៅមន្រ្តីខ្ញុំនៅគោលដៅចុងគេក៏យកដំបងជ័រ ដំបងចរាចរណ៍ញោះទៅ ដល់ញោះទៅក៏ទៅមុខទៀត អត់ត្រឡប់មកវិញទេ ស្រាប់តែប្រហែលជាមានឈាមមានអីក៏បកមកវិញទៅ»។
អធិការរងប៉ូលិសក្រុងពោធិ៍សាត់ លោក អ៊ឹម ផៃហួរ មានប្រសាសន៍ទៀតថា ចំពោះករណីខាងលើ លោកនឹងដាក់ពិន័យមន្ត្រីលោកទៅតាមកំហុសផងដែរ ដើម្បីជាគំរូសម្រាប់មន្ត្រីប៉ូលិសផ្សេងទៀតដែលនៅក្រោមបង្គាប់លោកកុំឲ្យប្រព្រឹត្តដូច្នោះទៀត។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ ប្រចាំខេត្តពោធិ៍សាត់ គឺលោក សឺន សែនករុណា បានចាត់ទុកសកម្មភាពនេះថា ជាការរំលោភសិទ្ធិមនុស្សមួយរបស់មន្ត្រីអនុវត្តន៍ច្បាប់។
លោក សឺន សែនករុណា ឲ្យដឹងដូច្នេះ ៖ «ប៉ូលិសគាត់យល់ដឹងពីច្បាប់ហើយ គាត់មកប្រើប្រាស់បង្ករបួសស្នាមអ៊ីចឹងវាជាករណីរំលោភសិទ្ធិមនុស្សហើយ ព្រោះគាត់ជាសមត្ថកិច្ច»។
ជារឿយៗប្រជាពលរដ្ឋតែងមានប្រតិកម្មតវ៉ាចំពោះប៉ូលិសចរាចរណ៍ថា បានអនុវត្តហួសពីតួនាទីរបស់ខ្លួន និងប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋ។ ឯសមត្ថកិច្ចប៉ូលិសបានត្អូញត្អែរថា ប្រជាពលរដ្ឋខ្លះមិនព្រមចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងខ្លះទៀតថែមទាំងបានផ្គើនដាក់ប៉ូលិសវិញផង៕