អំពើពុករលួយជាលក្ខណៈប្រព័ន្ធបានចាក់ឫសយ៉ាងជ្រៅ និងស្មុគស្មាញនៅក្នុងសង្គមកម្ពុជា តាមរយៈគ្រួសារនិយម បក្សពួកនិយម ហើយដែលកត្តាទាំងនេះ បាននាំឲ្យមានការព្រួយបារម្ភចំពោះលទ្ធភាពនៃការរំលោភអំណាច។
អ្នកវិភាគផ្នែកទស្សនៈវិទ្យាសាស្ត្រនយោបាយ លោក ចិត្ត ជលសា មានប្រសាសន៍ថា គ្រួសារនិយមក្នុងជូរអ្នកមានអំណាចនាំមកនូវមនោសញ្ចេតនា មនោសញ្ចេតនាអាចនាំមកនូវអំពើពុករលួយយ៉ាងសុខសាន្ត ដោយសារស្ថាប័នអនុវត្តច្បាប់ខ្លាចមិនហ៊ានប្ដឹង មិនហ៊ានចាប់ចង ឬមិនហ៊ានកាត់សេចក្ដីនោះឡើយ៖ «ប្រព័ន្ធហ្នឹងវាមានលក្ខណៈស្មុគស្មាញរហូតដល់មានការប្រព្រឹត្តអំពើពុករលួយធំដំហើយទៅជារឿងអាងខ្នង និងអន្តរាគមន៍។ ហើយវប្បធម៌អន្តរាគមន៍កម្ពុជាហ្នឹងកើតចេញអំពីសាច់ញាតិបងប្អូនតាំងពីតូចរហូតដល់ធំហ្នឹងឯង។ ហើយវប្បធម៌បែបនេះគឺជាវប្បធម៌មួយដែលធ្ងន់ធ្ងរបំផុត ដែលនាំឲ្យអ្នកមានអំណាចជិះជាន់អ្នកក្រីក្រ នាំឲ្យអ្នកមានលុយធ្វើអ្វីស្រេចតែនឹងចិត្ត នាំឲ្យប្រទេសខិតទៅរកភាពវិនាស»។
កាសែត Asia Time Online កាលពីឆ្នាំ២០០៧ បានចុះផ្សាយបន្តតាមកាសែតភ្នំពេញប៉ុស្តិ៍ថា មង្គលការរបស់កូនអ្នកមានអំណាចនៅកម្ពុជាភាគច្រើនរៀបចំឡើងក្នុងហេតុផលនយោបាយ អំណាច និងលុយកាក់។
កាសែតនោះបានរាយការណ៍ថា អ្នកស្រី ហ៊ុន គឹមឡេង ដែលត្រូវជាកូនស្រីរបស់លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបការជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ខណៈលោក ហ៊ុន សៀងហេង កូនប្រុសរបស់ ហ៊ុន ណេង បានរៀបការជាមួយអ្នកស្រី សុខ សុភ័ក្រ្ត កូនស្រីរបស់លោក សុខ ផល ស្នងការរងនៃអគ្គស្នងការនគរបាលជាតិ។
ចំណែកលោក ហ៊ុន ម៉ានិត អាយុ២៩ឆ្នាំ ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរៀបមង្គលការជាមួយអ្នកស្រី ហុក ចិន្តាវី កូនស្រីរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលបានស្លាប់ដោយធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០១០។ កូនប្រុសរបស់លោក ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ហ៊ុន ម៉ានី អាយុ២៨ឆ្នាំ បានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយអ្នកស្រី យឹម ឆាយលីន ដែលជាកូនស្រីរបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ។ រីឯកូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ហ៊ុន ម៉ាលី អាយុ២៧ឆ្នាំ បានរៀបការជាមួយលោក សុខ ពុទ្ធីយុទ្ធ ជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាដៃស្ដាំរបស់លោក ហ៊ុន សែន និងជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក សុខ អាន ក៏មានតួនាទីជាប្រធានអាជ្ញាធរខ្លឹមៗជាច្រើនទៀត ក្នុងនោះរួមមានអាជ្ញាធរអប្សរា និងអាជ្ញាធរប្រេងកាតកម្ពុជាជាដើម។
លោក ហ៊ុន សែន និង លោក សុខ អាន មានទំនាក់ទំនងអំណាចយ៉ាងជិតស្និតជាមួយគ្នាចាប់តាំងពីទសវត្សទី៨០ ខណៈលោក ហ៊ុន សែន ជារដ្ឋមន្ត្រីក្រសួងការបរទេស ហើយលោក សុខ អាន កាលណោះជាអគ្គនាយកនៃការិយាល័យកិច្ចការបរទេស ហើយឥឡូវអ្នកទាំងពីរជាដន្លងនឹងគ្នា។ ចំណែកភរិយារបស់លោក ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហម ខណៈលោកស្រី សុខ អាន អានី ជាភរិយារបស់លោក សុខ អាន ជាអនុប្រធានកាកបាទក្រហមនោះ។
កាសែត Asia Time Online បានចុះផ្សាយផងដែរថា កូនស្រីរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិឈ្មោះ ហេង សំអាន បានរៀបការជាមួយលោក ប៉ែន កុសល់ ជាទីប្រឹក្សារបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហើយលោក ស ខេង ជាប្អូនថ្លៃរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច។ ចំណែកកូនប្រុសរបស់លោក ស ខេង ឈ្មោះ ស សុខា រៀបការជាមួយអ្នកស្រី កែ ស៊ុនសុភី ជាកូនស្រីរបស់លោក កែ កឹមយ៉ាន អតីតអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទ។
ដោយឡែកកូនស្រីរបស់លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឈ្មោះ ចម និមល ជាទីប្រឹក្សារបស់លោក ហេង សំរិន ហើយកូនស្រីរបស់លោកម្នាក់ទៀតឈ្មោះ ចម គ្រឹស្នា បានរៀបការជាមួយលោក សុខ ខាន់ កូនប្រុសរបស់លោក សុខ អាន។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការភ្ជាប់សាច់សារលោហិតរវាងកូនរបស់អ្នកមានអំណាច និងកូនអ្នកមានអំណាចនោះ គឺកាន់តែឆ្លុះបង្ហាញឲ្យឃើញអំពីការពង្រឹងរបបសក្ដិភូមិក្នុងចង្កោមឥស្សរជននយោបាយជាន់ខ្ពស់។
អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការចងចំណងអាពាហ៍ពិពាហ៍របស់កូនអ្នកកាន់អំណាចដូច្នេះ គឺមិនមែនជាសញ្ញាល្អនោះទេសម្រាប់ប្រទេស ពីព្រោះវាអាចនាំមកនូវការបង្កើតច្បាប់នានាមានលក្ខណៈលំអៀងទៅរកតែក្រុមអ្នកកាន់អំណាចប៉ុណ្ណោះ៖ «នេះមិនល្អទេ យ៉ាងម៉េចដល់តែចាក់ស្រេះអ៊ីចឹងទៅជាថ្នាក់ដឹកនាំអ៊ីចឹង គឺស្រទាប់មួយហ្នឹង គឺកាន់អំណាចរហូតទៅ ហើយពេលធ្វើច្បាប់ទម្លាប់អីសម្រាប់តែការពារផលប្រយោជន៍ ឬពង្រឹងអំណាចរបស់ខ្លួនហ្នឹង។ ហើយបើយើងយកទ្រឹស្ដីកាលម៉ាក់មកនិយាយវិញ គឺស្រទាប់ហ្នឹងគឺធ្វើអីរៀបចំតែស្ថាប័នរដ្ឋអីទាំងអស់ គឺដើម្បីតែការពារផលប្រយោជន៍ និងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏កៀបសង្កត់ស្រទាប់ក្រោមៗ ហើយមិនល្អទេ ដែលវាតែងតែមានបដិវត្តន៍ពីដើមៗ ហើយយើងក៏ធ្លាប់ជួបប្រទះអ៊ីចឹងដែរ»។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍កាលពីដើមខែតុលាកន្លងទៅនេះថា អំណាចនៃសេចក្ដីស្រលាញ់គឺពិបាកក្នុងការហាមប្រាមការរៀបការរវាងបុរស និងស្ត្រីណាស់ ហើយក៏មិនអាចមានការរើសអើងនោះដែរ។ លោកថ្លែងបន្តថា ការរៀបអាពាហ៍ពិពាហ៍នៃកូនរបស់ឥស្សរជននយោបាយនៅកម្ពុជានោះគ្រាន់តែការចៃដន្យប៉ុណ្ណោះ ហើយដែលមិនមែនការពង្រឹងអំណាចដូចការចោទប្រកាន់នោះឡើយ៖ «យើងឃើញថាក្មេងប្រុស និងក្មេងស្រីស្រឡាញ់គ្នា គឺជាការស្រឡាញ់របស់គេ ហើយមិនអាចមានការរើសអើងថាអ្នកនេះជាកូនអ្នកនោះ ឬអ្នកនោះកូនអ្នកនេះ ដែលមកចងក្រងជាមួយគ្នា។ អាហ្នឹងជារឿងចៃដន្យមួយ ដែលយើងមើលឃើញកូនអ្នកធំៗ ដែលជាឥស្សរជនហ្នឹងចងក្រងជាអាពាហ៍ពិពាហ៍ អាហ្នឹងគឺយើងឃើញហើយ។ ប៉ុន្តែមិនមែនបានសេចក្ដីថាអាពាហ៍ពិពាហ៍ជាចំណងនៃការពង្រឹងអំណាចរបស់ខ្លួនទេ។ មិនអាចថាអ៊ីចឹងបានទេ អ្នកមានអំណាចនៅតែទទួលទណ្ឌកម្មនៅពេលប្រព្រឹត្តខុស»។
ទាក់ទិនទៅនឹងសិល្បៈនៃការរចនាអំណាចតាមរយៈចំណងគ្រួសារ និងបក្សពួកនៅកម្ពុជានេះផងដែរ លោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយបានមានប្រសាសន៍នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ ដោយឲ្យនិយមន័យអំពីពាក្យថា អំណាចមានលក្ខណៈច្រើនប្រភេទ ក្នុងបរិបទគ្រួសារនិយម ការដឹកនាំ និងការធ្វើជំនួញ៖ «អំណាចជាទីសក្ការ ពីព្រោះអំណាចសម្រាប់ទ្រទ្រង់របររកស៊ី ទ្រទ្រង់វង្សត្រកូល ទ្រទ្រង់គំនិតណាមួយ ឧទាហរណ៍អំណាចជាទីសក្ការ មានន័យថា យ៉ាងម៉េច គឺមានន័យថា ប្រសិនបើអំណាចនោះបានទៅដល់ដៃបុរសណាម្នាក់ ដែលគេចង់កែសង្គម វាធ្វើឲ្យសង្គមហ្នឹងរីកចម្រើន ហើយប្រសិនបើអំណាចហ្នឹងបានទៅដល់ដៃអ្នករកស៊ីខុសច្បាប់នោះ វាងាយស្រួល»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនិយាយថា ចំណងសាច់សាលោហិតរបស់ក្រុមឥស្សរជននយោបាយជាន់ខ្ពស់នោះ គឺជាសក្ដានុពលមួយសម្រាប់ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចអាចបន្តត្រួតត្រាអំណាចរបស់ខ្លួនបានជាច្រើនជំនាន់ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសថា លោកនឹងបន្តដឹកនាំរហូតដល់អាយុ៩០ឆ្នាំ៕