មន្ត្រីព័ត៌មានអង្គការខុមហ្រ្វែលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត លោក ម៉ា សុផល បានឲ្យដឹងនៅថ្ងៃទី៨ ឧសភា ថាការបំភិតបំភ័យមកលើគណបក្សមិនកាន់អំណាចមានការកើនឡើង ដោយសារតែពេលវេលានៃការឃោសនារកសំឡេងគាំទ្រពីប្រជាពលរដ្ឋកាន់តែខិតជិតមកដល់ ។
លោក ម៉ា សុផល បានឲ្យដឹងថា ៖ «ប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថា មានករណីគំរាមកំហែងបំភិតបំភ័យមានការកើនឡើង ជាពិសេសទៅលើសកម្មជនដែលជាគណបក្សមិនកាន់អំណាច ជាការមួយគួរឲ្យព្រួយបារម្ភ» ។
នៅថ្ងៃទី៨ ឧសភានេះដែរ សម្ព័ន្ធអង្គការសង្គមស៊ីវិលបានចេញសេចក្តីអំពាវនាវរួមមួយ ស្នើឲ្យមានការធានានូវបរិយាកាសបោះឆ្នោតជាតិដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដោយបានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការគំរាមកំហែងនយោបាយ ជាពិសេសការគំរាមកំហែងទៅលើគណបក្សមិនកាន់អំណាច ។
ឆ្លើយតបនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិលខាងលើ តំណាងរាស្ត្រ ជាម យៀប មកពីគណបក្សកាន់អំណាចមានប្រសាសន៍ថា គោលការណ៍និងការដឹកនាំរបស់គណបក្សតែងតែអប់រំពួកគេឲ្យធ្វើតែអំពើល្អ ។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «ជួនកាលគណបក្សដទៃផ្សេងទៀតហ្នឹង យើងឃើញថា គេដូចជាអស់សង្ឃឹមនៅក្នុងការបោះឆ្នោតនៅពេលខាងមុខហ្នឹង គេប្រឌិតចេញនូវពាក្យខ្លះដើម្បីសម្អុយដើម្បីនឹងបង្ខូចបង្កាច់ដល់គណបក្សប្រជាជនក៏មានដែរ» ។
ចំណែកឯអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា បានឲ្យដឹងថាសភាពការណ៍មុនបោះឆ្នោតជាតិខាងមុខនេះ មានសភាពល្អជាងការបោះឆ្នោតពេលមុនៗ ហើយគ.ជ.ប.ក៍បានរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន សហការជាមួយក្រសួងមហាផ្ទៃនិងអាជ្ញាធរដែនដីដើម្បីត្រួតពិនិត្យសភាពការណ៍មុនពេលបោះឆ្នោតអាណត្តិទី៤នេះ ។
លោក ទេព នីថា បានបញ្ជាក់ថា ៖ «ហើយយើងមានការត្រួតពិនិត្យជាប្រចាំមានការផ្លាស់ប្ដូរព័ត៌មាន ។ ឧទាហរណ៍ថា អំពីការប្រជុំប្រចាំសប្ដាហ៍រវាងគណៈកម្មការខេត្តរៀបចំការបោះឆ្នោតជាមួយនឹងគណៈបញ្ជាការអែមជាតិរបស់ខេត្តក្រុងនីមួយៗដើម្បីត្រួតពិនិត្យសភាពការណ៍និងដោះស្រាយបញ្ហា ឬបង្ការបញ្ហាដែលអាចកើតមានឡើង ។ ហើយនៅចំពោះមុខនេះយើងនឹងធ្វើការដូចគ្នាទៀត គណបក្សដែលបានចុះឈ្មោះរហូតដល់ថ្ងៃនេះគឺមាន៦គណបក្សហើយ ។ សូមជម្រាបដែរថាគណបក្សទាំង៦នេះបានដាក់ពាក្យឈរឈ្មោះនៅគ្រប់ទាំង២៤ខេត្តក្រុង» ។
បើតាមសេចក្តីអំពាវនាវរួមរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលក៍បានឲ្យដឹងដែរថានៅមានករណីគំរាមផ្នែកនយោបាយទៅលើសកម្មជនគណបក្សដែលមាននិន្នាការប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាច ដូចជាតាមរយៈការប្តឹងរបស់អតីតសមាជិកគណបក្សដែលខ្លួនបានចាកចេញពីគណបក្សចាស់ ។ ទង្វើបែបនេះពិតជាមានចរិតជាការគំរាមកំហែងបែបនយោបាយ ដើម្បីឲ្យចុះខ្សោយការគាំទ្រពីអ្នកគាំទ្រតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ដូចជាករណីប្តឹងទៅលើព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ ជាដើម ៕