អង្គការសង្គមស៊ីវិលបានហៅការចោទប្រកាន់នេះថា ជាការគំរាមកំហែងបំបាក់ស្មារតីសកម្មជននយោបាយគណបក្សជំទាស់។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន បានសុំឲ្យតុលាការសាលាដំបូងខេត្តកំពង់ធំ ទម្លាក់ចោលការចោទប្រកាន់សកម្មជនទាំង ៤នាក់របស់គណបក្ស សម រង្ស៊ី ពីព្រោះការចោទប្រកាន់នេះគ្មានមូលដ្ឋានភស្តុតាងគ្រប់គ្រាន់ច្បាស់លាស់។
តុលាការខេត្តកំពង់ធំ កាលពីដើមខែកក្កដា បានចោទប្រកាន់សកម្មជនបក្ស សម រង្ស៊ី ទាំង ៤នាក់ រួមមាន លោក គឹម ហុង ជំទប់ទី២ នៅឃុំក្រយា នៅស្រុកប្រាសាទបល្ល័ង្ក, ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក លោក អ៊ុក ថន និងសកម្មជន លោក កុយ គឿន និងលោក ចោម ជាវ បន្ទាប់ពីពួកគាត់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចស្រុកប្រាសាទបល្ល័ង្ក ពីការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកភូមិ ដោយមានពាក្យចចាមអារ៉ាមថា មានខ្លាក្រដាសដើរចាក់មនុស្ស។
លោក ហង្ស ឆាយា អ្នកសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី២២ កក្កដា ថា សកម្មជនទាំង ៤រូបគ្រាន់តែសម្ដែងនូវការព្រួយបារម្ភរបស់គាត់អំពីសុវត្ថិភាពរបស់អ្នកភូមិ គាត់មិនបានញុះញង់អ្នកភូមិឲ្យព្រួយបារម្ភទេ។ លោកថា ការចោទប្រកាន់មានលក្ខណៈជាចោទប្រកាន់នយោបាយជាជាងអំពើភេរវកម្ម។ ការចោទប្រកាន់នេះជាគំនាបមិនឲ្យសកម្មជនបក្សប្រឆាំងធ្វើការងារបក្សរបស់ខ្លួន។
លោក ហង្ស ឆាយា បានបញ្ជាក់ថា ៖ «...វាអាចពាក់ព័ន្ធនឹងនិន្នាការនយោបាយ ពីព្រោះ ទី១ ពាក់ព័ន្ធនឹងសកម្មជនរបស់គណបក្សប្រឆាំង គណបក្ស សម រង្ស៊ី ហើយរឿងហ្នឹងវាពាក់ព័ន្ធរយៈពេលជិត ១ឆ្នាំហើយ! រឿងចាស់ទេ...»។
លោក ហង្ស ឆាយា បន្ថែមថា បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិលកំពុងស្វែងរកមេធាវីដើម្បីជួយពួកគាត់។
ព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក ប៉ែន សារ៉ាត មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ដែរថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់អ្នកទាំង ៤ ពីបទភេរវកម្ម។ លោកថា អ្នកទាំង ៤ បានញុះញង់ឲ្យអ្នកភូមិបារម្ភពីសន្តិសុខក្នុងភូមិ។
លោក ប៉ែន សារ៉ាត បានអះអាងថា ៖ «គេស៊ើបទៅ ភាគច្រើនតាមការចង្អុលបង្ហាញរបស់សាក្សី គឺគាត់អ្នកដើរបង្កើតបញ្ហា ធ្វើឲ្យប្រជាជនច្រួលច្របល់! វាមិនមែនជាពាក្យខ្លាក្រដាសទេ អាហ្នឹងគឺការបំផុសចលនា ចលនាសតិអារម្មណ៍មនុស្ស ដើម្បីឲ្យមានការភ័យខ្លាច...»។
លោក ប៉ែន សារ៉ាត បន្ថែមថា តុលាការកំពុងបន្តការស៊ើបអង្កេតបន្ថែម ប៉ុន្តែមិនទាន់ដល់ដំណាក់កាលនាំខ្លួនអ្នកទាំង ៤ ដាក់ពន្ធនាគារនៅឡើយទេ។ លោកថា ទោះបីជាអ្នកទាំង ៤ គ្មានអាវុធក៏ដោយ ក៏ច្បាប់អនុញ្ញាតឲ្យចោទប្រកាន់អ្នកទាំងនេះពីបទភេរវកម្មបានដែរ។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ នៅថ្ងៃព្រហស្បតិ៍ ហៅការចោទប្រកាន់តុលាការខេត្តកំពង់ធំ ថាជាការអស់សំណើច។ លោកថា ករណីនេះជាករណីនយោបាយ ពីព្រោះមានការព្រួយបារម្ភពីប្រជាប្រិយភាពរបស់គណបក្សជំទាស់ក្នុងខេត្ត៕