សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដាក់​ឱសានវាទ​ដល់ មូរ សុខហួរ

អយ្យការ​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ដំណឹង បង្គាប់​ឲ្យ​លោកស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បង់​ប្រាក់​ពិន័យ​ទៅ​រតនាគារ​ជាតិ ដាក់​ជា​ថវិកា​របស់​រដ្ឋ បើ​មិន​ដូច្នោះ​ទេ តុលាការ​នឹង​បញ្ជា​ឲ្យ​​ចាប់​ខ្លួន​លោកស្រី​ដាក់​ពន្ធនាគារ។

0:00 / 0:00

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សុខ រឿន នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ បាន​ចេញ​ដីកា​ឲ្យ​ដំណឹង សម្រេច​ឲ្យ​លោកស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី បង់​ប្រាក់​ពិន័យ​ចំនួន ៨,៥​លាន​រៀល​ចូល​ជា​ថវិកា​រដ្ឋ ដោយ​កំណត់​រយៈពេល​ចុង​ក្រោយ ១០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ​ត​ទៅ បើ​មិន​ដូច្នេះ​ទេ សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​លោកស្រី​ដាក់​គុក។

ដីកា​លេខ​៩១ ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​បញ្ជាក់​ថា ដើម្បី​ការពារ​ផល​ប្រយោជន៍​នៃ​ច្បាប់​ចំពោះ​ការ​អនុវត្ត​សាលដីកា​លេខ​៥៨ ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១០ របស់​តុលាការ​កំពូល​ឲ្យ​មាន​ប្រសិទ្ធភាព និង​សំណុំ​រឿង​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លេខ​៦៩ ចុះ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១០។ អយ្យការ​អម​សាលា​ដំបូង​សម្រេច​ជា​ចុង​ក្រោយ​ឲ្យ​លោកស្រី មូរ សុខហួរ បង់​ប្រាក់​ពិន័យ​នេះ​នៅ​អង្គភាព​រតនាគារ​រាជធានី​ភ្នំពេញ។ បើ​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ទេ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំ​ខ្លួន ដើម្បី​បង្ខំ​ដល់​រួប​កាយ​តាម​ច្បាប់​ត​ទៅ។

លោកស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ខែត្រ​កំពត បាន​មាន​ប្រសាសន៍​ថា លោកស្រី​បាន​ទទួល​ដីកា​ឲ្យ​ដំណឹង​នេះ​ហើយ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ ប៉ុន្តែ​លោកស្រី​នៅ​តែ​បដិសេធ​ថា លោកស្រី​មិន​ព្រម​បង់​ប្រាក់​តាម​ដីកា​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នេះ​ទេ លោកស្រី​សុខ​ចិត្ត​ឲ្យ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ ដើម្បី​បង្ហាញ​ពី​តុលាការ​មិន​ឯករាជ្យ ដែល​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​នោះ។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ទុក​ជូន​ទៅ​តុលាការ​ចាត់​វិធានការ គឺ​ក្នុង​នាម​ថា ខ្ញុំ​មិន​ទទួល​យក​នូវ​អ្វី​ដែល​ជា​តុលាការ​មិន​អព្យាក្រឹត ហើយ​ដែល​ជា​តុលាការ​នយោបាយ​បាន​ទេ។ ប្រសិន​បើ​យើង​នៅ​តែ​ទុក​ខ្លួន​យើង​ទទួល​រង​គ្រោះ​នឹង​តុលាការ​របៀប​ហ្នឹង តើ​ពេល​ណា​នឹង​អាច​កែ​ទម្រង់​បាន?»

តុលាការ​រាជធានី​ភ្នំពេញ និង​រតនាគារ​រាជធានី​ភ្នំពេញ បាន​ដាក់​ការ​កំណត់​ឲ្យ​លោកស្រី មួរ សុខហួរ បង់​ប្រាក់​ពិន័យ​ចំនួន ១៦​លាន ៥​សែន​រៀល ក្នុង​ករណី​ដែល​តុលាការ​កម្ពុជា កាត់​ឲ្យ​លោកស្រី​ចាញ់​ក្តី​ករណី​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មិថុនា កន្លង​ទៅ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ចំពោះ​ករណី​លោកស្រី មួរ សុខហួរ ថា ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល និង​ការ​ដើរ​ចូល​ពន្ធនាគារ ជា​ជម្រើស​របស់​លោកស្រី វា​មិន​ទាក់ទង​នឹង​ការ​សម្រេច​របស់​តុលាការ​ទេ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បាន​លើក​ឡើង​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​អំពី​ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ទាន់​មាន​ភាព​ឯករាជ្យ​ទាំង​ស្រុង​នៅ​ឡើយ​ដែរ។

ប៉ុន្តែ​លោក សុក សំអឿន បាន​បញ្ជាក់​អំពី​ករណី​លោកស្រី មូរ សុខហួរ ដូច្នេះ ៖ «ក៏​ប៉ុន្តែ​ដើម្បី​នីតិ​រដ្ឋ​គាត់​ត្រូវ​តែ​បង់ ទោះ​​បី​តុលាការ​ហ្នឹង​គាត់​គោរព ឬ​មិន​គោរព​ក៏​ដោយ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​នីតិ​រដ្ឋ​គាត់​ត្រូវ​ធ្វើ​គំរូ»

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បាន​រិះគន់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ចំនួន ១០​ថ្ងៃ​របស់​លោក​ថា កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា៕