មេធាវីការពារក្ដីឲ្យលោក សយ សុភាព គឺលោក គួយ ធុនណា បានឲ្យដឹងថា លោកបានទទួលដីកាពីសាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី២២ ខែមីនា ដើម្បីឲ្យកូនក្ដីរបស់លោកចូលខ្លួនបំភ្លឺនៅចុងខែមីនានេះ។ ប៉ុន្តែលោក គួយ ធុនណា បានអះអាងថា កូនក្ដីរបស់លោក និងលោក សឺន ស៊ូប៊ែរ្តិ៍ ដែលជាឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានមូលនិធិសម្ដេច សឺន សាន ផងនោះ ធ្លាប់បានធ្វើការសម្រុះសម្រួលគ្នាម្ដងរួចហើយ។
លោក សយ សុភាព អ្នកធ្វើអត្ថាធិប្បាយនៅទូរទស្សន៍បាយ័ន ត្រូវបានកូនប្រុសអតីតឥស្សរជននយោបាយបវរសេដ្ឋា សឺន សាន គឺលោក សឺន ស៊ូប៊ែរ្តិ៍ ប្ដឹងពីបទបរិហារកេរ្តិ៍ទាក់ទងនឹងការធ្វើអត្ថាធិប្បាយរបស់លោក កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅថា លោក សឺន សាន បានឃុបឃិតជាមួយលោក ខៀវ សំផន អតីតប្រមុខរដ្ឋនាសម័យខ្មែរក្រហម លក់ទឹកដីខ្មែរឲ្យថៃ នៅគ្រាដែលលោកធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះត្រីភាគីនៅតំបន់ទល់ដែនខ្មែរ-ថៃ អំឡុងទសវត្សរ៍ឆ្នាំ៨០។
លោក សយ សុភាព បានបញ្ជាក់ថា បទអត្ថាធិប្បាយរបស់លោកគ្មានអ្វីខុសឡើយ ហើយបន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយភ្លាមៗ លោកក៏បានផ្សាយអំពីវីរភាពរបស់លោកបវរសេដ្ឋា សឺន សាន វិញហើយដែរ បន្ទាប់ពីលោកបានទទួលលិខិតពីលោក សឺន ស៊ូប៊ែរ្តិ៍ ឲ្យលោកផ្សាយកែតម្រូវឡើងវិញនោះ។
ទោះជាយ៉ាងនេះក្ដី លោក សឺន ស៊ូប៊ែរ្តិ៍ បានមានប្រសាសន៍ថា កន្លងមកលោកបានទុកពេលឲ្យលោក សយ សុភាព ធ្វើការអធិប្បាយកែតម្រូវតាមកញ្ចក់ទូរទស្សន៍បាយ័នជាច្រើនសប្ដាហ៍មកហើយ ប៉ុន្តែលោក សយ សុភាព មិនបានធ្វើការកែតម្រូវនោះទេ។
លោក សឺន សាន មានដើមកំណើតកម្ពុជាក្រោម កើតនៅឆ្នាំ១៩១១ ហើយទទួលមរណភាពនៅឆ្នាំ២០០០ ក្នុងវ័យ ៨៩ឆ្នាំ។ លោកជាអតីតអ្នកនយោបាយល្បីល្បាញរបស់ខ្មែរចាប់តាំងពីសម័យទាមទារឯករាជ្យពីអាណានិគមនិយមបារាំងមក ហើយទន្ទឹមនឹងនោះ លោកគឺជាអ្នកប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្ត និងវៀតណាម ដ៏ខ្លាំងក្លាផងដែរ។
លោក សឺន ស៊ូប៊ែរ្តិ៍ បានបញ្ជាក់ថា ការធ្វើអធិប្បាយរបស់លោក សយ សុភាព នោះ គឺជាការប្រមាថមាក់ងាយ និងបង្ខូចដល់កិត្តិនាមសពឪពុកលោក និងក្រុមគ្រួសាររបស់លោកផងដែរ ដែលផ្ទុយពីការពិត ព្រោះថា ឪពុករបស់លោក សម្តេច សឺន សាន បានរួមចំណែកយ៉ាងខ្លាំងក្នុងការប្រឹងប្រែងដណ្ដើមប្រាសាទព្រះវិហារពីប្រទេសថៃមកវិញ។ ប៉ុន្តែយ៉ាងនេះក្ដី លោក សឺន ស៊ូប៊ែរ្តិ៍ បានពន្យល់ថា នៅក្នុងពេលនេះ បើសិនជាលោក សយ សុភាព ធ្វើការអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍បាយ័នកែតម្រូវឡើងវិញ និងទទួលកំហុសរបស់ខ្លួន លោកនឹងដកពាក្យបណ្ដឹងវិញ។
មេធាវីរបស់លោក សយ សុភាព បានឲ្យដឹងថា ក្រៅពីបណ្ដឹងរបស់លោក សឺន ស៊ូប៊ែរ្តិ៍ លោក សយ សុភាព នៅជាប់បណ្ដឹងនៅតុលាការចំនួនពីរករណីផ្សេងទៀត ដែលលោកទទួលការពារក្ដីឲ្យលោក សយ សុភាព៕